Home / កសិកម្ម / បទពិសោធន៍ធ្វើជីទឹកធម្មជាតិ ពីកាកសំណល់ផ្ទះបាយ និងស្ករត្នោត

បទពិសោធន៍ធ្វើជីទឹកធម្មជាតិ ពីកាកសំណល់ផ្ទះបាយ និងស្ករត្នោត

អ្នកមីង ភិន រ៉ាន់  ជាកសិកររស់នៅភូមិកញ្ជាង ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ។ គាត់មានបទពិសោធន៍ធ្វើជីទឹកស្រោច​លើ​ដំណាំធ្វើឲ្យដំណាំលូតលាស់ល្អខុសពីធម្មតា។ បទពិសោធន៍នេះ គាត់បានចេះពីកសិករថៃ នៅពេលដែលអង្គការសេដាក បានបញ្ជូនគាត់ឲ្យទៅធ្វើទស្សនកិច្ចសិក្សានៅប្រទេសថៃ។ អ្នកសូមចែករំលែកបទពិសោធន៍នេះ ដល់បងប្អូនកសិករទុកជាគំនិតសាកល្បងដូចខាងក្រោម។

១. ធាតុផ្សំ

  • ស្ករត្នោត ១គីឡូក្រាម
  • កាកសំណល់ផ្ទះបាយ ៣គីឡូក្រាម (ពិសេសឆ្អឹងត្រី បន្លែ បាយ។ល។)
  • បាយកក ៣ចានបាយ និង
  • ទឹក ១០លីត្រ។​

២. របៀបធ្វើ      

យកធាតុផ្សំទាំង៣ (ស្ករត្នោត កាកសំណល់ផ្ទះបាយ បាយកក) ដាក់បញ្ចូលគ្នារួចកូរឲ្យសព្វជា​មួយទឹកដាក់នៅក្នុងកូនពាង រួចយកស្បៃប្រហោងគ្របកុំឲ្យមានក្លិនជះមកខាងក្រៅ។ រយៈពេល២ទៅ៣ថ្ងៃ បើកគំរបពាងកូរម្តង។ ទឹកជីនេះត្រាំទុករយៈពេលពី២០-៣០ថ្ងៃ អាចយកទៅប្រើបានគឺនៅពេលដែលទឹកជីបន្ថយក្លិនស្អុយ និងមានពណ៌ទឹកតែ។

៣. របៀបប្រើ

ជីទឹកនេះ គាត់បានយកទៅប្រើស្រោចលើដំណាំដូចជា ផ្ទី ត្រកួន ជី ខ្ទឹមស្លឹក សណ្តែក ក្នុងបរិមាណទឹកជី១លីត្រ លាយទឹកធម្មតាចំនួន១០លីត្រ។ រយៈពេល៤-៥ថ្ងៃស្រោចម្តង។ ការស្រោចធ្វើនៅពេលល្ងាចត្រជាក់។ ទឹកជីនេះអាចរក្សាទុកបានរយៈពេលពី ៣ទៅ៤ខែ។

៤. លទ្ធផល និងចំណាប់អារម្មណ៍របស់កសិករក្រោយការប្រើជីទឹក

ក្រោយពីបានស្រោចជីទឹកនេះបាន២ដងមក គាត់សង្កេតឃើញថា ដំណាំរបស់គាត់មានការផ្លាស់ប្តូរ ដែលពីមុនលូតលាស់មិនសូវល្អស្លឹកក្រិនលឿង។ ក្រោយពីប្រើជីទឹកឃើញការលូតលាស់ស្ទុះលឿន (ដើមដង និងផ្លែ ស្លឹកធំ) ស្លឹកប្រែជាពណ៌បៃតង។ បទពិសោធន៍នេះត្រូវបានបងប្អូនគាត់ដែលរស់នៅជិតខាងចំនួន៣គ្រួសារយកទៅអនុវត្តតាម ហើយក៏ទទួលបានជោគជ័យដូចជារូបគាត់ដែរ។

បញ្ជាក់ អ្នកមីងបានបញ្ជាក់ថា ប្រសិនជាមានសត្វល្អិតបំផ្លាញច្រើនអាចដាក់ផ្លែស្លាក់ ឬផ្លែក្តួចចំនួន១គីឡូក្រាម ត្រាំជាមួយទឹកជីខាងលើ អាចកំចាត់សត្វល្អិតបានផងដែរ និងធ្វើឲ្យដំណាំលូតលាស់បានល្អ៕

ប្រភពទស្សនាវដ្តីកសិករ (ជីធម្មជាតិ) របស់អង្គការសេដាក

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ប៉ារ៉ាស៊ីត, ជំងឺកុកស៊ីដ្យូស៊ីស, ជំងឺខ្វិន, ជំងឺសួត, ជំងឺរលាកស្បែក, ជំងឺហើមពោះ, ជំងឺរលាកដោះ, ជំងឺអុតក្តាម, ជំងឺសារទឹក, ជំងឺបុស្តខ្យល់

ការការពារ និងការព្យាបាលប៉ារ៉ាស៊ីតខាងក្រៅ ការការពារមានប្រសិទ្ធភាពគឺចាប់ផ្តើមជាមួយការរក្សាក្រោល និងបរិវេណជុំវិញឲ្យបានស្អាតដោយពុំឲ្យមានប៉ារ៉ាស៊ីត។ ប៉ារ៉ាស៊ីត ឬចៃពងនៅតាមប្រហោងក្តារ ឬឈើដែលប្រេះ ដើម្បីជៀសវាងបញ្ហានេះ អ្នកត្រូវលាបទ្រុងពពែដោយប្រើប្រេងម៉ាស៊ីន។