Home / កសិកម្ម / ការរៀបចំសួនដំណាំជាលក្ខណៈគ្រួសារដើម្បីទប់ទល់នឹងបំរែបំរួលអាកាសធាតុ

ការរៀបចំសួនដំណាំជាលក្ខណៈគ្រួសារដើម្បីទប់ទល់នឹងបំរែបំរួលអាកាសធាតុ

សួនដំណាំជាលក្ខណៈគ្រួសារ មានសារៈសំខាន់ណាស់សម្រាប់គ្រួសារនិមួយៗដូចជាផ្តល់ស្បៀងអាហារ (បន្លែ ឈើហូបផ្លែ) ផ្តល់ចំណីសត្វ អាចលក់បង្កើនប្រាក់ចំណូលក្នុងគ្រួសារ ផ្តល់ការងារដល់សមាជិកគ្រួសារ និងធ្វើឲ្យទិដ្ឋភាពជុំវិញផ្ទះស្រស់បំព្រង។

ដើម្បី​រៀប​ចំសួនដំណាំឲ្យបានល្អ កសិករគួរយកចិត្តទុកដាក់លើចំណុចមួយចំនួនដូចខាងក្រោម៖

  1. មានការគ្រប់គ្រងថែរក្សាជីជាតិដីបានល្អ
  2. ជ្រើសរើសនិងទុកដាក់ពូជបានល្អ
  3. មានការគ្រប់គ្រង និងប្រើប្រាស់ទឹកសមស្រប
  4. ជ្រើសរើសប្រភេទដំណាំដាំដុះឲ្យបានសមស្របទៅតាមរដូវកាលដាំដុះនិមួយៗ
  5. មានការរៀបចំ និងអនុវត្តប្រព័ន្ធដាំដុះដំណាំបានល្អ និង
  6. ​ការពារដំណាំពីការបំផ្លាញផ្សេងៗ។

១. មានការគ្រប់គ្រងថែរក្សាជីជាតិដីបានល្អ

  • ​ដើម្បីឲ្យដីមានជីជាតិល្អ កសិករត្រូវប្រើជីធម្មជាតិដើម្បីរក្សាសំណើមរបស់ដីដូចជាជីកំប៉ុស លាមកសត្វពុកផុយ ឬជីស្រស់ (ពពួកសណ្តែក ស្នោ។ល។)

  • ដាំដំណាំគ្របដីដូចជា ដំឡូងជ្វា ល្ពៅ ឪឡឹក សណ្តែក ដើម្បីជួយឲ្យដីមានសំណើម មិនសឹករិចរិល

  • គ្របដីដោយប្រើកំទេចកំទីស្លឹករុក្ខជាតិ ចំប៉ើង គ្របនៅតាមរងដំណាំការពារកុំឲ្យស្ងួតហួតហែង។

២. ជ្រើសរើសនិងទុកដាក់ពូជបានល្អ

  • កសិករត្រូវចេះជ្រើសរើសពូជ និងទុកពូជដោយខ្លួនឯង ដែលធានានូវពូជសុទ្ធល្អ។ និងកាត់បន្ថយការចំណាយដោយការទិញពូជ

  • ជ្រើសរើសពូជដោយរើសយកដើមល្អ ផ្លែល្អ និងគ្រាប់ល្អ។ គ្រាប់ដែលល្អគឺជាគ្រាប់ដែលបានមកពីផ្នែកកណ្តាលនៃផ្លែ។ គេអាចធ្វើរបៀបនេះបានដូចជា ពពួកកួរផ្សេងៗទៀត។

៣. មានការគ្រប់គ្រង និងប្រើប្រាស់ទឹកសមស្រប

គោលបំណងសំខាន់ក្នុងការគ្រប់គ្រងទឹកគឺ លៃយ៉ាងណាកុំឲ្យដីស្ងួតពេក និងកុំឲ្យមានទឹកដក់ជាប់ ឬដីជាំទឹកខ្លាំងពេក។ មាន​ន័យថាធ្វើយ៉ាងណាឲ្យមានសំណើមសមរម្យល្អសំរាប់ការលូតលាស់របស់ដំណាំ។ គោលបំណងសំខាន់មួយទៀត គឺការប្រើប្រាស់ទឹកឲ្យមានប្រសិទ្ធភាព ជាពិសេសនៅរដូវរាំងស្ងួត។

  • បរិមាណទឺកដែលយើងត្រូវការស្រោចដំណាំ វាអាស្រ័យទៅលើប្រភេទដំណាំ រដូវកាល និងលក្ខណៈធម្មជាតិរបស់ដី
  • ជាទូទៅដំណាំត្រូវការទឹកច្រើននៅពេលកំពុងលូតលាស់ ​មុនពេលចេញផ្កា និងពេលចេញផ្កា
  • ដើម្បីគ្រប់គ្រងទឹកបាននៅរដូវប្រាំង ត្រូវធ្វើជាសួនរង្វង់ ឬចង្អូរកណ្តាលដើម្បីងាយស្រួលក្នុងការស្រោចទឹក

  • របៀបស្រោចដែលមានការបាញ់ទឹកជាចំហាយ

  • ដាំដំណាំច្រើនជាន់ឬដាំដំណាំកៀកៗគ្នា ដើម្បីងាយស្រោចទឹកតែមួយកន្លែង

  • ធ្វើការស្រោចដំណាំនៅពេលល្ងាចជាពេលដែលមានប្រសិទ្ធភាពបំផុត។ ចំពោះរដូវវស្សាដើម្បីជៀសវាងកុំឲ្យមានភាពជាំទឹកខ្លាំង គួរអនុវត្តនូវគំនិតសំខាន់ៗដូចខាងក្រោម៖
  1. ធ្វើចង្អូរដើម្បីជួយរំដោះទឹកចេញកុំឲ្យដីជាំទឹកខ្លាំង ឬជីកជារណ្តៅតូចៗក្នុងសួន ហើយក្នុងរណ្តៅនេះ គេមានដាក់មែកឈើ ស្លឹកឈើ ដើម្បីឲ្យទឹកជ្រាបហូរចូលទៅក្នុងដី
  2. លើកជារងខ្ពស់ៗសំរាប់ដាំដំណាំ​ ឬធ្វើរងរបៀបជាធ្នើរសំរាប់ដាំដំណាំ
  3. លៃយ៉ាងណាកុំឲ្យមានទឹកដក់ជាប់យូរ និងដីស្រទាប់លើមានភាពសើមជាប់ជានិច្ចពេក
  4. ចំពោះដីដែលមានភាពជាំទឹកខ្លាំង (ឧទាហរណ៍ដីឥដ្ឋពេក) គេត្រូវលាយបន្ថែមនូវដីខ្សាច់ ធ្យូងអង្កាម និងជីកំប៉ុស្ត។

៤. ជ្រើសរើសប្រភេទដំណាំដាំដុះឲ្យបានសមស្របទៅតាមរដូវកាលដាំដុះនិមួយៗ

  • ចំពោះកសិករដែលមានសួនល្អ គេតែងតែគិតគូរណាស់ក្នុងការជ្រើសរើសប្រភេទដំណាំសំរាប់ដាំ
  • ឧទាហរណ៍ រដូវប្រាំងគេដាំដំណាំដែលធន់នឹងភាពរាំងស្ងួត និងរដូវវស្សាគេដាំដំណាំដែលធន់នឹងភាពជាំទឹក
  • ឧទាហរណ៍ ប្រសិនបើដិមិនសូវមានជីជាតិ គេជ្រើសរើសដំណាំដែលមិនសូវត្រូវការជីជាតិច្រើន
  • មានភាពងាយស្រួលក្នុងការផលិត និងទុកដាក់ពូជ
  • ដំណាំដែលអាចឲ្យផលបានគ្រប់រដូវ និងត្រូវការជីជាតិច្រើន
  • ភាពងាយស្រួលក្នុងការផលិត និងទុកដាក់ពូជ
  • ជាដំណាំដែលអាចឲ្យផលបានគ្រប់រដូវ
  • ទន្ទឹមនឹងនេះ គេក៏ដាំរុក្ខជាតិឈើមួយចំនួនទៀតដែរដូចជា រលោះ ម្រុំ ស្តៅ កន្ធំថេត អង្គាដី។ល។ ដែលគេអាចយកមកប្រើជាបន្លែបានដែរ។

៥. ការរៀបចំនិងអនុវត្តន៍ប្រព័ន្ធដាំដុះដំណាំបានល្អ

  • ការរៀបចំប្រព័ន្ធចម្រុះ (ដាំដំណាំច្រើនមុខលើដីសួន) ផ្តល់ផលប្រយោជន៍ដល់ការការពារដំណាំ ពីព្រោះវានាំមកនូវភាពចំរុះនៃសត្វរស់នៅក្នុងសួននិងតុល្យភាពរវាងសត្វមានប្រយោជន៍ និងសត្វដែល បំផ្លាញដំណាំ
  • ការដាំដំណាំច្រើនមុខ ជួយដល់ជីជាតិដីដែរ ដោយដំណាំនិមួយៗមានតំរូវការ និងការស្រូបយកជីជាតិពីដីខុសៗគ្នា
  • ការដាំច្រើនមុខនាំឲ្យយើងទទួលផលដំណាំ​ដែលមានសារធាតុចិញ្ចឹមចំរុះគ្រប់មុខសំរាប់បរិភោគប្រចាំថ្ងៃ

  • ការដាំបង្វិល (ឧទាហរណ៍ រដូវនេះដាំសណ្តែកកួរ តែរដូវក្រោយដាំម្ទេស រដូវក្រោយដាំសណ្តែក និងផ្លាស់ប្តូរពីមុខដំណាំមួយទៅមុខដំណាំមួយទៀត រហូតទៅដល់សណ្តែកកួរវិញ
  • ការដាំច្រើនជាន់ (ដាំដំណាំវារឡើង ហើយនៅខាងក្រោមទ្រើងមានដាំដំណាំផ្សេងទៀត ជាពិសេសដំណាំដែលធន់នឹងម្លប់)

  • ការបញ្ចូលនូវដើមឈើក្នុងប្រព័ន្ធដាំដុះ (ដើមឈើសំខាន់ៗមួយចំនួនមានដូចជា អង្គាដី ដែលគេអាចដាំនៅក្នុងសួនបានដោយវាមិនសូវមានម្លប់ខ្លាំង អាចជួយស្រូបជីជាតិមកចិញ្ចឹមដំណាំដទៃទៀត)
  • ការដាំជារបងសួន ឧទាហរណ៍ ការដាំដើមកន្ធំថេត ស្តៅ ម្រុំ ស្អំ។ល។
  • ​ ការដាំចេក និងល្ហុងលាយជាមួយដំណាំផ្សេងៗដោយដាំចេក និងល្ហុងជាជួរហើយដាំចន្លោះកណ្តាលនៃរង។

៦. ការពារដំណាំពីការបំផ្លាញផ្សេងៗ

ជាទូទៅដំណាំរបស់យើង តែងតែមានជួបបញ្ហានូវការបំផ្លាញពីសត្វល្អិត និងជំងឺផ្សេងៗគ្រាន់តែការបំផ្លាញវាមានកំរិតខុសៗគ្នា។​​មានគំនិតមួយចំនួនដូចខាងក្រោម ដើម្បីការពារពីការបំផ្លាញរបស់សត្វល្អិត​ ជំងឺ៖

  • ​ យកចិត្តទុកដាក់លើការកែលំអ ថែរក្សាជីជាតិដី
  • ​ ជ្រើសរើសដំណាំឲ្យសមស្របទៅនឹងរដូវកាល និងទីកន្លែងដាំដុះ
  • ​ ជ្រើសរើស និងទុកដាក់ពូជឲ្យបានល្អ ហើយដកតែកូនដំណាំល្អទៅដាំ
  • ​ដាំកូនដំណាំនៅពេលល្ងាចត្រជាក់ ហើយធ្វើការគ្របកូនដំណាំការពារកម្ដៅថ្ងៃខ្លាំង នៅដំណាក់កាល ២ទៅ៣ថ្ងៃដំបូង
  • គ្រប់គ្រង និងថែរក្សាកូនដំណាំឲ្យបានល្អ
  • ការពារកំឲ្យសត្វល្អិតមកស៊ីដំណាំតាមរយ:ការចុះពិនិត្យសួនដោយយកចិត្តទុកដាក់
  • ដកស្មៅបំផុសដីបានល្អ
  • កុំដាក់ដំណាំកៀកគ្នាពេក ឬបើកៀកពេកត្រូវដកចោលខ្លះ
  • ដកចោលនូវដំណាំណាដែលមានការបំផ្លាញដោយជំងឺនិងសត្វល្អិតដើម្បីកំឲ្យឆ្លងទៅដំណាំដទៃទៀត
  • ដាំដំណាំចំរុះច្រើនមុខក្នុងចំការឬសួន ដើម្បីកាត់បន្ថយកា​របំផ្លាញពីសត្វល្អិត និងជំងឺ
  • មានការបង្ហូរទឹកបានល្អ ​ជៀសវាងកុំឲ្យដីមានភាពជាំទឹកយូរ
  • ស្គាល់សត្វល្អិតមានប្រយោជន៍ និងសត្វល្អិតចង្រៃបំផ្លាញដំណាំនៅក្នុងធម្មជាតិ(សត្វល្អិតមានប្រយោជន៍មាន កង្កែប គីង្កក់ ពស់ ពីងពាង ។ល។
  • ដាំដំណាំបណ្ដេញសត្វល្អិតចង្រៃ (ដំណាំដែលមានក្លិនក្រពុលដូចជា ជី ស្លឹកគ្រៃ ផ្កាស្បៃរឿង។ល។) ជាទូទៅគេតែងតែពិភាក្សាជាមួយអ្នកជិតខាង និងអ្នកមានបទពិសោធន៍ ឬដំណោះស្រាយផ្សេងៗ។ ​គេមិនឈានទៅរកការអនុវត្តរបៀបរហ័សតាមរយៈការប្រើថ្នាំពុលទេ ជាពិសេសថ្នាំពុលគីមី។
បច្ចេកទេសសំខាន់ៗក្នុងការរៀបចំសួនដំណាំ ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុមាន

  1. មានការគ្រប់គ្រងថែរក្សាជីជាតិដីបានល្អ
  2. ជ្រើសរើស និងទុកដាក់ពូជបានល្អ
  3. មានការគ្របគ្រង និងប្រើប្រាស់ទឹកសមស្រប
  4. ជ្រើសរើសប្រភេទដំណាំដាំដុះឲ្យបានសមស្របទៅតាមរដូវកាលដាំដុះនីមួយៗ
  5. មានការរៀបចំ និងអនុវត្តប្រព័ន្ធដាំដុះដំណាំបានល្អ និង
  6. ការពារដំណាំពីការបំផ្លាញផ្សេងៗ៕

ប្រភព បច្ចេកទេសកសិកម្មល្អៗ ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ (អង្គការសេដាក)

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ប៉ារ៉ាស៊ីត, ជំងឺកុកស៊ីដ្យូស៊ីស, ជំងឺខ្វិន, ជំងឺសួត, ជំងឺរលាកស្បែក, ជំងឺហើមពោះ, ជំងឺរលាកដោះ, ជំងឺអុតក្តាម, ជំងឺសារទឹក, ជំងឺបុស្តខ្យល់

ការការពារ និងការព្យាបាលប៉ារ៉ាស៊ីតខាងក្រៅ ការការពារមានប្រសិទ្ធភាពគឺចាប់ផ្តើមជាមួយការរក្សាក្រោល និងបរិវេណជុំវិញឲ្យបានស្អាតដោយពុំឲ្យមានប៉ារ៉ាស៊ីត។ ប៉ារ៉ាស៊ីត ឬចៃពងនៅតាមប្រហោងក្តារ ឬឈើដែលប្រេះ ដើម្បីជៀសវាងបញ្ហានេះ អ្នកត្រូវលាបទ្រុងពពែដោយប្រើប្រេងម៉ាស៊ីន។