Home / កសិកម្ម / ការដាំដំណាំស្វាយចន្ទី ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ

ការដាំដំណាំស្វាយចន្ទី ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ

ក. លក្ខណៈទូទៅរបស់ដំណាំស្វាយចន្ទី   

ស្វាយចន្ទី ជារុក្ខជាតិដែលមានអាយុកាលវែង មានកំពស់ពី ៦​-១២ម៉ែត្រ ដើមបែកមែកសាខា។គ្រាប់ស្វាយចន្ទីស្ថិតនៅខាងក្រៅនៃផ្លែ ចាប់ពីចេញផ្ការហូតដល់ទុំមានរយៈពេលរហូតដល់​ ៦០ថ្ងៃ។

  • ស្វាយចន្ទីអាចដាំនៅតំបន់ដែលមានកំពស់ទឹកភ្លៀងពី ៥០០ម.ម. ទៅ ៣.០០០ម.ម. ក្នុងមួយឆ្នាំ (អាស្រ័យតាមតំបន់ដែលមានភ្លៀងធ្លាក់តិចនិងច្រើន)។
  • ដំណាំស្វាយចន្ទីអាចដាំបានលើដីគ្រប់ប្រភេទ លើកលែងតែដីដែលមានល្បាយឥដ្ឋច្រើន និងដីជាំទឹក។ ចំពោះដីដែលដាំបានទិន្នផលល្អ គឺដីល្បាយខ្សាច់មិនដក់ទឹក។

ខ. ការរៀបចំដី និងការដាំ

ដំណាំស្វាយចន្ទីអាចដាំនៅក្នុងភូមិ (សួនគ្រួសារ) និងអាចដាំលើផ្ទៃដីធំទូលាយ។ ចំពោះការដាំលើផ្ទៃដីធំយើងត្រូវរៀបចំដីដូចខាងក្រោម៖

  • ធ្វើដីឲ្យរាបស្មើ ហើយសំអាតស្មៅចង្រៃឲ្យស្អាតរួចជីករណ្តៅដាំ។ ការត្រៀមដីគួរធ្វើឲ្យស្រេចនៅក្នុងរដូវក្តៅ ដែលអាចជីករណ្តៅ និងដាំបាននៅក្នុងរដូវភ្លៀង។
  • ជីករណ្តៅដែលមានទំហំ​១ម៉ែត្របួនជ្រុង ជំរៅ១ម៉ែត្រ ចំពោះដីល្បាយខ្សាច់។
  • ស្វាយចន្ទីដាំនៅចន្លោះ៨ម៉ែត្រ និងចន្លោះពីដើមមួយទៅដើមមួយ៨ម៉ែត្រ។

  • រណ្តៅត្រូវជីក ១៥-២០ថ្ងៃមុនការដាំដុះ ហើយដាក់ឲ្យត្រូវថ្ងៃដើម្បីកំចាត់សត្វល្អិតនិងជំងឺនៅក្នុងដី។
  • ដាក់ជីធម្មជាតិនៅបាតរណ្តៅដូចជាជីកំប៉ុស្ត លាមកសត្វ​ ស្លឹកឈើ សំរាមស្ងួត។
  • ជ្រើសរើសគ្រាប់ដាំឲ្យមានទម្ងន់លើសពី ៥ក្រាមក្នុង១គ្រាប់។
  • នៅវគ្គដំបូង ស្វាយចន្ទីត្រូវការទឹកដើម្បីលូតលាស់ធំរ៉ឹងប៉ឹង។
  • រដូវកាលសមស្របសម្រាប់ការដាំ គឺដើមខែមិថុនា ដល់ខែសីហា ព្រោះជារដូវមានភ្លៀង។
  • ត្រូវយកគ្រាប់ទៅកប់ក្នុងថ្នាលដែលមានដាក់ដីខ្សាច់កំរាស់ ១២សង់ទីម៉ែត្រ។

  • ការកប់គ្រាប់ដាំត្រូវយកផ្នែកខាងផតចុះទៅក្រោម ហើយងើយខាងក្បាលគ្រាប់ឡើងបន្តិចរួចរោយខ្សាច់ពីលើគ្រាប់ឲ្យបានកំរាស់ ៣សង្ទីម៉ែត្រ។
  • ស្រោចទឹក​២ដងក្នុងមួយថ្ងៃនៅពេលព្រឹក និងពេលល្ងាច រយៈពេល៦ថ្ងៃដំបូង។ ក្នុងករណីមានភ្លៀងធ្លាក់មិនចាំបាច់ស្រោចទឹកទេ។
  • ចំពោះការបណ្តុះគ្រាប់ក្នុងថង់ប្លាស្ទីក ត្រូវយកគ្រាប់ត្រាំទឹករយៈពេល២៤ម៉ោងទៅ៤៨ម៉ោង មុនពេលយកទៅបណ្តុះ។

  • យកថង់ប្លាស្ទីកពណ៌ខ្មៅដែលមានទំហំ ១៣x២០ស.ម. ហើយមានចោះរន្ធចំហៀងឲ្យបានពី ៤-៨រន្ធ ដើម្បីបញ្ចេញទឹកពីក្នុងថង់។
  • ត្រូវផ្សំដីជាមួយនិងផេះអង្កាម ជីទ្រាប់បាត ឬកំប៉ុស្ត នៅក្នុងអត្រា ៣.១.១ ដោយច្របល់បញ្ចូលគ្នាឲ្យសព្វ ហើយច្រកចូលថង់ដែលបានធ្វើការរត្រៀមទុកឲ្យសល់ពីមាត់ថង់ប្រហែល ២ស.ម.។

គ. ការថែទាំ

  • នៅរដូវប្រាំងគួរយកស្មៅ និងចំប៉ើងទៅគ្របត្រង់គល់ដើម្បីរក្សាសំណើមឲ្យបានយូរ ត្រូវធ្វើការស្រោចទឹកនៅរដូវក្តៅ។
  • ស្វាយចន្ទីមិនអាចប្រឈមមុខនឹងការលិចទឹកបានទេ នៅតំបន់ដែលមានភ្លៀងធ្លាក់ច្រើន​គួរតែរៀបចំប្រព័ន្ធបង្ហូរទឹកចេញ។
  • ក្រោយពីដុះលូតលាស់បានរយៈពេល​២ទៅ៣ឆ្នាំ ត្រូវធ្វើការកាត់តែងមែក ដើម្បីឲ្យពន្លឺចាំងចូលបានគ្រប់គ្រាន់។ ការកាត់តែងមែក ត្រូវធ្វើឡើងនៅក្នុងខែសីហា ដែលជារដូវភ្លៀង។

  • ត្រូវធ្វើការបោះបង្គោល ហើយចងភ្ជាប់ជាមួយដើមបន្ទាប់ពីដាំកូនហើយ រួចគ្របគំរបស្លឹកឈើងាប់ៗជុំវិញគល់។
  • ការស្រោចទឹកត្រូវធ្វើឡើងក្រោយពីដាំកូនរួច ជាពិសេសនៅរដូវក្តៅ ខែមករា ដល់ខែមីនា ត្រូវផ្តល់ទឹករយៈពេលពីរអាទិត្យម្តង។

ឃ. ការប្រមូលផល

  • ស្វាយចន្ទីចាប់ផ្តើមឲ្យផលនៅអាយុ ២ទៅ៣ឆ្នាំ ក្រោយពីដាំ អាស្រ័យតាមពូជ។
  • ការប្រមូលផលត្រូវប្រើកន្ត្រក ឬជាល ជៀសវាងធ្វើឲ្យផ្លែជាំខូច។
  • ក្រោយពីបេះផ្លែហើយ ត្រូវយកទៅហាលថ្ងៃយ៉ាងតិច៣ទៅ៥ថ្ងៃ ដោយរក្សាសំណើមក្នុងគ្រាប់មិនឲ្យលើសពី១២ភាគរយ ដើម្បីរក្សាទុកឲ្យបានយូរ។
  • ស្វាយចន្ទីអាយុ ៣ទៅ៥ឆ្នាំ ឲ្យផល១ទៅ៣គីឡូក្រាមក្នុងមួយដើម និង ៦ទៅ១០ឆ្នាំ ឲ្យផលជាមធ្យម ៥ទៅ២០គីឡូក្រាមក្នុងមួយដើម អាយុលើសពី១០ឆ្នាំឲ្យផលជាមធ្យម ២០ទៅ៦០គីឡូក្រាមក្នុងមួយដើម។

បច្ចេកទេសសំខាន់ៗក្នុងការដាំស្វាយចន្ទី ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ

  1. ត្រូវជ្រើសរើសដីខ្ពស់មិនលិចទឹកនៅរដូវវស្សា ឬនៅពេលមានភ្លៀងជោគជាំ
  2. ដាំនៅដើមរដូវភ្លៀងចាប់ពីខែមិថុនា ដល់ខែសីហា
  3. សំអាតចម្ការ គាស់គល់ឈើ និងភ្ជួររាស់ដីឲ្យរាបស្មើ
  4. ជីករណ្តៅដាំដែលមានទំហំមួយម៉ែត្របួនជ្រុង ជម្រៅមួយម៉ែត្រ
  5. ដាក់ជីធម្មជាតិនៅបាតរណ្តៅដូចជា ជីកំប៉ុស្ត លាមកសត្វស្ងួត ស្លឹកឈើ សំរាមស្ងួត។ល។
  6. ដាំចន្លោះជួរ៨ម៉ែត្រ និងចន្លោះគុម្ព៨ម៉ែត្រ
  7. បណ្តុះគ្រាប់នៅក្នុងថ្នាល ឬថង់ មុននឹងយកទៅដាំនៅចម្ការ
  8. ថែទាំស្រោចទឹក គ្របគល់ និងបោះបង្គោលចងភ្ជាប់ជាមួយដើមបន្ទាប់ពីដាំកូនហើយ៕

សៀវភៅស្តីពី បច្ចេកទេសកសិកម្មល្អៗទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ (អង្គការសេដាក)

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ប៉ារ៉ាស៊ីត, ជំងឺកុកស៊ីដ្យូស៊ីស, ជំងឺខ្វិន, ជំងឺសួត, ជំងឺរលាកស្បែក, ជំងឺហើមពោះ, ជំងឺរលាកដោះ, ជំងឺអុតក្តាម, ជំងឺសារទឹក, ជំងឺបុស្តខ្យល់

ការការពារ និងការព្យាបាលប៉ារ៉ាស៊ីតខាងក្រៅ ការការពារមានប្រសិទ្ធភាពគឺចាប់ផ្តើមជាមួយការរក្សាក្រោល និងបរិវេណជុំវិញឲ្យបានស្អាតដោយពុំឲ្យមានប៉ារ៉ាស៊ីត។ ប៉ារ៉ាស៊ីត ឬចៃពងនៅតាមប្រហោងក្តារ ឬឈើដែលប្រេះ ដើម្បីជៀសវាងបញ្ហានេះ អ្នកត្រូវលាបទ្រុងពពែដោយប្រើប្រេងម៉ាស៊ីន។