Home / កសិកម្ម / បទពិសោធន៍ធ្វើជីទឹកផ្សំពីរុក្ខជាតិ (កសិករ រស់ ម៉ៅ)

បទពិសោធន៍ធ្វើជីទឹកផ្សំពីរុក្ខជាតិ (កសិករ រស់ ម៉ៅ)

កសិករ រស់ ម៉ៅ​ រស់នៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្រោយពីបានទទួលនូវគំនិតថ្មីដែលផ្សព្វផ្សាយដោយអង្គការសេដាក និងអានទស្សនាវដ្តីកសិករដែលបានចុះផ្សាយបទពិសោធន៍ពីកសិករនៅតំបន់ផ្សេងៗមក គាត់បានសាកល្បងតាមហើយធ្វើការកែច្នៃបន្ថែមទៅលើបទពិសោធន៍នេះ។ គាត់បានកែច្នៃធ្វើជីទឹកផ្សំពីធម្មជាតិដែលបង្ហាញដូចខាងក្រោម។

១. ធាតុផ្សំ

ក្នុងការធ្វើជីទឹកនេះ គាត់មានធាតុផ្សំមួយចំនួនដូចជា ស្លឹកស្តៅ  ឬសំបកស្តៅ ផ្លែស្លែង អំពិលស្លឹក ទន្ទ្រានខែត្រ លាមកគោ ល្ហុងខ្ញែរ។ ធាតុផ្សំទាំងអស់ដាក់ចំនួនស្មើៗគ្នា មិនកំណត់បរិមាណ គឺអាស្រ័យទៅលើរណ្តៅដែលដាក់ធាតុផ្សំទាំងនោះ។

២. របៀបធ្វើ

ជីករណ្តៅដែលមានទទឺង១ម៉ែត្រ បណ្តោយ៤ម៉ែត្រ និងជំរៅ៨តឹក។ រណ្តៅជីត្រូវនៅជិតប្រភពទឹក និងកន្លែងដាំដុះ ដើម្បីងាយស្រួលក្នុងការអនុវត្ត និងប្រើប្រាស់។ បន្ទាប់ពីជីករណ្តៅហើយ យកធាតុផ្សំទាំងអស់មកកាត់ដុំ ឬបុកបំបែករួចយកទៅដាក់នៅក្នុងរណ្តៅលៃយ៉ាងណាឲ្យបាន ៧០ភាគរយនៃរណ្តៅ។ បន្ទាប់មកបាញ់ទឹកបញ្ចូលរណ្តៅឲ្យបានលិចធាតុផ្សំ​ទាំងនោះ រួចយកស្លឹក​ដូង ឬស្លឹកត្នោតគ្របពីលើរណ្តៅ ដើម្បីកុំឲ្យសារធាតុចិញ្ចឹមនៅក្នុងជីហើរតាមខ្យល់ (ធាតុអាហ្សូត)។ ប៉ុន្តែគាត់បានបើកគំរប​ធាងដូងនោះកូរទឹកជីចំនួន​២ដងក្នុងមួយសប្តាហ៍ ដើម្បីឲ្យវាឆាប់កាច់។ ក្រោយពីធ្វើបានរយៈ១សប្តាហ៍ ទឹកជីកាច់អាចយកទៅប្រើបាន។ ប៉ុន្តែសូមបញ្ជាក់ថា ដើម្បីការពារសុវត្ថិភាពសុខភាពឲ្យកាន់តែប្រសើរនៅពេលធ្វើ គួរប្រុងប្រយ័ត្នកុំឲ្យសារធាតុខ្ទាតចូលក្នុងមាត់ និងពេលបើកគំរបកូរ គួរពាក់ម៉ាស់ដើម្បីកុំឲ្យមានចំហាយក្លិនជីចូលក្នុងខ្លួន ពេលដកដង្ហើម។ ហើយម្យ៉ាទៀត ចំពោះដីជាំទឹកយើងអាចជីករណ្តៅបែបនេះបាន តែចំពោះដីជ្រាបទឹកវិញ យើងមិនអាចធ្វើបែបនេះបានទេត្រូវក្រាលប្លាស្ទិកពីក្រោម ដើម្បីកុំឲ្យទឹកជីជ្រាបចូលទៅក្នុងដី។

៣. របៀបប្រើ

គាត់ប្រើទឹកជីស្រោចលើដំណាំបន្លែស្លឹក ក្នុងបរិមាណទឹកជី១០ផ្តិល លាយជាមួយទឹកធម្មតា១០ផ្តិលដូចគ្នា។ ស្រោចដំណាំដោយប្រើធុងជំពួយផ្កាឈូក ឬយកផ្តិលមកចោះរន្ធតូចៗ ដើម្បីកុំឲ្យពិបាកក្នុងការច្រោះថ្នាំ។ ទឹកជីនេះស្រោចរយៈពេល២ថ្ងៃម្តង។ផ្អាកស្រោចទឹកជីមុនប្រមូលផល៣-៤ថ្ងៃដើម្បីកុំឲ្យជាតិថ្នាំមានសល់លើដំណាំ។

៤. ការរៀបចំធ្វើទឹកជីបន្ត

ទឹកជីនេះ គាត់ទុកប្រើប្រាស់បានរយៈពេល៧ថ្ងៃក្រោយពីកាច់ (សរុប១៥ថ្ងៃ ក្រោយពីការរៀបចំធ្វើ)។ ផុតរយៈពេលនេះ គាត់បានប្រមូលកាកសំណល់ដែលមិនរលួយក្នុងរណ្តៅចោល ហើយដាក់បន្ថែមធាតុផ្សំថ្មីដាក់ត្រាំបន្ត។ ការធ្វើនិងប្រើប្រាស់ដូចលើកទី ១ដែរ។

៥. ចំណាប់អារម្មណ៍របស់កសិករក្រោយការប្រើប្រាស់

ក្រោយពីបានសាកល្បងធ្វើទឹកជីនេះប្រើមក គាត់សង្កេតឃើញថាដំណាំដុះលូតលាស់ល្អជាពិសេសបន្លែយកស្លឹក ត្រកួន ស្ពៃ។ល។មានស្លឹកធំ ដើមធំ ហើយសត្វល្អិតត្រូវបានកាត់បន្ថយច្រើន ការបំផ្លាញមានកំរិតតិចតួចបំផុតស្ទើរតែគ្មាន។ហើយម្យ៉ាងទៀត ជីនេះងាយស្រួលធ្វើមិនចំណាយប្រាក់ ហើយពិសេសទៅទៀតធ្វើឲ្យដីកាន់តែធូរ ហើយមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដោយមើលឃើញនូវផលប្រយោជន៍បែបនេះលោកពូបន្តការផលិត និងប្រើប្រាស់ជីទឹកនេះបន្តទៀត ហើយគាត់ក៏ចង់ចែក​ជូនបទពិសោធន៍នេះ​ តាមរយៈទស្សនាវដ្តីកសិករ ដើម្បីឲ្យកសិករផ្សេងទៀតយកទៅសាកល្បងតាម។

៦. កំណត់សំគាល់បន្ថែម

សូមបញ្ជាក់ថា ជីទឹកដែលផ្សំហើយ ក៏អាចមានគ្រោះថ្នាក់ដល់អ្នកប្រើដែរ ជាពិសេសនៅពេលដែលកំពុងកាន់។ដើម្បីកាត់បន្ថយនូវបញ្ហានេះគេគួរតែបន្ថយបរិមាណធាតុស្ងួត(ជី) ហើយនៅពេលបើកត្រូវការពារមុខនិងត្រូវបើកកូរឲ្យបានរាល់ថ្ងៃ៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ប៉ារ៉ាស៊ីត, ជំងឺកុកស៊ីដ្យូស៊ីស, ជំងឺខ្វិន, ជំងឺសួត, ជំងឺរលាកស្បែក, ជំងឺហើមពោះ, ជំងឺរលាកដោះ, ជំងឺអុតក្តាម, ជំងឺសារទឹក, ជំងឺបុស្តខ្យល់

ការការពារ និងការព្យាបាលប៉ារ៉ាស៊ីតខាងក្រៅ ការការពារមានប្រសិទ្ធភាពគឺចាប់ផ្តើមជាមួយការរក្សាក្រោល និងបរិវេណជុំវិញឲ្យបានស្អាតដោយពុំឲ្យមានប៉ារ៉ាស៊ីត។ ប៉ារ៉ាស៊ីត ឬចៃពងនៅតាមប្រហោងក្តារ ឬឈើដែលប្រេះ ដើម្បីជៀសវាងបញ្ហានេះ អ្នកត្រូវលាបទ្រុងពពែដោយប្រើប្រេងម៉ាស៊ីន។