Home / ព័ត៌មាន / ជប៉ុនផ្តល់ថវិកាជិត ៤សែនដុល្លារ ដល់អង្គភាពចំនួន៤ដែលពាក់ព័ន្ធនឹងសូត្រ បន្លែ ប្រព័ន្ធធារាសាស្ត្រ និងកែលំអផ្លូវ

ជប៉ុនផ្តល់ថវិកាជិត ៤សែនដុល្លារ ដល់អង្គភាពចំនួន៤ដែលពាក់ព័ន្ធនឹងសូត្រ បន្លែ ប្រព័ន្ធធារាសាស្ត្រ និងកែលំអផ្លូវ

ទី២ ខែមីនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាចំនួន៣៨៤.៨១៧ដុល្លារអាមេរិក ដល់អង្គភាពទទួលចំនួន៤ក្រោមជំនួយឥតសំណងសំរាប់គម្រោងទ្រង់​ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ)។ កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំនៅកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយទាំងបួនសំរាប់គម្រោងដូចខាងក្រោម៖

១. គម្រោងសាងសង់មជ្ឈមណ្ឌលសូត្រ ក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ (ថវិកា ៩០.៨៣៤​ដុល្លារ) អង្គភាពទទួលជំនួយ គឺសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

គម្រោងនេះ មជ្ឈមណ្ឌលសូត្រមួយនឹងត្រូវបានសាងសង់នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។បច្ចុប្បន្នកសិករដែលចិញ្ចឹមដង្កូវនាងកំពុងជួបប្រទះការលំបាកដូចជាជំងឺដង្កូវនាង​នាំឲ្យផលិតភាពធ្លាក់ចុះហើយប្រាក់ចំណូលក៏ធ្លាក់ចុះដែរ។មជ្ឈមណ្ឌលសូត្រនេះនឹងផលិតពងដង្កូវនាងគ្មានជំងឺ នឹងផ្តល់ពងទាំងនោះទៅឲ្យកសិករចិញ្ចឹមដង្កូវនាងជាមួយនឹងការបណ្ដុះបណ្តាលបច្ចេកទេស។ គម្រោងនេះគេរំពឹងថា នឹងរួមចំណែកក្នុងការផលិតសូត្រមាន​គុណភាពខ្ពស់ បង្កើនប្រាក់ចំណូលដល់កសិករ និងធ្វើឲ្យវិស័យឧស្សាហកម្ម សិប្បកម្មសូត្របែបប្រពៃណីមានការរីកចំរើន និងរស់ឡើងវិញនៅក្នុង​ប្រទេសកម្ពុជា។

២. គម្រោងសាងសង់មជ្ឈមណ្ឌលប្រមូលផ្តុំត្រួតពិនិត្យ និងចែកចាយបន្លែ ខេត្តកណ្តាល (ថវិកា ១១៤.៨២១ដុល្លារ) អង្គភាពទទួលជំនួយ គឺមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល។ 

តាមរយៈគម្រោងនេះ មជ្ឈមណ្ឌលប្រមូលផ្តុំត្រួតពិនិត្យ និងចែកចាយបន្លែថ្មីមួយនឹងសាងសង់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាកន្លែងដាំដុះបន្លែធំទី២នៅកម្ពុជា។ មជ្ឈ​មណ្ឌល​នេះនឹងក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំត្រួតពិនិត្យ និងចែកចាយបន្លែដំបូងគេនៅកម្ពុជា ដែលមានមន្ទីរពិសោធន៍ ដើម្បីពិនិត្យមើលការជាប់សេសសល់នៃថ្នាំសម្លាប់សត្វល្អិតដែលមាននៅលើបន្លែដោយមានការសហការជាមួយក្រុមហ៊ុនជប៉ុន។ គម្រោងនេះ នឹងរួមចំណែកផ្គត់ផ្គង់ផលិតផលកសិកម្មប្រកបដោយសុវត្ថិភាព និងទំនុកចិត្តទៅកាន់ទីផ្សារ និងបង្កើននូវស្លាកយីហោបន្លែរបស់ខេត្តកណ្តាល។ គេប៉ាន់ស្មានថា កសិករប្រមាណ ២.០០០នាក់​នឹងអាចនាំចេញបន្លែរបស់ពួកគេតាមរយៈ

មជ្ឈមណ្ឌលនេះ។

៣. គម្រោងសាងសង់ទ្វារទឹក និងជួសជុលសំណង់លូទោលសម្រាប់ប្រព័ន្ធធារាសាស្ត្រដំរែក ខេត្តកំពង់ឆ្នាំង (ថវិកា ៨៩.៩០០០ដុល្លារ) អង្គភាពទទួលជំនួយ គឺមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំង។

តាមគម្រោងនេះ ទំនប់ទឹកប្រវែង ១.៥០០ម៉ែត្រ នឹងត្រូវស្តារនិងជួសជុលឡើងវិញនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ គម្រោងនេះត្រូវបានគេរំពឹងថា នឹងមានប្រជាពលរដ្ឋប្រហែល ៣.០០០នាក់ទទួលបានទឹកជាប្រចាំដើម្បីស្រោចស្រព ហើយទំនប់ទឹកនេះ ត្រូវប្រើប្រាស់ជាផ្លូវថ្នល់ក្រោយពេលបញ្ចប់គម្រោង។

៤. គម្រោងសាងសង់ផ្លូវបេតុងនៅឃុំបុទុមសាគរ ខេត្តកោះកុង (ថវិកា ៨៩.២៦២ដុល្លារ) អង្គភាពទទួលជំនួយ គឺមន្ទិរសាធារណការ និងដឹកជញ្ជូន ខេត្តកោះកុង

តាមគម្រោងនេះ ផ្លូវដែលមានស្រាប់ប្រវែង ៤៥៣ម៉ែត្រ នឹងត្រូវបានអភិវឌ្ឍទៅជាផ្លូវបេតុងដែលមានប្រព័ន្ធបង្ហូរទឹកនៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង។ គម្រោងនេះត្រូវបានរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជិត ១៥.៧០០នាក់នៅក្នុងតំបន់។ ក៏រំពឹងផងដែរថា ផ្លូវនេះនឹងផ្តល់ភាពងាយស្រួលដល់ប្រជាជនក្នុងតំបន់ក្នុងការទៅសាលារៀន មន្ទីរពេទ្យ ផ្សារ ជាពិសេសលើកកម្ពស់ការដឹកជញ្ជូនគ្រឿងសមុទ្រស្រស់ៗពីទីផ្សារគ្រឿងសមុទ្រនៅក្នុងតំបន់ទៅកាន់គោលដៅចែក​ចាយ។

ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានាឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញទៅតាមកម្រិតមូលដ្ឋាន។ គម្រោងជំនួយនេះ មានទិសដៅការពារជនងាយរងគ្រោះ​ពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និងភាពអកុសលដែលអាចគំរាមកំហែងដោយផ្ទាល់ដល់ជីវភាពរស់នៅ ការចិញ្ចឹមជីវិត និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៥៨លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៥៩០គម្រោងនៅទូទាំងប្រទេសកម្ពុជា៕

 

សហគមន៍សម្បូរសប្បាយ

អំពី សេង រង្សី

សេង រង្សី
ខ្ញុំបាទ សេង រង្សី ជាអ្នករចនាគេហទំព័រ សហគមន៍សម្បូរសប្បាយ (ស៣) ហើយក៏ជាអ្នកសរសេរអត្ថបទសម្រាប់ការចែករំលែកនៅលើគេហទំព័រផងដែរ។

អត្ថបទពាក់ព័ន្ធ

វិធីធ្វើទឹកខ្ញី (សំរាប់អ្នកចង់បង្កើតសិប្បកម្មធ្វើទឹកខ្ញី)

មានបងប្អូនជាច្រើនក្នុងមួយថ្ងៃៗ គឺបានខិតខំគិតរកមុខរបរចិញ្ចឹមជីវិត ក្នុងនោះក៏មានការកែច្នៃផលិតផលផងដែរ។ នៅ​ពេលនេះ​ សហគមន៍សម្បូរសប្បាយ បង្ហាញនូវអត្ថបទមួយដែលនិយាយអំពីការធ្វើទឹកខ្ញី មានក្បួនខ្នាតត្រឹមត្រូវ ពិសេសត្រូវនឹងអ្នកមានបំណងបង្កើតសិប្បកម្មធ្វើទឹកខ្ញីនេះ។