Home / កសិកម្ម / បទពិសោធន៍ចិញ្ចឹមមាន់ឲ្យបានផលល្អ

បទពិសោធន៍ចិញ្ចឹមមាន់ឲ្យបានផលល្អ

អ្នកមីង ភោគ ឡា រស់នៅក្នុងភូមិព្រហ៊ួត   ឃុំ​ក្រាំង​លាវ  ស្រុកបាទី  ខេត្តតាកែវ គាត់មានបទ​ពិសោធន៍​ចិញ្ចឹមមាន់បានផលល្អដោយមាន់មិនងាប់ ហើយបានលក់ជាបន្តរហូត។ ក្នុង១ឆ្នាំ គាត់​ទទួលបានចំណូលពីការលក់ ប្រមាណជាង៣​លា​ន​រៀល។ ចំណែកបច្ចេកទេសនៃ​ការចិញ្ចឹម​មាន់​នេះ​បង្ហាញដូចខាងក្រោម៖

១-ការជ្រើសរើសពូជ

ក្នុងការចិញ្ចឹមមាន់ អ្នកមីងបានយកចិត្តទុកដាក់ទៅលើការជ្រើសរើសពូជដូចជា៖ ពូជមាន់ដែលមាន​​មាឌធំ ជើងពណ៌លឿង សាច់រមៀត ពូជកាត់៣សាសន៍ (បាកាត់៣សាសន៍ និងមាន់មេពូជខ្មែរ)។ ពូជប្រភេទនេះធន់នឹងជំងឺ ចិញ្ចឹមឆាប់ធំ ហើយសាច់មានរសជាតិឆ្ងាញ់។

២-ការផ្សំចំណី

ចំណី ដែលដាក់ឲ្យមាន់ស៊ី មានចំណីផ្សារ ត្រកួន កន្ទក់ ចុងអង្ករ និងស្រូវត្រាំ។ ចំពោះចំណីកូនមាន់ និងមេមាន់គាត់ឲ្យស៊ីខុសគ្នា។

  • ចំណីកូនមាន់ ចុងអង្ករត្រាំ ចំណីផ្សារ និងកន្ទក់
  • មាន់អាយុ២ខែឡើង ស្រូវត្រាំ១ភាគលាយបន្លែ២ភាគ កន្ទក់២ភាគ និងចំណីផ្សារ១ភាគ។ នៅរដូវវស្សាមាន ចកបាយទា និងពងទឹក គាត់ដាក់ឲ្យស៊ីជំនួសត្រកួន ព្រោះមាន់ចូលចិត្តស៊ីជាង។
  • ចំពោះមាន់សាច់ចិញ្ចឹមលក់ គាត់ធ្វើមេចំណីពីត្រី និងស្ករ។ យកកូនត្រីវះយកអាចម៍ចេញ ១ គីឡូក្រាម លាយជាមួយស្ករត្នោត៣គីឡូក្រាម ផ្អាប់ទុក២០ថ្ងៃ ទើបអាចយកទៅប្រើបាន។ ក្នុងលាយចំណីគាត់យកមេចំណី១ស្លាបព្រាបាយ លាយជាមួយចំណី២គីឡូក្រាម ឲ្យស៊ី៣-៤ថ្ងៃម្តងសម្រាប់កូនមាន់ និងមេធំ។

៣-ការធ្វើទ្រុង

ចំពោះទ្រុង គឺគាត់ធ្វើពីឫស្សីប្រក់ដំបូលស្លឹក និងហ៊ុំព័ន្ធសំណាញ់កុំឲ្យមូស និងសត្វល្អិតចូលខាំមាន់​។ ដើម្បីឲ្យមាន់មានសុខភាពល្អ គាត់បានបំបែកកូនមាន់ មេមាន់ ឬមាន់សាច់ឲ្យនៅទ្រុងផ្សេងពីគ្នា។

៤-ការថែទាំ

ដើម្បីចិញ្ចឹមឲ្យបានជោគជ័យ អ្នកមីងបានយកចិត្តទុកដាក់ទៅលើការថែទាំ៖

  • ដាក់ចំណីឲ្យមានស៊ីបានទៀងទាត់តាមពេលវេលា ១ថ្ងៃ៣ដង។
  • នៅពេលកូនញាស់ឲ្យមេក្រុង ១០-១៥ថ្ងៃ ទើបបំបែកកូនមាន់ដាក់ទ្រុងមួយផ្សេង។ នៅពេលមាន់អាយុបាន ៤៥ថ្ងៃ គាត់បំបែកមាន់មកទ្រុងធំ ហើយយកដីមានជីជាតិដាក់ក្នុងបាវយកទៅដាក់ក្នុងទ្រុងឲ្យមាន់ចឹកស៊ីលេង ដើម្បីកុំឲ្យមាន់ចឹកគ្នា ដោយដាក់៣-៥ថ្ងៃម្តង មាន់អាយុពី៣ខែឡើងទៅ គាត់ដាក់ម្តងទៀត។ ក្រោយពីដាក់ហើយគាត់សង្កេតឃើញវាលែងចឹកគ្នាទៀត។
  • តាមដានមើលមាន់ជិតពងត្រូវធ្វើសំបុកទុកឲ្យវាពង កុំឲ្យវាដើរពងផ្តេសផ្តាស។
  • ត្រួតពិនិត្យសំបុកពងកុំឲ្យមានស្រមើរ ដោយក្រាលស្លឹកស្ដៅពីក្រោម។
  • ដើម្បីឲ្យមាន់ញាស់អស់ គឺយើងត្រូវជួងបង្វិលពងនៅពេលមេក្រាបពង។
  • នៅពេលកូនញាស់ត្រូវត្រួតពិនិត្យដកសំបកពង និងយកកូនញាស់ចេញ ដើម្បីឲ្យពងនៅសល់ញាស់បន្ត។ កូនញាស់ហើយយកទៅលាក់ទុកឲ្យឆ្ងាយកុំឲ្យមេឃើញ ឬឮសូរសំឡេងយំ ព្រោះមេនឹងលែងក្រាបពង ដែលនៅសល់មិនទាន់ញាស់ ព្រមទាំងការពារកុំឲ្យវាជាន់កូនដែលញាស់រួច។
  • កូនញាស់បាន ១យប់ ១ថ្ងៃ ដាក់ទឹកស្ករត្នោតឲ្យវាផឹកឲ្យមានជាតិផ្អែមគឺកូនមាន់ឆាប់ថ្លោស។
  • ថែទាំសំអាតសំបុក និងទ្រុង ហើយលាងស្នូកទឹក និងស្នូកចំណីកុំឲ្យជូរផ្អូម។
  • មេមាន់ដែលចាស់អាយុ ២-៣ឆ្នាំ ការផលិតពងចាប់ផ្តើមធ្លាក់ចុះ ដូច្នេះត្រូវដូរចេញយកមេថ្មីមក ជំនួស។ ចំពោះមេមួយពងមួយដងបាន ១០-១៥គ្រាប់។ ក្នុងការចិញ្ចឹមនេះ គាត់ទុកមេ ១២ និងបា ២ (មួយជំនាន់ទៅមួយជំនាន់បន្ថែមមេថ្មី)។

៥-ចំណាប់អារម្មណ៍  

ក្រោពីបានចិញ្ចឹមមាន់អស់រយៈពេលជាច្រើនឆ្នាំ អ្នកមីងមានចំណាប់អារម្មណ៍ថា ការចិញ្ចឹមមាន់បានជោគជ័យ គឺត្រូវយកចិត្តទុកដាក់លើការថែទាំដែលបានរៀបរាប់ខាងលើ។ ការចិញ្ចឹមមាន់នេះ បានជួយដោះស្រាយជីវភាពគាត់បានច្រើនដោយក្នុងមួយឆ្នាំ គាត់ទទួលបានប្រាក់ចំណូលជាង ៣លានរៀល នេះបើទូទាត់លើការចំណាយសំរាប់ចំណីរួច (មាន់១គីឡូក្រាម គាត់លក់បានពី ១៥.០០០-១៦.០០០រៀល)។ ក្នុងមួយឆ្នាំៗ គាត់បន្ថែមមេរហូត ដើម្បីទទួលបានកូនមាន់ច្រើន។

Loading...

អំពី សេង រង្សី

សេង រង្សី
ខ្ញុំបាទ សេង រង្សី ជាអ្នករចនាគេហទំព័រ សហគមន៍សម្បូរសប្បាយ (ស៣) ហើយក៏ជាអ្នកសរសេរអត្ថបទសម្រាប់ការចែករំលែកនៅលើគេហទំព័រផងដែរ។

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ដាំសណ្តែកកួរដោយគ្របថង់ប្លាស្ទិក

លោកពូ ស៊ាង ថន ជាកសិករសហការជាមួយអង្គការសេដាក រស់នៅភូមិក្រសាំងទង​ ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ គាត់ជាមនុស្សដែលស្រឡាញ់ការដាំដុះ​ហើយគាត់តែងតែសាកល្បងនូវគំនិតថ្មីជានិច្ច។នៅពេលនេះយើងសូមលើកយកបទពិសោធន៍ដាំសណ្តែកកួរដោយប្រើថង់ប្លាស្ទិក មកបង្ហាញជូនដែលជាគំនិតសាកល្បងរបស់គាត់ដែលបានទទួលពីស្ថានីយពិសោធន៍ពូជបន្លែនៅក្បាលកោះ។