កសិករ លីន រិទ្ធ រស់នៅភូមិកណ្តាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់។ ក្រោយពីទទួលការបណ្ដុះបណ្តាល និងអានទស្សនាវដ្តីកសិករដែលផ្តល់ឲ្យដោយអង្គការសេដាក គាត់មានការចាប់អារម្មណ៍អនុវត្តបច្ចេកទេសចិញ្ចឹមត្រីអណ្តែងក្រាលថង់ប្លាស្ទិក។ ក្រោយពីការដាក់ចិញ្ចឹមអស់រយៈពេល៦ខែ ត្រីរបស់គាត់មានទំងន់៣ខាំក្នុងមួយក្បាល។ ការចិញ្ចឹមត្រីនេះ អាចដោះស្រាយជីវភាពប្រចាំថ្ងៃផង និងបានយកទៅលក់ទៀតផង។
១-ការជ្រើសរើសទីតាំងចិញ្ចឹម
ក្នុងការចិញ្ចឹមត្រីនេះ គាត់ជ្រើសរើសទីតាំងនៅទីវាលគ្មានម្លប់ឈើ និងមានកំដៅគ្រប់គ្រាន់ និងនៅលើដីទួលមិនលិចទឹកនៅក្បែរផ្ទះដែលងាយស្រួលក្នុងថែទាំ និងផ្តល់ចំណី។
២-ការរៀបចំកន្លែងចិញ្ចឹម
- ជីករណ្តៅដែលមានបណ្តោយ ៨ម៉ែត្រ ទទឹង ១,៨ម៉ែត្រ និងជម្រៅ ១ម៉ែត្រ
- ជីករណ្តៅដែលមានជើងទេរ ដើម្បីកុំឲ្យបាក់ដី
- ក្រាលប្លាស្ទីកនៅក្នុងរណ្តៅឲ្យសល់ប្រហែល២តឹកចេញពីមាត់រណ្តៅ ដើម្បីដាក់ដីទប់។ ប្រភេទដីដាក់នៅបាតរណ្តៅមានដូចជា ដីភក់បាតត្រពាំងដែលដាក់ឲ្យមានកម្រាស់ ១តឹក បន្ទាប់មកដាក់ហាលរយៈពេល២ថ្ងៃ ទើបបូមទឹកដាក់រណ្តៅឲ្យពេញ
- នៅក្នុងរណ្តៅគាត់បានរៀបចំដាក់ទន្ទ្រានខែត្រមួយដុំទំងន់១គីឡូក្រាម និងអាចម៍គោចំនួន២គីឡូក្រាមដោយខ្ចប់នឹងស្បៃម៉ុង។ ក្រោយរយៈពេល១អាទិត្យ យើងពិនិត្យមើលផ្ទៃទឹកឡើងពណ៌ខៀវ និងប្លង់តុង បន្ទាប់មកស្រង់ទន្ទ្រានខែត្រ និងលាមកគោចេញ រួចយកកូនត្រីទៅលែងនៅក្នុងរណ្តៅនោះ។
៣-ការដឹកជញ្ជូន និងបរិមាណលែងកូនត្រី
កូនត្រីរបស់គាត់ដែលដាក់ចិញ្ចឹមបានមកពីអង្គការសេដាកផ្តល់ឲ្យ។ កូនត្រីដែលដឹកទៅលែងក្នុងរណ្តៅ គាត់បានដាក់ថង់ដែលមានដាក់ទឹកពេញ និងប្លង់តុងទុករយៈពេល១០នាទីដើម្បីឲ្យកូនត្រីមានភាពស៊ាំក្នុងទឹក។ ក្រោយមកទៀត គាត់បានស្រាយមាត់ថង់ ហើយបាចទឹកបញ្ចូលបន្តិចម្តងៗ ឲ្យកូនត្រីចេញតាមដំណើរកុំឲ្យមានភាពភ័យរន្ធត់។ កូនត្រីដែលគាត់ដាក់ចិញ្ចឹមមានចំនួន៤០ក្បាលសម្រាប់រណ្តៅដែលមានទំហំ ១៥ម៉ែត្រក្រឡា (៨ x ១,៨ម៉ែត្រ)។
៤-ប្រភេទចំណី និងការផ្តល់ចំណី
ចំណីដែលគាត់បានផ្តល់ឲ្យត្រីស៊ីមាន កន្ទក់ កណ្តៀរ ជន្លេន និងបាយ។ ចំណីសម្រាប់កូនត្រីនៅពេលដាក់ចិញ្ចឹមដំបូងគឺ បាយ ឬបបរលាយជាមួយកន្ទក់ឲ្យស៊ីរយៈពេល១សប្តាហ៍។ ១សប្តាហ៍ក្រោយមក គាត់បន្ថែមចំណីដូចជា កណ្តៀរ ជន្លេន និងបាយលាយជាមួយកន្ទក់ឲ្យស៊ីចំនួន២ដងក្នុង១ថ្ងៃ (បរិមាណកន្ទក់១គីឡូក្រាម)។ ចំណីគាត់បាចនៅលើទឹកឲ្យត្រីស៊ី។
៥-ការគ្រប់គ្រង និងការថែទាំ
ចំពោះទឹក គាត់បានប្តូរ១អាទិត្យម្តងដោយដងចេញ៥ប៉ោត និងដងដាក់វិញ៥ប៉ោត។ គាត់បានធ្វើរបាំងស្បៃការពារជុំវិញមាត់រណ្ដៅដើម្បីការពារសត្វ ជ្រូក គោ មាន់ ទា និងជាពិសេសការពារត្រីលោតចេញនៅពេលដាក់ចំណី។ ជុំវិញមាត់រណ្តៅ គាត់ធ្វើការជំរះស្មៅដើម្បីកុំឲ្យស៊ុបទ្រុបមានកណ្តុរចូលស៊ីត្រី។
៦-ការប្រមូលផល
ក្រោយពីការចិញ្ចឹមអស់រយៈ៦ខែ ត្រីរបស់គាត់បានទំងន់ ២-៣ខាំក្នុង១ក្បាល។ ក្រៅពីបរិភោគក្នុងគ្រួសារ នៅសល់គាត់លក់បន្តិចបន្តួចដើម្បីដោះស្រាយជីវភាព។
៧-ចំណាប់អារម្មណ៍
តាមរយៈការចិញ្ចឹមត្រី គាត់ទទួលបានត្រីសម្រាប់បរិភោគ និងលក់ខ្លះដោះស្រាយជីវភាព។ បងប្រុសបានបញ្ជាក់បន្ថែមថា ការចិញ្ចឹមត្រីមិនសូវលំបាកច្រើនក្នុងការថែទាំ ហើយចំណីងាយរកឲ្យត្រីស៊ី។ ម៉្យាងទៀតចំពោះគ្រួសារដែលមានដីតូច ការចិញ្ចឹមត្រីតាមរបៀបនេះអាចជាមុខរបរមួយជួយដោះស្រាយជីវភាព៕