Home / កសិកម្ម / លោកយាយ ម៉ែន សារឿន អាយុ៨២ឆ្នាំ នៅបន្តដាំបន្លែតាមបែបសរីរាង្គ

លោកយាយ ម៉ែន សារឿន អាយុ៨២ឆ្នាំ នៅបន្តដាំបន្លែតាមបែបសរីរាង្គ

បើទោះជាវ័យ៨២ឆ្នាំទៅហើយក៏ដោយ ក៏លោកយាយ ម៉ែន សារឿន រស់នៅក្នុងភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅតែបន្តដាំបន្លែតាមបែបសរីរាង្គ ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាព ដោយមិនរំពឹងពីកូនចៅ។

លោកយាយ ម៉ែន សារឿន បានឱ្យដឹងថា លោកយាយ បានចាប់របរដាំបន្លែនេះតាំងពីឆ្នាំ១៩៧៩មកម្លេះ ប៉ុន្តែដំបូងគឺធ្វើទៅតាមបែបធម្មជាតិ ក្រោយមកក៏បានចាប់ប្រើប្រាស់ថ្នាំគីមី។ លោកយាយបន្តថា លុះបានជួបជាមួយអង្គការសេដាកនៅឆ្នាំ១៩៩១ មកលោកយាយក៏បានបោះបង់ការប្រើប្រាស់ថ្នាំគីមី ដោយងាកមកដាំបន្លែតាមបែបសរីរាង្គ។

បើទោះជាវ័យចំណាស់បែបនេះហើយក៏ដោយ ក៏លោកយាយនៅមិនបោះបង់ការដាំដុះបន្លែនេះឡើយ ក៏ព្រោះតែលោកយាយត្រូវរកចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពដោយខ្លួនឯង ដោយមិនរំពឹងច្រើនពីកូនចៅនោះឡើយ។ ស្ថិតក្នុងវ័យ៨២ឆ្នាំ (គិតត្រឹមឆ្នាំ២០១៩) លោកយាយ ម៉ែន សារឿន នៅអាចកាន់ចបកាប់ដី ពូនរងបន្លែ និងរែកទឹកស្រោចបន្លែដោយខ្លួនឯង។

លោកយាយបានឱ្យដឹងថា នារដូវប្រាំងលោកយាយអាចរកប្រាក់ចំណូលពីការដាំបន្លែនេះបានយ៉ាងហោចណាស់ក៏១លានរៀលដែរ ទុកគ្រាន់ចាយវាយផ្គត់ផ្គត់ជីវភាពប្រចាំថ្ងៃ និងថ្នាំសង្កូវផ្សេងៗ។ ប៉ុន្តែនៅរដូវវស្សាផលដំណាំមិនសូវល្អ ព្រោះតែមេឃភ្លៀងដែលធ្វើឱ្យចំណូលធ្លាក់ចុះគឺរកបានត្រឹមតែ ៥០ម៉ឺន ទៅ៦០ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយខែ។

ជាមួយគ្នានេះលោកយាយបានបញ្ជាក់ថា គាត់ដាំបន្លែនៅលើផ្ទៃដីប្រាមាណជា១០០ម៉ែត្រក្រឡាប៉ុណ្ណោះ ដែលស្មើនឹងផ្ទៃដីតែ១០អា។ បន្លែដែលលោកយាយដាំមានសាឡាត់ ស្ពៃក្រោប និងខាត់ណាជាដើម៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ប៉ារ៉ាស៊ីត, ជំងឺកុកស៊ីដ្យូស៊ីស, ជំងឺខ្វិន, ជំងឺសួត, ជំងឺរលាកស្បែក, ជំងឺហើមពោះ, ជំងឺរលាកដោះ, ជំងឺអុតក្តាម, ជំងឺសារទឹក, ជំងឺបុស្តខ្យល់

ការការពារ និងការព្យាបាលប៉ារ៉ាស៊ីតខាងក្រៅ ការការពារមានប្រសិទ្ធភាពគឺចាប់ផ្តើមជាមួយការរក្សាក្រោល និងបរិវេណជុំវិញឲ្យបានស្អាតដោយពុំឲ្យមានប៉ារ៉ាស៊ីត។ ប៉ារ៉ាស៊ីត ឬចៃពងនៅតាមប្រហោងក្តារ ឬឈើដែលប្រេះ ដើម្បីជៀសវាងបញ្ហានេះ អ្នកត្រូវលាបទ្រុងពពែដោយប្រើប្រេងម៉ាស៊ីន។