Home / កសិកម្ម / បទពិសោធន៍ចិញ្ចឹមត្រីក្នុងរណ្ដៅក្រាលកៅស៊ូ អ៊ូ រ៉េត

បទពិសោធន៍ចិញ្ចឹមត្រីក្នុងរណ្ដៅក្រាលកៅស៊ូ អ៊ូ រ៉េត

លោកពូ អ៊ូ រ៉េត រស់នៅក្នុងភូមិត្រពាំងផុត ឃុំបរសេដ្ឋ​ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រោយពីគាត់បានទទួលការបណ្ដុះបណ្ដាលបច្ចេកទេសពីអង្គកាប៉ាដិក ប្រចាំខេត្តកំពង់ស្ពឺ​ និងតាមរយៈការផ្លាស់ប្ដូរទស្សរកិច្ចសិក្សាជាមួយកសិករអង្គការសេដាក នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ គឺនៅកសិដ្ឋានរបស់កសិករ សោម ហាក់ រួចមក គាត់បានធ្វើការសាកល្បងនូវបទពិសោធន៍ចិញ្ចឹមត្រីអណ្ដែងក្នុងថង់ប្លាស្ទិកទទួលបានផលល្អដែលបទពិសោធន៍នេះមានបង្ហាញដូចខាងក្រោម។

ការរៀបចំចិញ្ចឹមត្រី

ក.ការរៀបចំទីកន្លែងចិញ្ចឹម. ​ ដើម្បីចិញ្ចឹមត្រីឲ្យបានផលល្អច្រើន ត្រូវជ្រើសរើសទីកន្លែងចិញ្ចឹមឲ្យបានសមស្របដូចជា៖

  • ជ្រើសរើសទីកន្លែង​​ ដីទំនេរក្បែរផ្ទះមានម្លប់ខ្លះៗ
  • ជីករណ្ដៅមានជើងទេបន្តិច ដើម្បីងាយស្រួលក្រាលកៅស៊ូ ឬប្លាស្ទិក
  • រណ្ដៅមានទំហំទទឹង២ម៉ែត្រ បណ្ដោយ៤ម៉ែត្រ និងជំរៅ ០.៧ម៉ែត្រ
  • យកដីសង្កត់លើមាត់រណ្ដៅ និងដាំស្មៅតាមមាត់រណ្ដៅ ដើម្បីការពារការហូរច្រោះ
  • យកកៅស៊ូទៅក្រាលក្នុងរណ្ដៅ រួចទាញរហូតដល់មាត់រណ្ដៅ ដោយទំហំកៅស៊ូប្លាស្ទិកដែលក្រាលក្នុងរណ្ដៅនោះត្រូវធំ និងវៃងជាងរណ្ដៅ
  • បន្ទាប់ពីក្រាលប្លាស្ទិករួច យើងយកដីល្បាប់ភក់ ឬដីមមោកមានជាតិល្អមកក្រាលពីលើប្លាស្ទិកនោះនៅបាតរណ្ដៅកំរាស់ ៣-៥សង្ទីម៉ែត្រ (ចំនួន ២-៣បង្គី)
  • កាត់រុក្ខជាតិទន្រ្ទាងបាយស ទន្រ្ទានខែត្រ (ទំងន់ ៥គីឡូក្រាម) អាចម៍គោ (ទំងន់ ១០គីឡូ​ក្រាម) ដាក់ចូលក្នុងរណ្ដៅ ដើម្បីឲ្យកើតសត្វល្អិតក្នុងទឹក ឬប្លង់តុងជាដើម។ ពេលរុក្ខជាតិទាំងនេះរលួយ​រួចត្រូវស្រង់យកកាកសំណល់ចេញ​។

ខ.ទឹកសម្រាប់ប្រើដាក់ចិញ្ចឹមត្រី. ទឹកសម្រាប់ដាក់ត្រីចីញ្ចឹម គួរយកទឹកត្រពាំង​ល្អជាងទឹកអណ្ដូង ប្រើទឹកអណ្ដូង​សំបូរជាតិរ៉ែច្រើនប៉ះពាល់ដល់ការដកដង្ហើមរបស់ត្រី អាចធ្វើឲ្យត្រីមិនសូវលូតលាស់ ឬងាប់។ ប៉ុន្តែប្រសិនប្រើទឹកអណ្ដូងត្រូវបង្ហូរទឹកនោះកាត់ដីចំងាយប្រហែល ៣-៥ម៉ែត្រ ដើម្បីកាត់បន្ថយជាតិរ៉ែ មុនយកទៅប្រើសម្រាប់ចិញ្ចឹមត្រី។

គ.ការដាក់កូនត្រីចិញ្ចឹ​ម

  • បរិមាណត្រីដាក់ចិញ្ចឹមពី ៣០-៥០ក្បាល ក្នុង១ម៉ែត្រការ៉េ សរុបស្មើ ៥០០ក្បាលសម្រាប់ទំហំ រណ្តៅខាងលើ
  • ជ្រើសរើសកូនត្រីតូចល្មមទំហំ ៣-៤ហ៊ុន។

ឃ.ការឲ្យចំណី

  • ចំពោះកូនត្រីនៅតូច និងធំ ប្រភេទចំណីឲ្យស៊ីមិនខុសគ្នាទេ​ ប៉ុន្តែពេលត្រីធំ ត្រូវឲ្យចំណីស៊ីច្រើនបន្តិច ដោយក្នុងមួយថ្ងៃឲ្យចំណី ២ដង គឺព្រឹកម៉ោង​៨ និងល្ងាច ម៉ោង ៤-៥។ នៅពេលយប់គាត់ប្រើអំពូលម៉ែត្រ ដើម្បីឲ្យសត្វល្អិតរោមភ្លើងធ្លាក់ចូលទឹកក្លាយជាចំណីត្រីបន្ថែមទៀត
  • ប្រភទចំណីដាក់ឲ្យត្រីស៊ីមានដូចជា បាយ បបរលាយកន្ទក់ លាមកគោលាយជាមួយកន្ទក់ ត្រកួន កាកសំណល់ពីផ្ទះបាយ​ ចេកទុំ អង្រ្កង ក្បាលត្រី ប្រហុក និងប្រភេទសត្វ​ល្អិតមួយចំនួនទៀត
  • ដាក់ចំណីឲ្យត្រីស៊ីឲ្យបានពីរកន្លែង ដើម្បីត្រីស៊ីចំណីបានសព្វ និងមិនដណ្ដើមគ្នា។

ការថែទាំ និងគ្រប់គ្រង

  • ក្នុងការចិញ្ចឹមត្រី លោក អ៊ូ រ៉េត ឧស្សាហ៍ពិនិត្យមើលពណ៌ទឹក ប្រសិនបើទឹកមានពណ៌ខ្មៅមានក្លិនស្អុយ ឆ្អាប ត្រូវបូមទឹកចេញ ដាក់ទឹកថ្មីចូល ឬដាក់បន្ថែមក៏បាន
  • ក្នុងរយៈពេលមួយអាទិត្យទឹកស្រកប្រវែង១ថ្នាំងដៃ ដោយសារកំដៅព្រះអាទិត្យ និងខ្យល់ដូចនេះ គាត់ឧស្សាហ៍បំពេញទឹកឲ្យគ្រប់វិញ
  • ដើម្បីជៀសវាងការពុលពីកាកសំណល់ចំណី ឬកំអែល និងអាចម៍ត្រីដែលជាមូលហេតុធ្វើឲ្យត្រីក្រធំ គាត់ប្ដូរទឹកចេញ១អាទិត្យម្ដង ទោះបីជាទឹកមិនស្រកក៏ដោយ
  • រដូវក្ដៅ ត្រូវដាក់ត្រកៀត ១ភាគ៤នៃរណ្ដៅ ហើយយកឫស្សីរាំងកុំឲ្យរាលដាលពេញផ្ទៃទឹក
  • នៅពេលដែលគាត់សង្កេតឃើញមានត្រីអណ្ដែងងាប់ ១ ឬ ២ម្ដងម្កាល និងមានខ្លួនរលាត់ដំបៅនោះ គាត់យកអំបិល ១ ស្លាបព្រា កូរឲ្យរលាយដាក់ក្នុងរណ្ដៅ ដើម្បីជួយព្យាបាលវា។

ការប្រមូលផល

ក្រោយពីចិញ្ចឹមបានរយៈពេល ២ខែកន្លះ ត្រីមានទំងន់ជាមធ្យម ៣ទៅ៥ខាំក្នុង១ក្បាល ប៉ុន្តែគាត់មិនទាន់ប្រមូលផលត្រីទេ ព្រោះគាត់ចង់ទុកឲ្យដល់រដូវត្រីឡើងថ្លៃ។ ចំពោះការវិភាគលើចំណូលចំណាយមិនទាន់បានច្បាស់លាស់នៅឡើយ ព្រោះគាត់មិនទាន់បានប្រមូលផលលក់។ ប៉ុន្តែមកដល់ពេលនេះ គាត់យកធ្វើម្ហូបអស់១០គីឡូក្រាម ដែលស្មើទឹកប្រាក់ ៥០​.០០០រៀល។ ហើយនៅសល់ច្រើនទៀត។

ចំណាប់អារម្មណ៍

តាមប្រសាសន៍ពូ អ៊ូ រ៉េត បានឲ្យដឹងថា គាត់សប្បាយណាស់ នៅពេលគាត់បានឃើញនូវលទ្ធផលល្អបែបនេះ ព្រោះគាត់មិនបារម្ភទេទោះរដូវប្រាំងខ្វះទឹកក៏ដោយ ព្រោះការចិញ្ចឹមនេះមិនចំណាយទឹកច្រើន ហើយម្យ៉ាងទៀតនៅរដូវវស្សាទឹកច្រើន គាត់មិនបារម្ភត្រីចេញទេ ព្រោះគាត់បានលើកទំនប់សងខាងបានខ្ពស់។ ទៅថ្ងៃមុខ គាត់នឹងដាក់ចិញ្ចឹម ១.៥០០ក្បាលទៀត ហើយនឹងធ្វើការប្ដូរពីការលក់ត្រីស្រស់មកជាការកៃច្នៃធ្វើត្រីអាំង និងស្លទឹកនំបញ្ចុកលក់វិញ ទើបចំណេញបានច្រើនជាង៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

លោកអ្នកដែលចូលចិត្តបរិភោគទុរេន អាចមានឱកាសទិញទុរេនខ្មែរបានក្នុងតម្លៃ១២០០០/១គីឡូ

ដោយមើលឃើញពីនិន្នាការប្រជាពលរដ្ឋខ្មែរភាគច្រើនចូលចិត្តបរិភោគទុរេន ប៉ុន្តែទុរេនធម្មជាតិនៅលើទីផ្សារមានតម្លៃខ្ពស់ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរអ្នកចូលចិត្តបរិភោគទុរេន ពុំមានលទ្ធភាពក្នុងការទិញយកមកបរិភោគបាន។