Home / កសិកម្ម / ចំណីបៃតង ចំណីកាកសំណល់ផ្ទះបាយ ចំណីអនុផលកសិកម្ម ចំណីផ្សំ សារធាតុខនិជ កំឡុងពេលខ្សត់ចំណី

ចំណីបៃតង ចំណីកាកសំណល់ផ្ទះបាយ ចំណីអនុផលកសិកម្ម ចំណីផ្សំ សារធាតុខនិជ កំឡុងពេលខ្សត់ចំណី

៨.៣.​ ចំណីបៃតង

ជាទូទៅចំណីបៃតងចាំបាច់ក្នុងការផ្ដល់ចំណីបន្ថែមក្នុងទ្រុង។ ពពែចូលចិត្តស៊ីស្លឹកឈើ ដែលជាចំណីមានតំលៃ​និងសំបូរទៅដោយសារធាតុចិញ្ចឹមខ្ពស់ ជាពិសេសសំបូរទៅដោយប្រូតេអ៊ីន (ជាតិសាច់)និងសារធាតុខនិជ (កាល់ស្យូម)។ វាជាការងាយស្រួលក្នុងការដាំដើមឈើតូចៗនៅតាមរបង ឬនៅក្នុងសួនច្បារសំរាប់ធ្វើជាចំណីសត្វ។

ការបង្កើត​ និងការប្រើប្រាស់ដើមឈើជាចំណីសត្វ

  • ដើមកន្ធំថេត ( Leucaena leucocephala)
  • ស្នោគោក (Gliricidia maculata)
  • ​រលួស (Erythrina indica)។

រុក្ខជាតិទាំង៣ប្រភេទខាងលើនេះ ស្លឹករបស់វាលូតលាស់យ៉ាងឆាប់រហ័ស ហើយវាជាដើម ឈើពហុប្រយោជន៍ដែលផ្តល់ជាចំណីសត្វយ៉ាងប្រសើរ។

ក្រៅពីផ្ដល់ចំណីដល់ពពែ ដើមឈើទាំងនេះក៏មានផលប្រយោជន៍ជាច្រើនទៀតដែរដូចជា៖

  • ការពារទប់ទល់ខ្យល់
  • បង្កើនជាតិអាហ្សូតដល់ដី
  • ផ្ដល់ម្លប់ និងជាដើមឈើដែលជួយដល់ប្រភេទរុក្ខជាតិ តែ កាហ្វេ ដើមចន្ទន៍ កាកែវ និងម្រេច
  • សំរាប់ធ្វើអុសដុត សង់ផ្ទះ និងធ្វើជាសំភារៈផ្សេងៗ
  • សំរាប់ជាអាហាររបស់មនុស្ស (ស្លឹក និងផ្លែ)
  • ធ្វើជាថ្នាំដ៏មានតំលៃ
  • ផ្ដល់ប្រូតេអ៊ីនខ្ពស់ (ជាតិសាច់) សំរាប់ជាចំណីសត្វ។

ស្លឹករុក្ខជាតិផ្សេងទៀតដែលពពែចូលចិត្តស៊ី ហើយដែលកសិករយើងងាយរកបាន និងមិនចំណាយថវិកាដូចជា ស្លឹកដំឡូង (ដំឡូងឈើ ដំឡូងជ្វា) ​បន្លាយួន ពុទ្រា ស្លឹកអំពិលទឹក ស្លឹកអង្គារដី ស្លឹកគរ ស្លឹកអញ្ចាញ ស្លឹកថ្លើមអណ្ដើក ។ល។

ដើមកន្ធំថេត និងដើមស្នោគោកជាចំណីពពែ

ដើមកន្ធំថេតចាក់ឫសជ្រៅមាំទៅក្នុងដីអាចធន់នឹងអាកាសធាតុរាំងស្ងួតបានយូរ ហើយអាចផ្ដល់ជាចំណីបៃតងដល់សត្វពពែនៅពេលខ្សត់ចំណី។ ដើមកន្ធំថេតអាចដុះលើដីដែលពុំសូវសំបូរជីវជាតិដែលរុក្ខជាតិដទៃទៀតមិនអាចដុះបាន។ ក្នុងរយៈពេលពី ៤-​៥ខែ គេអាចប្រមូលផលវាជាលើកទីមួយ​។

ស្នោគោកអាចដាំបាននៅតំបន់ស្ងួត និងតំបន់សើម គេប្រមូលផលជាលើកទីមួយក្នុងរយៈពេលប្រហែល ៩ខែ។ គេត្រូវការស្លឹក និងមែកធាងខាងចុងជាចំណីពពែ។ មានរុក្ខជាតិផ្សេងទៀតដែលស្លឹករបស់វាមានប្រយោជន៍សំរាប់ចំណីពពែដូចជា​ រលួស ជ្រៃ ខ្នុរ ។ល។

  ស្លឹកដំឡូងមី

ស្លឹកដំឡូងមីជាចំណីដ៏មានតំលៃសំរាប់ពពែ វាជាចំណីដែលសំបូរទៅដោយប្រូតេអ៊ីន (ជាតិសាច់) ហើយដែលពពែចូលចិត្តស៊ី កសិករច្រើនដាក់ឲ្យសត្វស៊ីស្រស់។ គួរប្រុងប្រយ័ត្នផងដែរថា ស្លឹក   ដំឡូងមានជាតិពុល (អាស៊ីតអ៊ីដ្រូស្យានីត និងតានីន) ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់សត្វ។ គេអាចប្រើវីធីមួយចំនួនដើម្បីកាត់បន្ថយជាតិពុលក្នុងស្លឹកដំឡូងស្រស់ដូចជា ការស្ងោរ ការហាល និងផ្អាប់។ល។

នៅពេលដែលសត្វស៊ីដំឡូងម៉ីច្រើនជ្រុល អាចធ្វើឲ្យស្លាប់ ការស្ដាប់នេះបណ្ដាលមកពីស្ទះនូវការធ្វើអុកស៊ីតកម្មនៃចង្វាក់ដង្ហើម (បណ្ដាលមកពី អាស៊ីតអ៊ីដ្រូស្យានីត)។ ជាតិពុលនេះមានឥទ្ធិពលទៅលើការបន្តពូជរបស់សត្វ និងបន្ថយការលូតលាស់របស់វា។

ការហាលថ្ងៃជាវិធីមួយងាយស្រួលក្នុងការកាត់បន្ថយសារធាតុស្យានីត និងតានីន រហូតដល់៩០%។ មុនដាក់ហាលថ្ងៃគេចិញ្ច្រាំស្លឹកដំឡូង រួចធ្វើឲ្យវាស្រពោន សារធាតុស្យានីតបានត្រូវកាត់បន្ថយដល់កំរិតមួយដែលមានសុវត្ថិភាពដល់សត្វ។

សួនដំណាំស្មៅ និងពពួករុក្ខជាតិកួរ

សំរាប់ផ្ដល់ចំណីក្នុងទ្រុងដល់សត្វពពែគេអាចដាំស្មៅ និងពពួករុក្ខជាតិកួរក្នុងសួនដំណាំ។ ពពួករុក្ខជាតិកួរសំបូរទៅដោយប្រូតេអ៊ីន (ជាតិសាច់)។ គេអាចបង្កើនស្មៅ និងពពួករុក្ខជាតិកួរ៖

  • ក្រោមដំណាំហូបផ្លែ ដើមឈើ​ ឬក្នុងចំការធំៗ
  • នៅតាមទីវាល។

វិធានការសំរាប់ការផ្ដល់ចំណីបៃតង៖

  • ត្រូវផ្ដល់ចំណីស្ងួត ហើយស្អាត
  • ច្រូតចំណីបៃតង និងស្លឹកឈើក្នុងកំរិតអាយុមធ្យមមាន ស្មៅ និងស្លឹករុក្ខជាតិផ្សេងទៀតមិនត្រូវឲ្យខ្ចីពេក ឬចាស់ពេកទេ
  • ការផ្ដល់ស្លឹកកន្ធំថេតឲ្យពពែស៊ីត្រូវមានកំណត់ មិនត្រូវឲ្យលើសពីមួយភាគបី (១ភាគ៣) នៃចំណីដែលវាស៊ីក្នុង១​ថ្ងៃនោះទេ ដើម្បីជៀសវាងនូវការពុល។ ចំពោះពពែដែលមានទំងន់ ៣០គីឡូក្រាម ត្រូវផ្ដល់ស្លឹកក្នុបរិមាណប្រហែល ១-​១,៥គីឡូក្រាម។
  • ជៀសវាងការផ្ដល់ពពួករុក្ខជាតិកួរស្រស់លើសលប់។ ក្នុងការផ្ដល់ចំណីរុក្ខជាតិកួរទាម​ទារនូវតុល្យភាពជាមួយប្រភេទចំណីផ្សេងទៀតដែលសំបូរជាតិសរសៃជាងដូចជា ស្មៅមួយចំនួន ស្មៅស្ងួត ឬចំបើង។

៨.៤.​ ចំណីដែលបានមកពីកាកសំណល់ផ្ទះបាយ

កាកសំណល់ផ្ទះបាយសំបូរទៅដោយថាមពល វីតាមីន និងសារធាតុខនិជ ហើយជាចំណីបន្ថែមដ៏មានតំលៃសំរាប់សត្វពពែ។  កសិករចិញ្ចឹមពពែជាញឹកញាប់មិនបានយកចិត្តទុកដាក់ចំពោះសារធាតុសំណល់ផ្ទះបាយអាចជាប្រភពចំណីដ៏សំខាន់។

   ប្រយ័ត្ន

កាកសំណល់បានមកពីផ្លែឈើ​ និងបន្លែផ្សេងៗដែលងាយស្អុយខូចលឿន គេត្រូវផ្ដល់ចំណីទាំងនេះឲ្យពពែស៊ីភ្លាម ឬក្នុងថ្ងៃតែ​មួយ។​ កាកសំណល់ផ្ទះបាយដែលស្អុយខូចអាចធ្វើឲ្យគ្រោះថ្នាក់ដល់សុខភាពរបស់ពពែ។

  កាកសំណល់ខ្ទិះដូង

កាកសំណល់សាច់ដូងដែលពូតយកខ្ទិះរួចសំបូរទៅដោយជាតិខ្លាញ់ និងជាតិអំបិលធម្មតា ជាចំណីមួយដែលសត្វពពែចូលចិត្តស៊ីច្រើន។ កាកសំណល់នេះគេសំងួតវា ហើយអាចរក្សាទុកពី ២-​​៣ថ្ងៃសំរាប់ផ្ដល់ឲ្យវាស៊ីនៅពេលក្រោយ។

កាកសំណល់បានមកពីបន្លែផ្សេងៗ

សំបក កំទេចកំទីបន្លែក្នុងផ្ទះបាយ ឬបន្លែហូបសល់មិនត្រូវបោះវាចោលឡើយ ហើយអាចយកវាធ្វើជាចំណីសត្វពពែបាន។

កាកសំណល់បានមកពីផ្លែឈើផ្សេងៗ

សំបកផ្លែឈើដូចជា សំបកចេក ស្វាយ ល្ហុង អាវ៉ូកាដូ សំបកក្រូច ម្នាស់។ល។ គឺជាចំណីដែលសំបូរទៅដោយសារធាតុចិញ្ចឹមខ្ពស់។ ប៉ុន្តែចំណីប្រភេទនេះឆាប់ខូច អាស្រ័យហេតុនេះគេត្រូវឲ្យពពែស៊ីភ្លាម ក្នុងរយៈពេលពី ១០-​១៥នាទី។

កាកសំណល់បានមកពីធញ្ញជាតិ

ចំពោះចំណីអាហារសំរាប់មនុស្សត្រូវបានលាងសំអាតមុនពេលចំអិន។ បន្ទាប់ពីលាងបំណែកតូច​ៗនិងសំបកនៅលាយឡំជាមួយទឹក ទឹកនេះគួរផ្ដល់ឲ្យពពែផឹក យើងអាចលាយវាជាមួយអំបិលបន្តិច។

៨.៥. ចំណីដែលបានមកពីអនុផលកសិកម្ម

អនុផលកសិកម្មមានតំលៃជាច្រើនមិនត្រូវបានយកមកប្រើប្រាស់ដោយអ្នកចិញ្ចឹមសត្វឡើយ។ អនុផលទាំងនោះមានសារៈ​សំខាន់ជាចំណីសត្វជាពិសេសនៅពេលកង្វះខាតចំណី។

សំណល់ពីកសិផលដែលអាចរកបានសំរាប់ជាចំណីដ៏មានតំលៃរបស់ពពែ

  • ចំបើងដែលបានមកពីរុក្ខជាតិពពួកកួរ (សណ្ដែក)៖ គេអាចសំងួតវា និងស្តុកទុកជាចំណីសត្វនៅថ្ងៃក្រោយ
  • សំបកសណ្ដែកផ្សេងៗ
  • ដើមចេកហាន់ជាចំណិតៗលាយជាមួយសំបកធញ្ញជាតិ ឬកន្ទក់ ដែលធ្វើឲ្យសត្វចូលចិត្តស៊ី
  • បន្លែដែលសល់ពីលក់
  • ស្លឹកដំឡូងជ្វា ស្លឹកដំឡូងឈើ ។ល។

៨.៥. ចំណីផ្សំ ឬចំណីដែលមានសារធាតុចិញ្ចឹមខ្ពស់ (concentrate)

ចំណីផ្សំសំបូរទៅដោយថាមពល និងប្រូតេអ៊ីន ហើយមានតម្លៃខ្ពស់ អាស្រ័យហេតុនេះការផ្តល់ចំណីផ្សំត្រូវមានកំណត់គឺត្រូវផ្តល់ឲ្យនៅពេលណាតំរូវការទាមទារថាមពលខ្ពស់។

ត្រូវផ្តល់ឲ្យសត្វក្នុងករណី៖

  • មេពពែ ក្នុងកំឡុងពេលផើម ១ខែចុងក្រោយ (៤០០ក្រាម/ថ្ងៃ)

ក្នុងកំឡុងពេល ២ខែដំបូងបន្ទាប់ពីកើតកូនរួច (៤០០ក្រាម/ថ្ងៃ)

ក្នុងកំឡុងពេល ៣ខែដំបូងបន្ទាប់ពីកើតកូនរួច (២០០ក្រាម/ថ្ងៃ)

  • កូនពពែតូចត្រូវការលូតលាស់ឆាប់ពីអាយុ៣សប្តាហ៍រហូតដល់ផ្តាច់ដោះ (៥០ក្រាម/ថ្ងៃ)
  • ផ្តល់ឲ្យសត្វឈឺ។

ចំណីផ្សំ

គេអាចលាយកន្ទក់ ៦០% ជាមួយកាកដូង ៤០% (ពូតយកខ្ទិះរួច) សារធាតុផ្សំទាំង២នេះងាយរកបានពេញ១ឆ្នាំ។ កសិករអាចលាយវាបានដោយខ្លួនឯងនៅផ្ទះ ចំណីផ្សំបែបនេះមានតម្លៃថោកជាងចំណីដែលគេផ្សំរួចលក់នៅលើទីផ្សារ។ ពពែចូលចិត្តចំណីផ្សំពីសារធាតុគ្រើម ឬពីបំណែកតូចៗ។ ចំណីដែលជាប់នៅនឹងស្នូកត្រូវសំអាតឲ្យបានហ្មត់ចត់។

៨.៧. សារធាតុខនិជ (សារធាតុរ៉ែ)

ការផ្តល់ចំណីមិនបានគ្រប់ជ្រុងជ្រោយអាចធ្វើឲ្យខ្វះសារធាតុខនិជដែលជះឥទ្ធិពលមិនល្អដល់មពពែ ដល់សុខភាពវា និងដល់ផលិតកម្មពពែ។ គ្រោះថ្នាក់ចំពោះការខ្វះសារធាតុខនិជ (កាល់ស្យូម ផូស្វ័រ និងសូដ្យូម) អាចមានច្រើន។ កង្វះកាល់ស្យូម និង​ផូស្វ័រ ធ្វើឲ្យឆ្អឹងលូតលាស់មិនធម្មតា ធ្វើឲ្យកូនពពែ/ពពែជំទង់ ក្រិន ពន្យឺតការលូតលាស់របស់វា។ យើងអាចផ្តល់សូដ្យូមឲ្យពពែតាមរយៈអំបិល (Nacl) ការខ្វះសូដ្យូមធ្វើឲ្យសំពាធ (Osmosis) ក្នុងខ្លួនសត្វចុះទាប ជាលទ្ធផលបាត់បង់ជាតិទឹកក្នុងខ្លួនវា ធ្វើឲ្យសត្វលូតលាស់យឺត និងបន្ថយការប្រើប្រាស់ថាមពល។

សូដ្យូម

វិធីងាយស្រួលគឺការផ្តល់សូដ្យូមតាមស្រកីដូង (ដូងទុំ) កាប់យកស្រកី ហើយបំពេញវាដោយល្បាយរាវ (សូលុយស្យុង) អំបិល បន្ទាប់​មកយើងចងព្យួរវាកំពស់ប្រហែល ០,៧៥ម៉ែត្រ។ អំបិលនឹងជ្រាបចេញពីស្រកីដូង ហើយពពែលិតស្រកីដូងនេះ។

គេអាចផ្តល់សារធាតុខនិជដល់ពពែតាមរយៈការលិតថ្មខនិជ (សារធាតុរ៉ែ)។ គេអាចលាយអំបិល ៣,៥គីឡូក្រាម ជាមួយសារធាតុរ៉ែ ១គីឡូក្រាម រួចចងព្យួរនៅនឹងជញ្ជាំងទ្រុងដើម្បីឲ្យពពែលិត។

ការផ្តល់សារធាតុខនិជបន្ថែមជាពិសេសសំរាប់៖

  • មេពពែផើមជិតគ្រប់ខែក្នុងកំឡុងខែទី៤ ឬខែទី៥ នៅពេលនោះកូនពពែក្នុងពោះមានការវិវឌ្ឍយ៉ាងលឿន
  • មេពពែបំបៅកូន ដែលប្រើប្រាស់សារធាតុខនិជច្រើនសំរាប់ផលិតទឹកដោះ
  • កូនពពែ និងពពែបាវ័យក្មេង សំរាប់ការលូតលាស់របស់វា (ធ្មេញ និងឆ្អឹង)។

៨.៨. កំឡុងពេលខ្សត់ចំណី

ការផ្តល់ចំណីមានការលំបាកជាញឹកញាប់ក្នុងរដូវប្រាំង ឬនៅពេលរាំងភ្លៀងដ៏យូរ ឬក៏ក្នុងកំឡុងពេលប្រមូលផលដែលពេលនោះពពែត្រូវបានថែរក្សាក្នុងទ្រុងដើម្បីជៀសវាងការបំផ្លាញដំណាំ។ ដើមស្នោគោក អំពិលទឹក ពុទ្រា កន្ធំថេត រលួស ស្តៅ។ល។ ផ្តល់នូវចំណីបៃតងក្នុងរដូវក្តៅ។ នៅពេលដែលខ្វះខាតស្មៅក្នុងកំឡុងពេលនេះ។ ចំបើងក៏ជាចំណីមួយអាចជួយដល់ពពែនៅពេលខ្វះស្មៅ ចំបើងគួរកាត់វាឲ្យខ្លីហើយលាយជាមួយរុក្ខជាតិបៃតងខ្លះ។

អនុសាសន៍ចំពោះការខ្វះចំណី

  1. បង្កើនសួនដំណាំពហុប្រយោជន៍ដូចជា កន្ធំថេត ស្នោគោក រលួស។ល។ ឬផ្តល់ឲ្យវានូវស្លឹកពុទ្រា ស្លឹកអំពិល…
  2. កាកសំណល់ដែលបានមកពីបន្លែ និងផ្លែឈើផ្សេងៗ
  3. ចំបើងដែលបានមកពីរុក្ខជាតិកួរ
  4. ចំបើង (rice straw) កាត់ខ្លីៗ
  5. កន្ទក់លាយកាកដូងពូតយកខ្ទិះរួច។

វិធានការនៃការផ្តល់ចំណី

  • ពពែដែលផ្តល់ចំណីបានល្អនឹងលូតលាស់ឆាប់រហ័ស ហើយផលិតកូនដែលមានសុខភាពល្អបានទៀងទាត់
  • ពពែដែលផ្តល់ចំណីបានល្អនឹងមិនងាយឈឺឡើយ
  • ពពែដែលផ្តល់ចំណីបានល្អមិនត្រូវការបសុពេទ្យឡើយ និងមិនចាំបាច់ចំណាយថវិកាច្រើន
  • ចំណីដែលផ្តល់ឲ្យពពែត្រូវស្អាត ស្រស់ និងស្ងួត
  • សំអាតស្នូកចំណីឲ្យបានហ្មត់ចត់ជារៀងរាល់ថ្ងៃ
  • ចាំបាច់បន្ថែមការផ្តល់ចំណីក្នុងទ្រុងឲ្យបានញឹកញាប់
  • ផ្តល់របបអាហារច្រើនប្រភេទ គ្រប់មុខ និងមានតុល្យភាពដូចជា ស្មៅ និងពពួករុក្ខជាតិកួរ ស្លឹកឈើ និងកាកសំណល់ផ្ទះបាយដែលសមស្រប
  • ត្រួតពិនិត្យការលែងឲ្យស៊ីលើវាលស្មៅ
  • ផ្តល់ចំណីបៃតង និងស្លឹកឈើបៃតង៖ ស្មៅ និងស្លឹករុក្ខជាតិបៃតងមិនត្រូវឲ្យខ្ចីពេក និងចាស់ពេកទេ
  • ជៀសវាងការឲ្យស៊ីពពួករុក្ខជាតិកួរលើសលប់។ ការផ្តល់រុក្ខជាតិកួរទាមទារតុល្យភាពជាមួយប្រភេទចំណីផ្សេងទៀត ដែលមានជាតិសរសៃច្រើនជាងដូចជា ស្មៅ និងចំបើង
  • ការផ្តល់ស្លឹកកន្ធំថេតឲ្យពពែស៊ីត្រូវមានកំណត់ ត្រូវផ្តល់ច្រើនបំផុត១/៣នៃចំណីដែលវាស៊ីប្រចាំថ្ងៃ (ស្លឹកប្រហែល​១-១,៥​គីឡូក្រាម សំរាប់ពពែជំទង់៣០គីឡូក្រាម) ដើម្បីជៀសវាងនូវការពុល
  • ចំណីផ្សំត្រូវផ្តល់តែចំពោះ (ពពែផើម និងមេពពែបំបៅកូន, កូនពពែ និងពពែឈឺ)
  • ឲ្យពពែស៊ី ២-៣ដង/ថ្ងៃ ពេលវេលានៃការផ្តល់ចំណីត្រូវទៀងទាត់
  • ផ្តល់ទឹកស្អាតទៀងទាត់ និងគ្រប់ពេលវេលា
  • ផ្តល់សារធាតុខនិជដូចជា ផូស្វ័រ កាល់ស្យូម អំបិល តាមរយៈការផ្តល់ឲ្យវាលិត (ថ្មខនិជ)។

ប្រភព សៀវភៅ ការចិញ្ចឹមពពែជាលក្ខណៈគ្រួសារនៅកម្ពុជា (អង្គការសេដាក)

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

លោកអ្នកដែលចូលចិត្តបរិភោគទុរេន អាចមានឱកាសទិញទុរេនខ្មែរបានក្នុងតម្លៃ១២០០០/១គីឡូ

ដោយមើលឃើញពីនិន្នាការប្រជាពលរដ្ឋខ្មែរភាគច្រើនចូលចិត្តបរិភោគទុរេន ប៉ុន្តែទុរេនធម្មជាតិនៅលើទីផ្សារមានតម្លៃខ្ពស់ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរអ្នកចូលចិត្តបរិភោគទុរេន ពុំមានលទ្ធភាពក្នុងការទិញយកមកបរិភោគបាន។