Home / កសិកម្ម / ការគ្រប់គ្រង និងការផ្តល់ចំណី, ប្រភេទចំណី និងប្រភពចំណី

ការគ្រប់គ្រង និងការផ្តល់ចំណី, ប្រភេទចំណី និងប្រភពចំណី

៧. ការគ្រប់គ្រង និងការផ្តល់ចំណី

ពពែជាសត្វទាមទារការថែទាំល្អ និងការផ្តល់ចំណីត្រឹមត្រូវ។ ចំពោះផលិតកម្ម និងការផ្តល់ផលខ្ពស់គឺទាមទារការកែលំអនូវការផ្តល់ចំណី និងការគ្រប់គ្រង។ បង្កើនផលិតផលគឺផ្តល់ឱកាសឲ្យអ្នកចិញ្ចឹមពពែលក់សត្វបានច្រើនក្នុង១ឆ្នាំ។

៧.១. របៀបគ្រប់គ្រង ៣យ៉ាងនិងប្រព័ន្ធនៃការផ្តល់ចំណី

៧.១.១. ប្រព័ន្ធនៃការផ្តល់ចំណីក្នុងទ្រុង

ប្រព័ន្ធនេះភាគច្រើនអនុវត្តក្នុងតំបន់សើម និងក្នុងតំបន់ដែលមិនបង្កលក្ខណៈងាយស្រួលដល់ការឃ្វាលពពែលើវាលស្មៅ។

ប្រភពចំណី ការផ្តល់ចំណី​ និងការគ្រប់គ្រងហ្វូងពពែ

ចំណីសំរាប់ពពែបានមកពី៖

  • រុក្ខជាតិ ឬស្មៅ (ច្រូតឲ្យវាស៊ី)
  • ស្លឹកឈើ គម្ពោតព្រៃ ឬចំណីបៃតងដែលកសិករដាំដោយខ្លួនឯង
  • កាកសំណល់ដែលបានមកពីផលិតផលកសិកម្ម​ ឬកាកសំណល់ផ្ទះបាយ
  • ចំណីឧស្សាហកម្ម (ចំណីផ្សំ)។

ពពែត្រូវតែថែរក្សានៅក្នុងទ្រុង។ ចំណីបៃតងត្រូវរកនៅពេលថ្ងៃ និងផ្តល់ឲ្យពពែស៊ីស្រស់យ៉ាងតិចត្រូវផ្តល់ឲ្យវាស៊ី ៣ពេលក្នុង ១ថ្ងៃ៖

  • ពេលព្រឹក គឺត្រូវផ្តល់បរិមាណមធ្យម
  • ពេលរសៀល គឺត្រូវផ្តល់បរិមាណតិច
  • រសៀលរាងជ្រេបន្តិច/ល្ងាចជាពេលសំខាន់ក្នុងការផ្តល់ចំណី។

ទឹកស្អាត និងថ្មខនិជសំរាប់សត្វលិត (សារធាតុរ៉ែ) ឬអំបិល ត្រូវដាក់ឲ្យពពែជាប្រចាំ។

ការថែរក្សាសុខភាពសត្វមានសារៈសំខាន់ណាស់៖

  • ទ្រុងជានិច្ចកាលត្រូវតែស្អាត និងស្ងួតជានិច្ច
  • ហ្វូងពពែទាំងមូលត្រូវទំលាក់ព្រូនឲ្យបានទៀងទាត់ (រាល់ ៣ខែម្តង)
  • ពិនិត្យប៉ារ៉ាស៊ីតខាងក្រៅឲ្យបានខ្ជាប់ខ្ជួន
  • ត្រួតពិនិត្យក្រចកឲ្យបានញឹកញាប់។

៧.១.២. ប្រព័ន្ធនៃការផ្តល់ចំណីដោយចង

ប្រព័ន្ធនេះ ពិសេសសំរាប់ទីចំណោត​ ឬទីជំរាល ឬក៏ជាតំបន់ដែលសំបូរទៅដោយការប្រកបដំណាំស្រូវ​ បន្លែ និងដំណាំផ្សេងៗ។ល។ក្នុងលក្ខណៈបែបនេះកំណត់ឲ្យអ្នកចិញ្ចឹមពពែចង ឬកំណត់ទីតាំងឲ្យវាស៊ីលើវាលស្មៅ។

ប្រភពនៃចំណី ការផ្តល់ចំណី និងការគ្រប់គ្រងហ្វូងពពែ

ការប៉ាន់ប្រមាណរហូតដល់​៤០-៥០% នៃតំរូវការចំណីប្រចាំថ្ងៃ អាចត្រូវផ្តល់ដោយការចិញ្ចឹមចងសំរាប់ធ្វើឲ្យមានលំនឹងត្រូវផ្តល់ស្មៅស្ងួត ចំបើង និងផ្តល់ចំណីឲ្យស៊ីក្នុងក្រោលបន្ថែមទៀតក្នុងបរិមាណតិចតួច។ ហ្វូងពពែត្រូវបានថែរក្សាក្នុងទ្រុងនៅពេលយប់។ ជាទូទៅការផ្តល់ចំណីក្នុងទ្រុងបន្ថែមជាការចាំបាច់។ ក្នុងកំឡុងពេលរដូវភ្លៀងហ្វូងពពែត្រូវតែផ្តល់ចំណីឲ្យវាស៊ីនៅក្នុងទ្រុង។

ក្នុងករណីចិញ្ចឹមចង ឬកំណត់ឲ្យវាស៊ីលើវាលស្មៅពាក់កណ្តាលថ្ងៃ​ ទាមទារការផ្តល់ចំណីបៃតងបន្ថែមនៅពេលរសៀល។ ទឹកស្អាត និងថ្មខនិជ (សារធាតុរ៉ែ) ឬអំបិល សំរាប់សត្វលិត ត្រូវដាក់ឲ្យវាគ្រប់ពេលវេលា។​ ការថែទាំសុខភាពសត្វមានសារៈសំខាន់ណាស់ក្នុងកំឡុងពេលរដូវភ្លៀង និងក្នុងការផ្តល់ចំណីក្នុងទ្រុង។

៧.១.៣. ប្រព័ន្ធនៃការចិញ្ចឹមលែងឲ្យស៊ីលើវាលស្មៅ

ប្រព័ន្ធនេះមានសារៈសំខាន់បំផុត និងរាលដាលនៅតំបន់​ខ្ពង់រាប និងតំបន់ដែលមិនសំបូរដំណាំស្រូវ។ ក្នុងករណីនេះអនុញ្ញាតចិញ្ចឹមលែងលើវាលស្មៅពេញមួយថ្ងៃ និងត្រូវបានអនុវត្តន៍ច្រើន។

ប្រភពនៃចំណី ការផ្តល់ចំណីនិងការគ្រប់គ្រងហ្វូងពពែ

ជាធម្មតាហ្វូងពពែត្រូវបានបញ្ចេញពីទ្រុងនៅពេលព្រឹក និងកៀងបញ្ចូលទ្រុងវិញនៅពេលរសៀលជ្រេ/ល្ងាច។ ហ្វូងពពែត្រូវបានថែរក្សាក្នុងទ្រុងនៅពេលយប់​ និងក្នុងកំឡុងពេលរដូវភ្លៀង។ ថ្វីបើការលែងឲ្យស៊ីលើវាលស្មៅពេញមួយថ្ងៃក៏ដោយ តែវាចបំពេញតំរូវការរបស់ហ្វូងពពែប្រហែលតែ ៦០-​ ៧០% នៃតំរូវការប្រចាំថ្ងៃរបស់វាសំរាប់ការលូតលាស់។ ជានិច្ចកាលចាំបាច់ត្រូវផ្តល់ចំណីក្នុងទ្រុងបន្ថែមដូចជា ស្លឹករុក្ខជាតិ ស្មៅ កាកសំណល់បានមកពីផលិតផលកសិកម្ម ឬកាកសំណល់ផ្ទះបាយ​ឬក៏ចំណីផ្សំ។ល។

  • ក្នុងករណីឲ្យពពែស៊ីពាក់កណ្តាលថ្ងៃនៅលើវាលស្មៅ ត្រូវផ្តល់ចំណីបៃតងបន្ថែមឲ្យវាស៊ីច្រើនដងនៅពេលរសៀល បន្ទាប់ពីបញ្ចូលទ្រុងរួច
  • ក្នុងករណីពពែស៊ីពេញមួយថ្ងៃលើវាលស្មៅ គេអាចផ្តល់ចំណីឲ្យវាស៊ីក្នុងទ្រុងមួយថ្ងៃម្តងនៅពេលល្ងាច។

ត្រូវដាក់ទឹកស្អាត និងថ្មខនិជ (សារធាតុរ៉ែ) ឬអំបិល ឲ្យសត្វលិតគ្រប់ពេលវេលា។ ការថែទាំសុខភាពរបស់សត្វមានសារៈសំខាន់ណាស់ក្នុងកំឡុងពេលរដូវភ្លៀង និងក្នុងការផ្តល់ចំណីក្នុងទ្រុង។

៧.១.៤. ទំលាប់របស់សត្វពពែក្នុងការឲ្យចំណី

ទំលាប់របស់វា គឺរើសអើងនូវរសជាតិចំណី វាត្រូវការចំណីស្អាត ជាសត្វខ្ជះខ្ជាយ ហើយមិនចូលចិត្តស៊ីចំណីដែលធ្លាក់នៅខាងក្រោម។ ពពែចូលចិត្តអាហារលាយបញ្ចូលគ្នាដូចជា៖

  • ស្លឹកឈើ ស្លឹករុក្ខជាតិពពួកកួរ និងស្មៅ
  • កាកសំណល់ផ្ទះបាយបានមកពីធញ្ញជាតិ ផ្លែឈើ និងបន្លែ
  • អនុផលកសិកម្មផ្សេងៗ។

ពពែជាសត្វមិនចូលចិត្តចំណីកខ្វក់ ក្លិនស្អុយ សើម ឬចំណីដែលជាន់ឈ្លីពីលើ។ បើយើងដាក់ចំណីឲ្យវាស៊ីច្រើនក្នុងពេលតែមួយ វាធ្វើឲ្យខ្ជះខ្ជាយ និងសល់ច្រើន។ ចំណីត្រូវតែស្អាត ស្រស់ និងស្ងួត។ ចំណីត្រូវដាក់ក្នុងទ្រុង ឬធ្នើរ ដែលត្រូវថែរក្សាឲ្យស្អាតជានិច្ច។ គេអាចចងព្យួរមែក ធាង ស្លឹកឈើ ឲ្យពពែស៊ី។ គួរផ្តល់ចំណីឲ្យពពែពី ២-៣ដងក្នុង១ថ្ងៃ នូវបរិមាណតិចទើបប្រសើរ ដើម្បីជៀសវាងនូវការខ្ជះខ្ជាយចំណី។

៨. ប្រភេទចំណី និង ប្រភពចំណី ការផ្ដល់ចំណី និងការគ្របគ្រងអាស្រ័យលើ៖

  • ទីធ្លាសមស្របសំរាប់ចិញ្ចឹមពពែលែងឲ្យស៊ីស្មៅ ឬសំរាប់ចិញ្ចឹមចង
  • ទីធ្លាសំរាប់ផលិតស្មៅស្ងួត ឬចំបើង ឬការផ្ដល់ចំណីដែលបានមកពីអនុផលកសិកម្ម
  • សារៈសំខាន់នៃទីធ្លាក្នុងការចិញ្ចឹមពពែជាប្រភពមួយនៃប្រាក់ចំណូល។

៨.១. ការលែងឲ្យស៊ីលើវាលស្មៅ

ការលែងឲ្យស៊ីលើវាលស្មៅ (និងចង) មានសារៈប្រយោជន៍ជាមូលដ្ឋាន ៤៖

  • ប្រើប្រាស់រុក្ខជាតិពីធម្មជាតិ (natural vegetation)
  • ​ផ្ដល់របបចំណីច្រើនមុខ និងធ្វើឲ្យមានតុល្យភាព
  • ផ្ដល់ចំណីដល់សត្វដោយពុំមានចំណាយពីអ្នកចិញ្ចឹម
  • ជាការងារតិចតួចដែលធ្វើដោយមនុស្សចាស់ ឬកូនក្មេង។

ក៏ប៉ុន្តែវាលស្មៅត្រូវបានប្រើប្រាស់អាស្រ័យទៅតាមរុក្ខជាតិ​ (their vegetation) និងលំនឹងរបស់បរិស្ថាន  (ecological stability)​។

មិនត្រូវលែងឲ្យស៊ីលើវាលស្មៅក្នុងករណី៖

  • រុក្ខជាតិដុះរ៉ុយៗ
  • វាលស្មៅជម្រាល
  • ក្នុងកំឡុងពេលភ្លៀង
  • ក្នុងកំឡុងពេលប្រមូលផលដំណាំ។

ការចង ឬការកំណត់ព្រំដែនឲ្យស៊ីស្មៅលើវាលស្មៅអាចប្រព្រឹត្តទៅនៅកន្លែងដែលមានរុក្ខជាតិជាមធ្យម។

៨.២. ការកំណត់ព្រំដែនឲ្យស៊ីលើវាលស្មៅ  សារៈប្រយោជន៍៖

  • ការពារវាលស្មៅពីការប្រើប្រាស់ហួសកំណត់
  • ផ្ដល់ឱកាស និងការលូតលាស់ឡើងវិញរបស់រុក្ខជាតិ
  • ធ្វើឲ្យការប្រើប្រាស់វាលស្មៅមានកំរិតអតិបរមា និងប្រើប្រាស់បានយូរ។

ការឲ្យស៊ីលើវាលស្មៅអាចត្រូវបានត្រួតពិនិត្យដោយ

  • អ្នកគង្វាលពពែ                          (កំណត់បរិវេណ)
  • រយៈពេលប៉ុន្មានម៉ោង/ថ្ងៃ            (កំណត់រយៈពេល)
  • ចំនួនហ្វូងពពែលើវាលស្មៅ           (កំណត់ចំនួនសត្វ)
  • ចង ឬមានរបងព័ន្ធជុំវិញ            (កំណត់បរិវេណ)

ការចិញ្ចឹមពពែចងលើវាលស្មៅ ត្រូវបានអនុវត្តចំពោះហ្វូងសត្វដែលមានចំនួនតិច។ ទីធ្លាសំរាប់ការចិញ្ចឹមចងត្រូវមានផ្តល់ម្លប់ និងត្រូវជ្រើសរើសកន្លែងដែលសំបូរទៅដោយរុក្ខជាតិបៃតងដូចជា ស្មៅ និងស្លឹករុក្ខជាតិផ្សេងៗ។ ចំពោះការចងឲ្យស៊ីលើវាលស្មៅពាក់កណ្តាលថ្ងៃគួប្រើខ្សែប្រវែងពី ៣-៥ម៉ែត្រ ហើយចំពោះការចងពពែឲ្យស៊ីពេញ១ថ្ងៃចាំបាច់ត្រូវផ្លាស់ប្តូរស្នឹងនៅពេលថ្ងៃត្រង់។

ការគ្រប់គ្រងការលែងឲ្យស៊ីលើវាលស្មៅ

  • កំណត់ឲ្យស៊ីលើវាលស្មៅអាស្រ័យទៅលើរុក្ខជាតិ និងបរិស្ថាន
  • អនុញ្ញាតឲ្យស៊ីលើវាលស្មៅអតិបរមាពី ៨-៩ម៉ោង
  • ឲ្យពពែស៊ីលើវាលស្មៅនៅពេលស្ងួត
  • បញ្ចេញហ្វូងពពែឲ្យស៊ីលើវាលស្មៅក្រោយពីស្ងួតទឹកសន្សើម (បន្ទាប់ពីម៉ោង ៧-៨ព្រឹក)
  • ជៀសវាងការបំផ្លាញដំណាំផ្សេងៗ
  • ជៀសវាងការឲ្យស៊ីលើវាលស្មៅជាមួយហ្វូងគោ
  • បន្ទាប់ពីការផ្តល់ចំណីក្នុងគ្រោលអស់រយៈពេលយូរ ត្រូវកំណត់ពេលក្នុងការលែងឲ្យស៊ីស្មៅ។ លើកដំបូងត្រូវឲ្យវាស៊ីរយៈពេលខ្លីរួចបង្កើនពេលបន្តិចម្តងៗ
  • កូនពពែចាប់ផ្តើមឲ្យស៊ីលើវាលស្មៅជាលើកដំបូងក្នុងអាយុ ១ខែ
  • មិនត្រូវលែងពពែឲ្យស៊ីលើវាលស្មៅនៅរដូវភ្លៀង នៅពេលរុក្ខជាតិដុះរ៉ុយៗ និងនៅលើទីជម្រាល
  • មិនត្រូវលែងពពែឲ្យស៊ីលើវាលស្មៅសើម
  • មិនត្រូវលែងពពែឲ្យស៊ីយូរលើវាលស្មៅខ្ចី ដែលសំបូរដើមឈើមានស្លឹកខ្ចី ឬសំបូររុក្ខជាតិពពួកកួរ ឧទាហរណ៍ កន្ធំថេត អង្គារដី។ល។ (ធ្វើឲ្យពពែហើមពោះ)

មិនត្រូវឲ្យមេពពែដើរស៊ីលើវាលស្មៅក្នុងកំឡុងពេលផើម២សប្តាហ៍ចុងក្រោយ និងកំឡុងពេល៣សប្តាហ៍ដំបូងបន្ទាប់ពីកើតកូនរួច។

ប្រភព សៀវភៅ ការចិញ្ចឹមពពែជាលក្ខណៈគ្រួសារនៅកម្ពុជា (អង្គការសេដាក)

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

វិធីសាស្រ្តគ្រប់គ្រងស្ពៃក្ដោបក្រោយពេលប្រមូលផល   

មានប្រជាកសិករមួយចំនួនមិនទាន់បានដឹងច្បាស់នៅឡើយអំពីការប្រមូលផល និងទុកដាក់ស្ពៃក្តោបឲ្យមានអនាម័យ ព្រមទាំងនាធានូវគុណភាពបានយូរ។ នៅពេលនេះ សហគមន៍សម្បូរសប្បាយ សូមបង្ហាញអំពីចំណុចទាំងនេះដូចខាងក្រោម។