Home / កសិកម្ម / ជោគជ័យក្នុងការបំប៉នគោរបស់លោកពូ ស៊ឹម ឡុត

ជោគជ័យក្នុងការបំប៉នគោរបស់លោកពូ ស៊ឹម ឡុត

លោកពូ ស៊ឹម ឡុត ជាកសិករម្នាក់ ដែលរស់នៅក្នុងភូមិចំការខ្លុយ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិសាត់។ ក្រៅពីធ្វើស្រែចំការ គាត់មានចិញ្ចឹមគោដើម្បីលក់យកផលចំណេញផង និងប្រើជាកម្លាំងអូសទាញផង។ ពីមុនគាត់អាចលក់គោបានតែនៅរដូវប្រាំង ដែលពួកគាត់មិនប្រើវា តែវាជាខែដែលគោមិនមានចំណីស៊ីគ្រប់គ្រាន់ ហើយមានសភាពស្គមស្គាំង ជាហេតុធ្វើឲ្យគាត់មិនអាចលក់បានថ្លៃ។ គុណភាពផ្ទាំងសាច់ទាប និងលក្ខខណ្ឌដងខ្លួនទាបនាំឲ្យឈ្មួញមានឱកាសបញ្ចុះតម្លៃគោរបស់គាត់ និងធ្វើឲ្យគាត់មិនអាចទទួលបានផលចំណេញ។

 

ក្រោយការផ្តល់ហិរញ្ញប្បទានពីសកម្មភាពអឺរ៉ុប និង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រតាមរយៈការកែលម្អវិស័យចិញ្ចឹមសត្វ និងសុខភាពសត្វ។ ដោយឡែកលោកពូ ស៊ឹម ឡុត ជាកសិករម្នាក់ដែលបានទទួលផលពីកម្មវិធីបំប៉នគោ ដែលរៀបចំដោយអង្គការ FAO ដែលជាផ្នែកមួយនៃអ្នកអនុវត្តគម្រោង។ ដោយចូលរួមគាំទ្របន្តពីការិយាល័យផលិតកម្ម និងបសុ​ព្យា-​ បាលនៃខេត្តពោធិសាត់ អង្គការអ្នកក្សេត្រសាស្ត្រ និងពេទ្យសត្វគ្មានព្រំដែន បានចូលរួមចំណែកលើកកំពស់ដល់ការទទួលបាននិរន្តរភាពក្នុងការបំប៉នគោរបស់លោកពូ ស៊ឹម ឡុត និងកសិករដទៃទៀតនៅក្នុងក្រុមចិញ្ចឹមគោ។ ការចូលរួមចំណែកធ្វើឡើងតាមរយៈការជំរុញ ការអនុវត្តបច្ចេកទេស  ការផ្គត់ផ្គង់ធនធានផលិតកម្ម និងសេវាកម្ម ព្រមទាំងការកសាងសមត្ថភាពគ្រប់គ្រងក្រុមចិញ្ចឹមគោ។

ពេលនេះលោកពូ ស៊ឹម ឡុត មានលទ្ធភាព និងបទពិសោធន៍បំប៉នគោរបស់គាត់ និង គោស្គមដែលទិញពីក្រៅដើម្បីបំប៉នលក់យកផលចំណេញ ដោយគាត់ចេះធ្វើផ្អកចំបើង ដាំដំណាំចំណីសត្វ និងផ្សំចំណីសំរាប់ផ្តល់ដល់គោរបស់គាត់​។ ក្រៅពីនេះគាត់មានសមត្ថភាពគ្រប់គ្រងក្រុមចិញ្ចឹមគោរបស់​គាត់ឲ្យមានដំណើរការល្អទៀតផង។ លោកពូមានប្រសាសន៍ថា គោរបស់គាត់ត្រូវបានបំប៉នដោយផ្តល់ចំបើងផ្អាប់ (ផ្អកចំបើង) ជាចំណីមូលដ្ឋាន ឯស្មៅ និងចំណីផ្សំជាចំណីបន្ថែម​។គាត់បានបន្ថែមទៀតថា ផ្អកចំបើងមានគុណប្រយោជន៍ជាង​ចំបើងធម្មតាដូចជា៖

  • ធ្វើឲ្យចំបើងមានសភាពទន់ និងគោចូលចិត្តស៊ីជាងមុន
  • មានសារធាតុចិញ្ចឹម (ប្រូតេអ៊ីន) ច្រើនជាងចំបើងធម្មតា
  • ធ្វើឲ្យគោផឹកទឹកច្រើនជាងមុន
  • មានលាមកច្រើនជាងមុន
  • ធ្វើឲ្យគោធំធាត់លឿន។
  • លោកពូឡុតនិយាយថា ដើម្បីធ្វើផ្អកចំបើងបានល្អ យើងត្រូវសាងសង់អាងសម្រាប់ផ្អាប់ផ្អក     ចំបើងមួយដែលខណ្ឌជាពីរផ្នែក និងគួរមានទំហំអាស្រ័យទៅនឹងចំនួនគោដែលត្រូវបំប៉នដោយផ្អែកលើ៖
  • ត្រូវផ្តល់ចំបើងផ្អាប់ ២គីឡូក្រាមក្នុង១ថ្ងៃ ក្នុង១០០គីឡូក្រាមទំងន់គោមាឌអាង ១ម៉ែត្រគូប អាចដាក់ចំបើងផ្អាប់បាន ១០០គីឡូក្រាម។​

របៀបធ្វើផ្អកចំបើង និងផ្តល់ឲ្យគោស៊ី

  • សម្ភារៈ ដែលចាំបាច់សម្រាប់ធ្វើចំបើងផ្អាប់រួមមាន ចំបើង ជីហុយរ៉េ (ជីស) ជញ្ជីង ធុងទឹក និងទឹក
  • លាយជីអ៊ុយរ៉េ ៥គីឡូក្រាមសម្រាប់ចំបើង ១០០គីឡូក្រាម និងទឹក ៥០លីត្រ
  • ចំនួនជីអ៊ុយរ៉េ និងទឹក ត្រូវប្រែប្រួលទៅតាមទំងន់ចំបើងដែលត្រូវផ្អាប់
  • ទើបស្រោចល្បាយជីអ៊ុយរ៉េម្តង និងជាន់ឲ្យបានហាប់ណែនល្អ
  • បន្តធ្វើបែបនេះរហូតដល់អស់ចំបើងត្រូវផ្អាប់
  • គ្របចំបើងទើបផ្អាប់នោះឲ្យជិតក្នុងរយៈពេល​២អាទិត្យសម្រាប់រដូវប្រាំង និង ៣អាទិត្យសម្រាប់រដូវវស្សា
  • រៀបចំបើងជាស្រទាប់កំរាស់ប្រហែល២តឹក

ការលាយជីអ៊ុយរ៉េសម្រាប់ស្រោចលើចំបើង

ការថ្លឹងចំបើងសម្រាប់ផ្អាប់

 

ការស្រោចល្បាយជីអ៊ុយរ៉េលើចំបើងរៀបហើយ

    ការគ្របចំបើងដែលទើបស្រោចល្បាយជីអ៊ុយរ៉េលាយរួច

  • ផ្អកចំបើងត្រូវផ្អាប់ ២១ថ្ងៃ មានពណ៌ក្រហមចាស់ មានក្លិនឈួល និងមិនមានដុះផ្សិត
  • ទាញយកចំបើងផ្អាប់តាមលំដាប់ ដើម្បីកុំឲ្យចូលខ្យល់
  • លាយចំបើងផ្អាប់បន្តិចម្តងៗ ៥-៧ថ្ងៃ
  • ចាប់ពីថ្ងៃទី៨ អាចឲ្យគោស៊ីចំបើងផ្អាប់ ២គីឡូក្រាម ក្នុងទំងន់គោ ១០០គីឡូក្រាម
  • ដាក់ទឹកឲ្យគោផឹកជាប្រចាំ។

ផ្អកចំបើងក្រោយពីផ្អាប់២១ថ្ងៃ

គោមានសភាពធាត់ក្រោយឲ្យស៊ីផ្អកចំបើង២ខែ

គាត់មានប្រសាសន៍ថា នៅឆ្នាំ២០១០ គាត់បានបំប៉នគោចំនួន ៨ក្បាល ដែលជាគោស្គម ហើយលក់វិញនៅពេលវាធាត់។ គាត់បានទទួលផលចំណេញយ៉ាងច្រើនក្នុងការសម្រួលដល់ជីវភាពរស់នៅរបស់គ្រួសារគាត់បន្ថែមលើមុខរបរផ្សេងទៀត។គាត់បន្តទៀតថា គាត់នឹងបំប៉នគោនិងទិញគោ ដើម្បី​ចិញ្ចឹមបន្ថែមឲ្យបានច្រើនជាងនេះ៕

 

ដោយលោក ឆេង សៅឡេង

អង្គការអ្នកក្សេត្រសាស្ត្រ និងពេទ្យសត្វគ្មានព្រំដែន (AVSF)

ទូរស័ព្ទលេខ ០៨៩ ៦៦១ ៤៥៣ (លោក ស៊ឹម ឡុត)

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ឧបករណ៍កំចាត់ស្មៅ បំផុសដី «នាគស្រែ»

នៅពេលនេះ សហគន៍សម្បូរសប្បាយ សូមណែនាំប្រជាកសិករយើងឲ្យស្គាល់ឧបករណ៍សាមញ្ញមួយដែលគេហៅថា «នាគស្រែ»។ ឧបករណ៍នាគស្រែនេះ គឺគេបង្កើតឡើងដើម្បីជួយកសិករក្នុងការកំចាត់ស្មៅ និងបំផុសដីក្នុងពេលតែមួយ។