នៅពេលនេះ សហគមន៍សម្បូរសប្បាយ ផ្សព្វផ្សាយនូវអត្ថបទមួយទៀតពាក់ព័ន្ធនឹងការចិញ្ចឹមត្រី ដែលផ្តោតទៅលើ របៀបវេចខ្ចប់ ដឹកជញ្ជូន លែងកូនត្រី, ការពិនិត្យគុណភាពកូនត្រី, ប្រភពកូនត្រី និងការធ្វើអនាម័យលើខ្លួនកូនត្រី, ទំហំ និងដង់ស៊ីតេកូនត្រី មានខ្លឹមសារដូចខាងក្រោម។
១. របៀបវេចខ្ចប់ ដឹកជញ្ជូន និងលែងកូនត្រី
ក. របៀបខ្ចប់កូនត្រីដោយបិទជិត (ថង់ប្លាស្ទិក)
មុនពេលធ្វើការវេចខ្ចប់កូនត្រី យើងត្រូវរៀបចំត្រៀមសំភារៈមួយចំនួនដូចជា កាធុន ទឹកស្អាត ខ្យល់អុកស៊ីសែន កៅស៊ូកង និងថង់ប្លាស្ទិក (ទំហំថង់ ៦០សង្ទីម៉ែត្រ x ១០០សង់ទីម៉ែត្រ)។ ដំណើរការរៀបចំវេចខ្ចប់កូនត្រីយើងត្រូវអនុវត្តតាម ៣ជំហានដូចខាងក្រោម៖
ជំហានទី១៖ ត្រូវពិនិត្យថង់កៅស៊ូមានធ្លុះធ្លាយឬអត់។ បើដឹកជញ្ជូនផ្លូវឆ្ងាយត្រូវដាក់ថង់កៅស៊ូ២ជាន់ និងដាក់សំបកបាវពីខាងក្រៅថង់ ដើម្បីការពារការប៉ះ ឬធ្លាយថង់ដែលអាចបណ្តាលឲ្យខ្យល់ចេញអស់ពីថង់ និងធ្វើឲ្យកូនត្រីងាប់។
ជំហានទី២៖ បញ្ចូលទឹកស្អាតចូលក្នុងថង់កៅស៊ូប្រមាណ១ភាគ៣នៃមាឌថង់។ រួចរាប់កូនត្រីដាក់ចូលក្នុងថង់បន្ទាប់មកបញ្ចូលខ្យល់អុកស៊ីសែន។ ចំនួនកូនត្រីស្តុកក្នុងថង់អាស្រ័យនឹងទំហំកូនត្រី ឬប្រវែងកូនត្រី (កូនត្រីតូចឬធំ)។ ក្នុង១ថង់ដាក់កូនត្រីបានពី ៣៥០ក្បាល ទៅ៥០០ក្បាល (១,៥គីឡូក្រាម ទៅ២គីឡូក្រាម)។
ជំហានទី៣៖ បញ្ចូលខ្យល់អុកស៊ីសែនក្នុងថង់ឲ្យណែនរួចប្រើកៅស៊ូកងដើម្បីរិត។
ខ. ពេលវេលានៃការដឹកកូនត្រី
ពេលដឹកជញ្ជូនកូនត្រីទៅកន្លែងឆ្ងាយ គប្បីកុំដាក់ថង់ស្តុកកូនត្រីត្រូវកំដៅថ្ងៃ ឬដាក់ហាលថ្ងៃពីព្រោះវាធ្វើឲ្យបាត់បង់អុកស៊ីសែន ឬខ្យល់ក្នុងថង់ និងបំលែងទៅជាជាតិពុលក្នុងថង់ (ញើសក្នុងថង់)។ ដូច្នេះនៅពេលដឹកកូនត្រីគប្បីដាក់កំប្លោកឬយកក្រណាត់ជ្រលក់ទឹកគ្របពីលើថង់កូនត្រី។ រយៈពេលដឹកជញ្ជូនកូនត្រីមិនឲ្យលើសពី៣ម៉ោង ប្រសិនបើលើសពី៣ម៉ោងនេះ ថង់កូនត្រីនឹងអាចធូរខ្យល់ (អស់ខ្យល់ពីក្នុងថង់) ពេលនោះយើងត្រូវបញ្ចូលខ្យល់សារជាថ្មី ពេលវេលាសមស្របដឹកកូនត្រីគឺនៅពេលព្រឹក ឬពេលល្ងាចត្រជាក់ ជាពិសេសពេលមេឃមានអាកាសធាតុមិនក្តៅខ្លាំង។
គ. ការត្រាំថង់កូនត្រីចូលក្នុងរណ្តៅទឹក
មុននឹងលែងកូនត្រីចូលក្នុងរណ្តៅ ត្រូវដាក់ថង់កូនត្រីត្រាំទឹកក្នុងរណ្តៅពី១៥-២០នាទីសិន ដើម្បីឲ្យស៊ីតុណ្ហភាពប្រហាក់ប្រហែលគ្នាផង និងកាត់បន្ថយការនឿយហត់របស់ត្រីផង។
ឃ. របៀបលែងកូនត្រី
យើងត្រូវយកដៃកូរទឹកក្នុងរណ្តៅពីក្រោមមកលើ ដើម្បីឲ្យទឹកក្នុងរណ្តៅមានកំដៅប្រហាក់ប្រហែលគ្នា។ បន្ទាប់មកស្រាយមាត់ថង់ រួចយកដៃបាចទឹកពីខាងក្រៅចូលក្នុងថង់កូនត្រី ហើយឲ្យកូនត្រីហែលចេញតាមសំរួល។ គប្បីលែងកូនត្រីនៅម៉ោង ៩ព្រឹកឬម៉ោង ៥ល្ងាច ទើបកូនត្រីមានសុខភាពល្អ និងមិនងាប់ ពីព្រោះពេលនេះទឹកមិនសូវក្តៅ និងទឹកក្នុងរណ្តៅមានអុកស៊ីសែនគ្រប់គ្រាន់។
២. ការពិនិត្យគុណភាពកូនត្រី
កូនត្រីមានសុខភាពល្អ គឺមានរូបរាងមាំមួន ពណ៌សម្បុរស្រស់ថ្លារលោង។ លើខ្លួនកូនត្រីគ្មានស្នាមរបួស ឬដំបៅ និងគ្មានជំងឺ។ ពេលដួសកូនត្រីដាក់ក្នុងកាធុនទឹក គេឃើញកូនត្រីមានសកម្មភាពហែលរហ័សរហួន បញ្ជាក់ថាកូនត្រីមានសុខភាពល្អ។ បើសិនឃើញកូនត្រីមានអុតសៗលើខ្លួន និងកន្ទុយពេលដាក់ចូលកាធុនវាទំលាក់កន្ទុយសំយុងចុះ ហើយព្យួរព្រុយពុកមាត់ឡើងលើ មានន័យថាកូនត្រីនេះមានសុខភាពខ្សោយ ពេលដាក់ចូលក្នុងរណ្តៅចិញ្ចឹមវាអាចងាប់ច្រើន។
៣. ប្រភពកូនត្រី និងការធ្វើអនាម័យលើខ្លួនកូនត្រី
កូនត្រីពូជដែលកសិករចិញ្ចឹមសព្វថ្ងៃ មានប្រភពមកពីកន្លែងខុសៗគ្នាគឺ កូនត្រីចាប់ពីធម្មជាតិ និងកូនត្រីទិញពីកន្លែងបន្សាំ ឬកន្លែងស្តុកកូនត្រី ដើម្បីលក់ចែកចាយបន្តទៅឲ្យអ្នកចិញ្ចឹម។
កូនត្រីដែលយកពីកន្លែងស្តុក ឬបន្សាំលក់កូនត្រីគឺភាគច្រើនសំបូរជំងឺ។ ដូចនេះ អ្នកចិញ្ចឹមត្រីគួរស្វែងយល់ពីបច្ចេកទេស ឬសាកសួរអ្នកមានបទពិសោធន៍។ អ្នកយកកូនត្រីពីកន្លែងស្តុក ឬកន្លែងចែកចាយកូនត្រី គឺចាំបាច់ត្រូវសំអាត និងបំបាត់មេរោគលើខ្លួនត្រីតាមរបៀបដូចខាងក្រោម។
គេដួសទឹកពីក្នុងរណ្តៅចាក់ចូលក្នុងកាធុន (ទឹកចំនួន៥លីត្រ + អំបិល១ស្លាបព្រាបាយ) កូរឲ្យរលាយចូលគ្នា។ បន្ទាប់មកចាក់កូនត្រីចេញពីថង់ចូលក្នុងកាធុននោះឲ្យកូនត្រីហែល៥នាទី បន្ទាប់មកទៀតចាក់ទឹកអំបិលចេញស្រង់យកតែកូនត្រី ហើយលែងចូលក្នុងរណ្តៅភ្លាម។
៤. ទំហំ និងដង់ស៊ីតេកូនត្រី (ចំនូនកូនត្រីដាក់ចិញ្ចឹម)
ដើម្បីចិញ្ចឹមត្រីទទួលបានផលល្អ និងមានអត្រាងាប់តិច យើងគួរគិតដល់ទំហំកូនត្រី និងចំនួនកូនត្រីដែលត្រូវចិញ្ចឹមក្នុងរណ្តៅឲ្យសបស្របតាមបច្ចេកទេស។ បើសិនជាយើងលែងកូនត្រីចូលក្នុងរណ្តៅច្រើនពេក (លែងក្នុងកំរិតដង់ស៊ីតេខ្ពស់) ហើយការផ្តល់ចំណី និងគ្រប់គ្រងទឹកមិនបានល្អ វាអាចធ្វើឲ្យត្រីចិញ្ចឹមរបស់អ្នកមានការលូតលាស់យឺត (មិនធំធាត់) និងអាចធ្វើឲ្យត្រីងាប់ច្រើន។
ដូច្នេះ ដើម្បីចិញ្ចឹមបានល្អ គួរលែងកូនត្រីក្នុងកំរិតមួយសមស្របគឺ កូនត្រី ៤០ក្បាល ទៅ៥០ក្បាល ក្នុង១ម៉ែត្រការ៉េ នៃផ្ទៃរណ្តៅ។ ចំពោះកូនត្រីអណ្តែងគេតែងតែនិយាយខ្នាត វាស់ទទឹងក្បាល (ទំហំទទឹងក្បាល ៨លី, ១០លី និង១២លី)។
ឧទាហរណ៍. បើសិនរណ្តៅចិញ្ចឹមត្រីរបស់អ្នកមានទំហំ ៦ម៉ែត្រការ៉េ អ្នកត្រូវលែងកូនត្រីចំនួន ៤០ទៅ៥០ក្បាល ក្នុង១ម៉ែត្រការ៉េនៃផ្ទៃរណ្តៅ។ ដូច្នេះចំនួនកូនត្រីសរុបដែលត្រូវលែងចូលក្នុងរណ្តៅមាន៖
រណ្តៅមានទំហំ ៦ម៉ែត្រការ៉េ ស្មើនឹង ៦X៥០=៣០០ក្បាល (កូនត្រី)