Home / ទេសចរណ៍ / សាស្រ្ដាចារ្យ អាំង ជូលាន «គ្មានពេលណាមួយ ដែលខ្មែរបោះបង់ចោលអង្គរ ឲ្យក្លាយជាព្រៃរហោឋាននោះទេ»

សាស្រ្ដាចារ្យ អាំង ជូលាន «គ្មានពេលណាមួយ ដែលខ្មែរបោះបង់ចោលអង្គរ ឲ្យក្លាយជាព្រៃរហោឋាននោះទេ»

គេហទំព័រ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា បាឋកថាស្ដីពី «ប្រវត្តិសង្ខេបតំបន់អង្គរ» ដែលធ្វើឡើងដោយលោកសាស្រ្ដាចារ្យ អាំង ជូលាន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា បង្ហាញប្រវត្តិសាស្រ្តយ៉ាងទូលំទូលាយ ចាប់ពីវត្តមានមនុស្សដំបូងមករស់នៅក្នុងតំបន់អង្គររហូតដល់ដើមសម័យទំនើប។

លោកសាស្រ្តាចារ្យ បានព្យាយាមពន្យល់អ្នកចូលរួមស្ដាប់បានយ៉ាងក្បោះក្បាយតាមរយៈចំណេះដឹងនិងការសិក្សាស្រាវជា្រវរបស់លោក ចេញពីទស្សនៈខាងនរវិទ្យា សាសនា សិលាចារឹក និងបុរាណវិទ្យា ដោយបានរៀបរាប់ពីសម័យប្រវត្តិសាស្រ្ដសំខាន់ៗរបស់ប្រទេសកម្ពុជា គឺចាប់ពីសម័យមុនអង្គរ សម័យអង្គរ សម័យកណ្ដាល និងដើមសម័យបច្ចុប្បន្ន ដោយបានលើកបរិយាយអំពីសារសំខាន់ភូមិសាស្រ្តតំបន់អង្គរ ការកកើតដំបូងនៃអាណាចក្រខ្មែរ ការរៀបចំទឹកដីនិងកែប្រែធម្មជាតិរបស់ព្រះមហាក្សត្រខ្មែរ ចាប់ពីភ្នំគូលែន (ឬមហេន្រ្ទបវ័ត) ដែលជាប្រភពនិងក្បាលម៉ាស៊ីនទឹក ចុះមកអាងទឹកគឺទន្លេសាប។ល។

បាឋកថាស្ដីពី ប្រវត្តិសង្ខេបតំបន់អង្គរនេះ បានទាក់ទាញមហាជនជាខ្លាំង ដោយមានអ្នកចូលរួមស្ដាប់ផ្ទាល់ប្រមាណ២០០នាក់ និងអ្នកតាមដាន ការផ្សាយផ្ទាល់តាមបណ្តាញសង្គមជិត១០០០នាក់បន្ថែមទៀត។ ខ្លឹមសារសំខាន់ៗនៃបាឋកថានេះ អ្នកចូលរួមអាចចាប់បានថា អង្គរជាមរតវប្បធម៌គ្មានអ្វីប្រៀបផ្ទឹមនៃប្រជាជាតិខ្មែរ។ តំណែលបុរាណដ៏មានសារសំខាន់នេះ ញ៉ាំងឲ្យខ្មែរមានស្មារតីចងចាំពីអតីតកាលរបស់ខ្លួនមិនដែលដាច់ ព្រមទាំងផ្តល់ក្តីសង្ឃឹមទៅថ្ងៃអនាគតផង។ តំណែលដ៏រស់រវើកនេះ បានឆ្លងកាត់ច្រើនសតវត្សមកហើយ រហូតដល់បង្កើតជាគ្រឹះនៃអត្តសញ្ញាណខ្មែរទាំងមូល។ អង្គរមិនត្រឹមតែជាតំបន់ភូមិសាស្ត្រ និងវត្ថុបុរាណគ្រប់បែបយ៉ាងដែលមាននៅសល់ដល់បច្ចុប្បន្នទេ តែលើសពីនេះទៅទៀត អង្គរសំដៅទៅលើអារ្យធម៌ដ៏ធំធេងមួយ ដែល​លាតសន្ធឹងហួសឆ្ងាយពីព្រំដែនប្រទេសផង។ អារ្យធម៌មួយនេះជ្រួតជ្រៀបនិងចាក់ឫសគ្រប់ទិដ្ធភាពនៃសង្គមខ្មែរ។ បន្ថែម​លើសនេះទៅទៀត កង្វល់និងការយកចិត្តទុកដាក់ ក្នុងការថែរក្សាមរតកអង្គរឲ្យគង់វង្សនោះ តែងមានក្នុងចិត្តគំនិតខ្មែរតាំង​ពីបុរាណកាលមកម្ល៉េះ។ នេះជាការបញ្ជាក់បន្ថែមពីលោកសាស្រ្ដាចារ្យ អាំង ជូលាន។


ទន្ទឹមគ្នានេះដែរ លោកសាស្រ្តាចារ្យ អាំង ជូលាន ក៏បានពន្យល់ណែនាំដល់យុវជន ដែលតែងតែមកចូលរួមក្នុងបាឋកថាដូច្នេះ​ថា ដើម្បីឲ្យភ្ញៀវទេសចរគោរពបុរាណដ្ឋានរបស់យើង ទាល់តែយើងបង្ហាញដូចករណីនៅអង្គរវត្ត ដែលជាង៤០០ឆ្នាំក្រោយហើយ ខ្មែរនៅតែគោរពបុរាណដ្ឋានរបស់ខ្លួនឲ្យដូចបុរាណ ទាល់តែយើងឲ្យឧទាហរណ៍ ពេលឃើញគេធ្វើផ្តេសផ្តាស់ យើងហ៊ានថាឲ្យ ទាល់​តែយើងកុំមានអកប្បកិរិយាផ្តេសផ្តាស់នៅតាមទីកន្លែងបុរាណដ្ឋាន ព្រោះយើងជាម្ចាស់ផ្ទះ ត្រូវធ្វើឲ្យត្រឹមត្រូវ និងជាគំរូដល់ទេសចរទាំងនោះ។ល៕

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

១៥-១៨ ធ្នូ មានតាំងពិព័រណ៍ផលិតផលខ្មែរ ថៃ នៅកោះពេជ្រ

ចាប់ពីថ្ងៃទី១៥ ដល់ ១៨ ខែធ្នូ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ មានការដាក់តាំងពិព័រណ៍នូវផលិតផលខ្មែរ ថៃ និងទំនិញនាំចេញ-នាំចូល លើកទី១៤។