Home / កសិកម្ម / បច្ចេកទេសធ្វើរណ្តៅក្រាលកៅស៊ូ សំរាប់ចិញ្ចឹមត្រី

បច្ចេកទេសធ្វើរណ្តៅក្រាលកៅស៊ូ សំរាប់ចិញ្ចឹមត្រី

បច្ចុប្បន្ននេះ មានបងប្ងូនជាច្រើនចង់ចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ ដើម្បីបានត្រីធម្មជាតិបរិភោគ។ ចំពោះបងប្អូនមួយចំនួនមិនទាន់មានចំណេះដឹងគ្រប់គ្រាន់នៅឡើយក្នុងការធ្វើរណ្តៅក្រាលកៅស៊ូសំរាប់ចិញ្ចឹមត្រី។ ខាងក្រោមនេះគឺជាអត្ថបទដែលនិយាយអំពីការធ្វើរណ្តៅក្រាលកៅស៊ូប្លាស្ទិក។

១. ការជ្រើសរើសទីតាំងចិញ្ចឹមក្នុងរណ្តៅ

ដើម្បីឲ្យការចិញ្ចឹមត្រីរបស់អ្នកទទួលបានលទ្ធផលល្អ អ្នកគប្បីជ្រើសរើសកន្លែងចិញ្ចឹមត្រីឲ្យបានសមស្របបំផុត​ ជាពិសេសគួរយកចិត្តទុកដាក់នូវបណ្តាចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

  • នៅក្បែរប្រភពទឹក (ស្រះ ប្រឡាយ និងអណ្តូង) ងាយស្រួលក្នុងពេលបន្ថែម ឬផ្លាស់ប្តូរទឹក
  • នៅឆ្ងាយពីដើមឈើធំៗ (ពីព្រោះវាអាចប៉ះពាល់ដូចជា ស្លឹកជ្រុះ និងឫសចាក់ធ្លាយកៅស៊ូប្លាស្ទិក)
  • កន្លែងមិនលិចទឹកនៅរដូវវស្សា និងទីធ្លាដីខ្ពស់រាបស្មើ
  • នៅក្បែផ្ទះ (ងាយថែទាំ និងការពារ)
  • ដីកន្លែងរៀបចំរណ្តៅចិញ្ចឹម​ជាដីគ្មានកំទេចថ្ម ឬមែកឈើ (វាអាចចាក់ធ្លាយប្លាស្ទិក)។

២. របៀបជីករណ្តៅក្រាលកៅស៊ូ

ក្រោយពីជ្រើសរើសទីកន្លែងចិញ្ចឹមបានសមស្របហើយ គេចាប់ផ្តើមរៀបចំប្លង់រណ្តៅ គូសវាស់និងគណនាក្រឡាផ្ទៃកៅស៊ូប្លាស្ទិកដែលត្រូវយកមកក្រាលក្នុងរណ្តៅជាមុនសិន។ គេត្រូវការប្រើបង្គោលចំនួន ៨ដើម (៤បង្គោលបោះខាងក្នុងជាបាតរណ្តៅ ​និង៤បង្គោលទៀតបោះខាងក្រៅជាមាត់រណ្តៅ) ឲ្យបានជារាងចតុកោណកែង។ គេចាប់ផ្តើមជីក ឬលើកជាភ្លឺ ដើម្បីសង់បានជារណ្តៅមួយ ឬច្រើន។

ក. របៀបជីករណ្តៅ

មុនពេលជីករណ្តៅ ជំហានដំបូងយើងត្រូវវាស់ផ្ទាំងកៅស៊ូជាមុនសិន ដើម្បីជៀសវាងកុំឲ្យជីករណ្តៅធំជាងកៅស៊ូ។ ការជីករណ្តៅត្រូវមានជើងទេរ (ក្រឡាផ្ទៃបាតរណ្តៅតូចជាងក្រឡាផ្ទៃលើ) ដើម្បីជៀសវាងការបាក់ជញ្ជាំងរណ្តៅ។ទំហំរណ្តៅពី៣ម៉ែត្រការ៉េ ទៅ៦ម៉ែត្រការ៉េ ឬធំជាងនេះ និងជំរៅរណ្តៅពី ៨តឹក ទៅ១ម៉ែត្រ​។ វត្ថុធាតុដើមប្រើជាចាំបាច់មានដូចជា ផ្ទាំងកៅស៊ូ ស្បៃមុង បង្គោលឈើ ឬឫស្សី។

ខ. របៀបធ្វើរណ្តៅបណ្តែត

ការរៀបចំរណ្តៅអាស្រ័យទៅតាមស្ថានភាពនិងលក្ខណៈដីទៅតាមភូមិសាស្ត្រនៃសណ្ឋានដីក្នុងតំបន់​នីមួយៗ (ដីខ្សាច់ ដីមានគ្រួស ថ្ម ដីកណ្តេង ដីឥដ្ឋ…)។ បច្ចុប្បន្ននេះ ដោយសារនៅតំបន់មួយចំនួនភាគច្រើនជាប្រភេទដីគ្រួស ថ្ម ឬដីខ្សាច់ គេច្រើនធ្វើរណ្តៅបណ្តែត ដោយមិនចាំបាច់ជីកយកដីចេញ គឺគ្រាន់តែលើកភ្លឺព័ទ្ធជុំវិញ ពីព្រោះរណ្តៅបណ្តែតធានាប្រើបានយូរជាងរណ្តៅ ជីក (មិនងាយបាក់ដី) ការជីករណ្តៅត្រូវជីកមានជើងទេ។

ឧទាហរណ៍សំភារៈមួយចំនួនដែលប្រើប្រាស់ជាប្រចាំបាច់រួមមានដូចជា ផ្ទាំងកៅស៊ូ បន្ទះឫស្សី​ ព្រូល បន្ទះក្តារ សំបកបាវឬការុង និងបង្គោលឈើ ឬឫស្សី។ ការរៀបចំរណ្តៅចិញ្ចឹមត្រីរបៀបនេះ គួរឲ្យមានទំហំក្រឡាផ្ទៃ   រណ្តៅពី ៣ម៉ែត្រការ៉េ ទៅ ៦ម៉ែត្រការ៉េឡើងទៅ និងជំរៅរណ្តៅពី ៨តឹកទៅ១ម៉ែត្រ។

៣. របៀបក្រាលកៅស៊ូក្នុងរណ្តៅ

មុននឹងរៀបចំជីករណ្តៅ យើងត្រូវគណនាទំហំផ្ទៃកៅស៊ូជាមុនសិន បន្ទាប់មកទើបគេចាប់ផ្តើមជីករណ្តៅ។ ដំបូងគេត្រូវត្រួតពិនិត្យផ្ទាំងកៅស៊ូ ក្រែងមានដាច់រហែកឬធ្លុះធ្លាយ ​បន្ទាប់មកពិនិត្យមើលក្នុងរណ្តៅក្រែងមានមែក ឬឫសឈើ ដែក ថ្ម អំបែង ដែលធ្វើឲ្យធ្លុះធ្លាយប្លាស្ទិក ជាពិសេស ពេលយើងដាក់ទឹកពេញ ទឹកសង្កត់ចុះអាចធ្វើឲ្យធ្លាយ ពេលនោះទឹកនឹងហូរចេញអស់ពីរណ្តៅ។

៤. ការកែប្រែគុណភាពទឹកក្នុងរណ្តៅ

ក្រោយពីក្រាលកៅស៊ូរួច យើងយកដីភក់ (ដីបាតបឹង ឬត្រពាំង) មកក្រាលនៅបាតរណ្តៅកំរាស់ ១តឹក រួចដាក់លាមកមាន់ ឬទា ឬជ្រូកស្ងួតទ្រាប់នៅបាតរណ្តៅក្នុងបរិមាណជីលាមកសត្វត្រូវដាក់០,៥គីឡូក្រាមក្នុង១ម៉ែត្រការ៉េ នៃផ្ទៃរណ្តៅ។

៥. កាបញ្ចូលទឹកក្នុងរណ្តៅ

ក្រោយពីដាក់លាមកមាន់ ឬជ្រូកស្ងួតទ្រាប់រួច គេបញ្ចូលទឹកក្នុងរណ្តៅត្រាំទុករយៈពេលតិចបំផុតពី៣ទៅ៥ថ្ងៃ ដើម្បីឲ្យទឹកក្នុងរណ្តៅបង្កើតជាចំណីធម្មជាតិ (ទឹកក្នុងរណ្តៅមានពណ៌ត្រួយចេក)។

៦. របៀបរៀបចំធ្វើជំរកលើ(ដោយដាំកំប្លោក ឬកញ្ឆែត លើផ្ទៃទឹក)

ក្រោយពីបញ្ចូលទឹកក្នុងរណ្តៅត្រាំត្រូវទុករយៈពេលតិចបំផុតពី ៣ថ្ងៃទៅ៥ថ្ងៃ បន្ទាប់មកយកកំប្លោក  តូចៗ មកដាក់ក្នុងរណ្តៅប្រមាណពី ១ភាគ៣នៃផ្ទៃទឹកក្នុងរណ្តៅ ដើម្បីធ្វើជាជំរកឲ្យត្រីចូលជ្រក ពេលអាកាសធាតុក្តៅ។​

៧. ការធ្វើរបាំងការពារជុំវិញរណ្តៅ

ដើម្បីកុំឲ្យត្រីចេញពីរណ្តៅ យើងត្រូវធ្វើរបាំងការពារពីខាងក្នុងដោយប្រើប្រាស់ស្បៃមុង បន្ទះកៅស៊ូ និងព្រូលឫស្សីព័ន្ធជុំវិញរណ្តៅ។ ចំពោះរបាំងខាងក្រៅគឺដាំបង្គោលឈើ ឬឫស្សី និងរបាឫស្សីដើម្បីការពារកុំឲ្យគោ ក្របី ជ្រូក ចូលជាន់ក្នុងរណ្តៅដែលធ្វើឲ្យរហែកកៅស៊ូ។

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបធ្វើបង្អែមពងមាន់

បង្អែមមានជាច្រើនមុខ ក្នុងនោះមានបង្អែមរបស់បរទេស និងបង្អែមរបស់ខ្មែរ។ គេហទំព័រសហគមន៍សម្បូរសប្បាយ ក៏បានផ្សព្វផ្សាយនូវវិធីធ្វើបង្អែមមួយចំនួនមកហើយ ៗនៅពេលនេះយើងសូមបង្ហាញអំពីរបៀបធ្វើបង្អែមពង​មាន់ ជូនបងប្អូនដូចខាងក្រោម។