Home / កសិកម្ម / ការថែទាំមេពពែផើម, ការបង្កើតកូនពពែ, ការបង្កើតកូនធម្មតា និងការជួយពពែក្នុងពេលកើតកូន

ការថែទាំមេពពែផើម, ការបង្កើតកូនពពែ, ការបង្កើតកូនធម្មតា និងការជួយពពែក្នុងពេលកើតកូន

៥.ការថែទាំមេពពែផើម

ការថែទាំមេពពែបានល្អ និងផ្តល់ចំណីបានត្រឹមត្រូវនឹងអាចទទួលបានកូនពពែសុខភាពល្អមាំមួន។ ​ ការថែរក្សាមេពពែផើមបានត្រឹមត្រូវគឺជាការវិនិយោគមួយសំរាប់ពេលខាងមុខ៖

  • អាចជាសះស្បើយឡើងវិញពីភាពតានតឹងនៃការបង្កើតកូន
  • ផលិតទឹកដោះច្រើនសំរាប់កូន
  • ឆាប់ដាក់ឈ្មោលបានម្តងទៀត។

ក្នុងកំឡុងពេលផម ៣ខែដំបូង មេពពែមិនត្រូវបានថែរក្សាពិសេស ឬថែរក្សាដាច់ដោយឡែកនោះទេ គេអាចផ្តល់ចំណីឲ្យវា ឬឲ្យវាស៊ីស្មៅជាមួយហ្វូងពពែ និងបន្តការទំលាក់ព្រូនដោយគ្មានការប៉ះពាល់ដល់មេ និងកូន។

ក្នុងកំឡុងពេលខែទី៤និងទី៥ កូនពពែនៅក្នុងពោះកើនទំងន់យ៉ាងឆាប់រហ័ស អាស្រ័យហេតុនេះមេពពែផើមទាមទារនូវការថែទាំ និងផ្តល់ចំណីពិសេស៖

  • កាត់បន្ថយការលែងឲ្យស៊ីស្មៅតាមវាល
  • បន្ថែមចំណីបៃតងដែលមានគុណភាពខ្ពស់ក្នុងក្រោល
  • បញ្ឈប់ការលែងឲ្យស៊ីស្មៅលើវាលស្មៅ យឺតបំផុត២សប្តាហ៍មុនពេលកើតកូន
  • បង្ខាំងមេពពែជិតគ្រប់ខែក្នុងទ្រុងដាច់ដោយឡែកពីហ្វូង ដើម្បីជៀសវាងការរលូតកូន
  • ផ្តល់នូវអំបិលខនិជសំរាប់សត្វលិត និងទឹកស្អាតគ្រប់ពេលវេលា
  • ផ្តល់ចំណីផ្សំ ៤០០ក្រាម ​រៀងរាល់ថ្ងៃចាប់ពីផើម៥ខែឡើងទៅ ឧទាហរណ៍ កាកខ្ទិះដូង ៤០%លាយកន្ទក់៦០%។

៦. ការបង្កើតកូនពពែ

ជាទូទៅរយៈពេលពពែផើមគឺពី១៤៥-១៥៥ថ្ងៃ។ អ្នកចិញ្ចឹមពពែត្រូវកត់ត្រាឲ្យបានត្រឹមត្រូវដើម្បីដឹងឲ្យបានច្បាស់លាស់ពីពេលវេលានៃការកើតកូនរបស់វា។ ប្រហែល២សប្តាហ៍មុនពេលកើត គឺត្រូវរៀបចំទ្រុង សំរាប់បង្កើតកូនឲ្យបានត្រឹមត្រូវ។កន្លែងបង្កើត​កូនត្រូវស្អាតស្ងួត មានខ្យល់ចេញចូលល្អ គួរក្រាលចំបើងពីក្រោមសំរាប់កូនពពែនិងមេ ពីព្រោះចំបើងបឺតយកសារធាតុ​រាវ ហើយអាចបំបាត់ក្លិនស្អុយបានខ្លះ។ ក្រៅពីនេះត្រូវមានក្រណាត់ស្អាតសំរាប់ជូតកូនរបស់វានៅពេលកើត និងរៀប​ចំ​សូលុយ​ស្យុង អ៊ីយ៉ូដឌីន (iodine sulution) ៧ភាគរយ សំរាប់ជ្រលក់ទងផ្សិតសំលាប់មេរោគ។ អ៊ីយ៉ូដឌីន ជាថ្នាំរាវប្រើសំរាប់សំលាប់មេរោគ​នៅលើមុខរបួស និងអាចរកទិញបាននៅលើទីផ្សារ។

កំណត់សំគាល់មេពពែជិតកើតកូន៖

  • មានភាពរសាប់រសល់ កាយកំរាលទ្រុង ហើយស្រែកបញ្ចេញសំឡេង
  • បាត់បង់ការឃ្លានចំណី
  • ដកដង្ហើមញាប់
  • បែរក្រោយញាប់
  • ក្រពេញដោះឡើងរីកធំ ហើយចុងដោះឡើងរឹង
  • ប្រដាប់បន្តពូជរីកធំ ឡើងប៉ោងក្រហម ហើយសើមនិងមានទឹករំអិលពណ៌សខាប់។

មុននឹងបង្កើតកូនត្រូវកាត់រោមជុំវិញកន្ទុយ និងផ្នែកខាងក្រោយចោល។ ជិតដល់ពេលកើតកូនត្រូវសំអាតផ្នែកក្រោយដោយសាប៊ូ និងទឹកក្តៅ រួចជូតឲ្យស្ងួត។ ការរៀបចំទាំងនេះគឺការពារមេនិងកូនមិនឲ្យទទួលនូវការឆ្លងមេរោគផ្សេងៗ។

៦.១. ការបង្កើតកូនធម្មតា

ជាធម្មតាមេពពែបង្កើតកូនដោយគ្មានបញ្ហា រៀបនឹងកើតមេពពែទំរេតខ្លួនលើកំរាលទ្រុង ថង់ទឹកភ្លោះលៀនចេញមក បន្ទាប់​មកថង់ទឹកភ្លោះក៏បែកនោះបញ្ជាក់ថាការកើតកូនចាប់ផ្តើម។ ក្នុងពេលដ៏ខ្លីជើងមុខទាំងពីររបស់កូនពពែត្រូវបានឃើញមុន​គេ បន្ទាប់មកទៀតយើងនឹងឃើញក្បាលរបស់វា។ នេះជាស្ថានភាពបង្កើតកូនធម្មតា។ក្នុងរយៈពេលដ៏ខ្លីកូនពពែត្រូវបានកើត ពេលវេលាទាំងអស់សំរាប់ការបង្កើតកូនមិនលើសពី៣០នាទីឡើយ។

ជាធម្មតាមេពពែលិតសំងួតកូនរបស់វា សំអាតរំអិលនៅនឹងច្រមុះ មាត់ ដែលអាចធ្វើឲ្យកូនរបស់វាចាប់ផ្តើមដកដង្ហើមបាន។ យើងអាចជួយកូនពពែដែលទើបកើតដោយប្រើចំបើងឬក្រណាត់ស្អាតជូត។ដើម្បីការពារផ្សិតពីការចំលងមេរោគ (ការចម្លងដោយដង្កូវ ឬតេតាណូស) ​យើងត្រូវកាត់ខ្សែផ្សិតរបស់កូនពពែក្នុងចំងាយពីពោះប្រហែល៥សង់ទីម៉ែត្រ ហើយត្រូវប្រើថ្នាំសំលាប់មេរោគដោយប្រើទឹកអ៊ីយ៉ូដ។ ក្នុងករណីកូនភ្លោះ ឬកូនកើត​៣ រយៈពេលកើតពីមួយទៅមួយប្រហែល១៥នាទី។ បន្ទាប់ពីកូនចុងក្រោយត្រូវបានបង្កើត ជាធម្មតាសុកនឹងធ្លាក់មកក្នុងរយៈពេលពី៤-៥ម៉ោង។​ ចុងបញ្ចប់កន្សោមដោះនិងផ្នែកខាងក្រោយរបស់មេពពែត្រូវសំអាតដោយយកចិត្តទុកដាក់ដោយ សាប៊ូ និងទឹកក្តៅ។ សំភារៈដែលប្រើប្រាស់ក្នុងពេលបង្កើតកូន និងសុកត្រូវយកចេញឲ្យឆ្ងាយ រួចហើយត្រូវសំអាតទ្រុង។ មេពពែត្រូវផ្តល់ទឹកក្តៅ និងបបររាវឲ្យវាស៊ី។

កូនពពែដែលទើបកើតត្រូវដាក់ក្នុងសំបុក (ទ្រុង) ដែលមានបណ្តោយ១ម៉ែត្រ ទទឹង០,៥ម៉ែត្រ និងកំពស់០,៥ម៉ែត្រ ដោយមានក្រាលចំបើងពីក្រោមផង។ ទ្រុងនេះការពារកូនពពែពីភាពត្រជាក់ និងមិនធ្វើឲ្យវារលាកសួត។

៦.២. ការជួយពពែក្នុងពេលកើតកូន

គេអាចជួយដោយខ្លួនឯងប្រសិនបើពេលកើតកូនពពែស្ថិតនៅទីតាំងធម្មតា ជាពិសេសទៅទៀត ក្នុងករណីកូនភ្លោះ ឬកូនម្តង៣ ឬមួយក៏មេពពែទើបតែបង្កើតកូនជាលើកដំបូង។ ការជួយមេពពែចាំបាច់៖

  • នៅពេលបង្កើតកូនពន្យារពេលចាប់ពី៣០នាទីឡើងទៅ ចាប់ពីលេចចេញនូវជើងមុខរបស់កូនពពែ
  • នៅពេលគ្មានដំណើរការទៅមុខរហូតដល់១០នាទី បន្ទាប់ពីបែកទឹកភ្លោះ
  • ជើងមុខចេញមកតែបត់ទៅក្រោយ
  • កូនកើតផ្ងា ហើយមានតែជើងម្ខាងចេញមកក្រៅ។ ជាដំបូងអ្នកត្រូវលាងដៃជាមួយនឹងសាប៊ូឲ្យបានស្អាតត្រឹមត្រូវ បន្ទាប់មកត្រូវទាញជើងរបស់កូនពពែដោយថ្នមៗ។

អ្នកត្រូវហៅពេទ្យសត្វជួយជាបន្ទាន់នៅពេល៖

  • ការជួយរបស់អ្នកប្រព្រឹត្តទៅមិនបានជោគជ័យ
  • នៅពេលកើត កូនពពែស្ថិតនៅទីតាំងមិនធម្មតា (ជើងក្រោយចេញមកមុន)
  • ការកើតពន្យារពេលជ្រុល ច្រើនជួបប្រទះចំពោះករណីកូនភ្លោះ ឬកូន៣
  • ក្នុងរយៈពេល២៤ម៉ោង សុកមិនទាន់ធ្លាក់បន្ទាប់ពីកូនចុងក្រោយត្រូវបានកើត
  • ការពន្យារកំណើតលើសពី ១សប្តាហ៍។

ប្រភព សៀវភៅ ការចិញ្ចឹមពពែជាលក្ខណៈគ្រួសារនៅកម្ពុជា (អង្គការសេដាក)

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបធ្វើបង្អែមពងមាន់

បង្អែមមានជាច្រើនមុខ ក្នុងនោះមានបង្អែមរបស់បរទេស និងបង្អែមរបស់ខ្មែរ។ គេហទំព័រសហគមន៍សម្បូរសប្បាយ ក៏បានផ្សព្វផ្សាយនូវវិធីធ្វើបង្អែមមួយចំនួនមកហើយ ៗនៅពេលនេះយើងសូមបង្ហាញអំពីរបៀបធ្វើបង្អែមពង​មាន់ ជូនបងប្អូនដូចខាងក្រោម។