Home / ឱសថបុរាណ / ដើមស្ដៅជាឱសថព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺជាច្រើនមុខទៀត

ដើមស្ដៅជាឱសថព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺជាច្រើនមុខទៀត

១-លក្ខណៈរុក្ខជាតិ. ជារុក្ខជាតិប្រភេទដើមឈើ មានឈ្មោះវិទ្យាសាស្ត្រ Azadirachta indica ឈ្មោះជាភាសាខ្មែរ «ស្ដៅ» ក្នុងអំបូរ Meliaceae។ ស្លឹកស្និតមានកូនស្លឹក ៥ ទៅ ៦គូ ទល់ទង​គ្នារាងដូចស៊ុតដូចផ្លែលំពែងស្រួចចុងគ្មានទង ឬ ស្ទើរគ្មានទង គែមស្លឹករាងធ្មេញរណាររលោង។ ផ្ការបស់វាពណ៌ស ប្រភេទផ្លែមានសាច់រាងស៊ុតទ្រវែងបន្តិចពណ៌លឿងភ្លាវ​។ គ្រាប់មានតែមួយរាងទ្រវែង​មានចង្អូរ។

២-ផ្នែកជីវសាស្ត្រ. ដុះឯកឯងក្នុងព្រៃ និងក្នុងភូមិក្នុងប្រទេសកម្ពុជា មាន​អាយុកាល ៥០-១០០ឆ្នាំ, វាដុះនៅលើដីល្បាយខ្សាច់ក្នុងអាកាសធាតុក្ដៅសើម, រដូវផ្កា ខែមិថុនា-សីហា, រដូវផ្លែ ខែកញ្ញា-វិច្ឆិកា, ភាពសម្បូរ មានតិច, បន្តពូជដោយគ្រាប់។

៣-ផ្នែកព្យាបាល

ក-ផ្នែកប្រើប្រាស់. ដើម សំបក ស្លឹក និងផ្កា។

ខ-វិធីប្រមូលផល. ជីក កាប់ កាត់ ស្ទោះ (ហាលថ្ងៃឲ្យស្ងួត)

គ-ការព្យាបាល. ទឹកនោមផ្អែម ឈាមរាវ រោគសើស្បែង គ្រុនចាញ់ គ្រុនក្ដៅ ជំងឺមួលឈាម ចុកពោះ ទម្លាក់ព្រូនចង្កឹះ-អៀន របួស និងហើម។

ឃ-របៀប និងកម្រិតប្រើ. ស្លឹកនិងផ្កាប្រើជាបន្លែ និងស្លឹក ផ្កា ដើម ធ្វើជាថ្នាំព្យាបាលរោគ

  • ជំងឺទឹកនោមផ្អែម. គឺយកផ្កា និងស្លឹករបស់វា មកដាំទឹកផឹកពី ២០០ ទៅ ៤០០មីលីក្រាម ឬម្សៅស្ងួតពី ៥ ទៅ ១០មីលីក្រាម។

 

  • ជំងឺឈាមរាវ. អាការៈជំងឺ គឺអ្នកជំងឺនៅពេលមុតអ្វីមួយឈាមនឹងហូរចេញរហូតដោយមិនកកឡើយ ហើយអ្នកជំងឺអាចហូរឈាមចេញពីផ្នែកណាមួយពីរាងកាយទៀតផង។ របៀបប្រើប្រាស់គឺ ជ្រើសយកដើមស្ដៅដែលចាស់បន្តិចរឹតតែល្អ ដោយកាប់យកមកហាលឲ្យស្ងួតកុំឲ្យដុះផ្សិត ដាំទឹក ១លីត្រ ដាក់ថ្នាំមួយក្តាប់ដៃមនុស្សចាស់ ពិសាមួយថ្ងៃ ២ដង។ ថ្នាំនេះធ្វើឲ្យ ប្លាកែតឡើង ហើយធ្វើឲ្យសាច់ត្រជាក់គេងលក់ស្រួល និងមិនងាយកើតជំងឺផ្លាសាយទៀតផង។ បើស្ថានភាពជំងឺធ្ងន់ត្រូវពិសាជាង ៦ខែ។
  • រោគសើស្បែក គឺយកផ្កា និងស្លឹកមកកំឡោចសម្រាប់ព្យាបាល។
  • ជំងឺគ្រុនចាញ់ គ្រុនក្តៅ មួលឈាម គឺយកសំបកមកដាំទឹកផឹកពី ៣០០ ទៅ ៦០០មីលីក្រាម។
  • ចុកពោះ ទម្លាក់ព្រូនចង្កឹះ និងអៀន គឺយកម្សៅស្ងួតលាយជាមួយទឹកឃ្មុំក្នុងកម្រិត ៤ ទៅ ៦ មីលីក្រាម។
  • របួស ឬហើម គឺយកសំបកមកបុកកិនឲ្យម៉ដ្ឋសម្រាប់បំពោកពីលើ៕

 

 

រៀបរៀងចងក្រងដោយលោក ប៉ោ សេដ្ឋា

ប្រភព. មជ្ឈណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ (ក្រសួងសុខាភិបាល ឆ្នាំ២០០៦) និង nokornews

អំពី សេង រង្សី

សេង រង្សី
ខ្ញុំបាទ សេង រង្សី ជាអ្នករចនាគេហទំព័រ សហគមន៍សម្បូរសប្បាយ (ស៣) ហើយក៏ជាអ្នកសរសេរអត្ថបទសម្រាប់ការចែករំលែកនៅលើគេហទំព័រផងដែរ។

អត្ថបទពាក់ព័ន្ធ

ផ្ទីថ្ម ជារុក្ខជាតិឱសថ, កបនឹងជំងឺ ទល់លាមក និងគ្រុនក្តៅ