Home / កសិកម្ម / ពពែញីល្អសំរាប់ធ្វើពូជ ទំរង់ដងខ្លួនល្អ ទំរង់ជើងមិនល្អ ការដាក់ឈ្មោល (ការចិញ្ចឹមពពែជាលក្ខណៈគ្រួសារនៅកម្ពុជា)

ពពែញីល្អសំរាប់ធ្វើពូជ ទំរង់ដងខ្លួនល្អ ទំរង់ជើងមិនល្អ ការដាក់ឈ្មោល (ការចិញ្ចឹមពពែជាលក្ខណៈគ្រួសារនៅកម្ពុជា)

៣.៣. ពពែញីទុកធ្វើពូជ

ការជ្រើសរើសមេពពែល្អមានសារៈប្រយោជន៍សំរាប់ផលិតកម្មពពែ ពីព្រោះកូនរបស់វាអាចទទួលនូវលក្ខណៈល្អ និងអាក្រក់ពីមេ។ អាស្រ័យហេតុនេះមេពពែសំរាប់ទុកធ្វើពូជគួរតែជ្រើសរើសមេណាដែលផ្តល់ទឹកដោះច្រើន និងផលិតកូនច្រើន។

មេពពែដែលល្អត្រូវមានលក្ខណៈដូចខាងក្រោម៖

  • មានរាងមាំ និងសុខភាពល្អ
  • ផលិតកូនទៀងទាត់ពី ៨-៩ខែម្តង
  • មេស្លូត និងចេះថែរក្សាកូនបានល្អ
  • ផ្តល់កូនភ្លោះញឹកញាប់
  • ផលិតទឹកដោះគ្រប់គ្រាន់សំរាប់ចិញ្ចឹមកូនពពែ២ (សំបូរទឹកដោះ)
  • មានដោះធំទូលាយ និងមានចុងដោះស្មើត្រង់ទៅមុខ
  • មិនរើសចំណី។

ទំរង់ដងខ្លួនដែលចង់បាន

  1. ដងខ្លួនវែង មាំ និងត្រគាកធំទូលាយ
  2. ខ្នងត្រង់ មិនអ៊ែន ទ្រូងរាងផតទូលាយ
  3. កន្សោមដោះធំ ក្បាលដោះវែងល្អ
  4. ជើងត្រង់មាំល្អ។

កន្សោមដោះដែលមានរាងមិនល្អ

  • កន្សោមដោះមិនជាប់ទៅនឹងពោះ
  • មានចុងដោះក្រាស់
  • មានចុងដោះតូច
  • កន្សោមដោះចែកជាពីរ កន្សោមដោះយារ
  • ដោះទាំងសងខាងមិនស្មើគ្នា។

៣.៤. ដំណើរការនៃការបន្តពូជ

ជាធម្មតាការរកឈ្មោលរបស់ពពែញី​ (វដ្តនៃការរកឈ្មោល) មានរយៈពេលពី ១៨-២១ថ្ងៃ។ ជាទូទៅលក្ខណៈសំគាល់ពពែញីរកឈ្មោល​មាន៖

  • ប្រដាប់បន្តពូជឡើងរីកធំ ពណ៌ក្រហម
  • ទឹករំអិលពណ៌សមានលាយពណ៌លឿងព្រើងៗ ហូរចេញមកពីប្រដាប់បន្តពូជ
  • សត្វនៅមិនស្ងៀម ឆ្លេឆ្លា បាត់បង់នូវការឃ្លានចំណី
  • ស្រែករោទ៍ញឹកញាប់ និងនោមញឹក
  • គ្រវីកន្ទុយ ហើយចូលចិត្តសត្វឈ្មោល
  • ចូលចិត្តឡើងពាក់សត្វដទៃទៀត។

នៅក្នុងកំឡុងពេលមេពពែបញ្ចេញសញ្ញារកឈ្មោលនេះ គឺជាពេលដែលអាចដាក់បាបាន ប្រសិនបើហួសពេលនេះមាត់ស្បូននឹង​បិទវិញ នោះការបង្កាត់ពូជមិនទទួលបានជោគជ័យទេ។ បើទុកឲ្យពេលនេះកន្លងផុត អ្នកត្រូវរង់ចាំ២១ថ្ងៃក្រោយទៀត ដែលធ្វើឲ្យខាតបង់ពេលវេលា។

ការដាក់ឈ្មោលបានជោគជ័យមានរយៈពេលខ្លីប្រហែល ៦-១២ម៉ោងប៉ុណ្ណោះ ដូច្នេះអ្នកត្រូវយកចិត្ត​ទុកដាក់តាមដានមេពពែឲ្យបានត្រឹមត្រូវ។រយៈពេលផើម៥ខែគិតចាប់ពីថ្ងៃដាក់ឈ្មោលបានជោគជ័យ​។

ប្រសិនបើការដាក់ឈ្មោលបានសំរេច ពពែញីមិនរកឈ្មោលទៀតទេ នៅពេលនេះចាំបាច់ត្រូវដាក់ឈ្មោលជាលើកទី២។ ក្រោយពីការដាក់ឈ្មោលជាលើកទី២ ហើយវានៅតែរកឈ្មោលទៀត បញ្ហានេះអាចបណ្តាលមកពីមេពពែ ឬពពែបា។ក្នុងករណីនេះអ្នកអាច​ហៅបសុពេទ្យមកធ្វើការត្រួតពិនិត្យ។

ចំណាំៈ អ្នកត្រូវកត់ត្រាទុកនូវថ្ងៃខែឆ្នាំពេលកើត ពេលចង់ឈ្មោល ពេលដាក់ឈ្មោល និងពេលកើតកូនរបស់មេពពែ។

របៀបចុះបញ្ជីដែលអាចជួយដល់អ្នកចិញ្ចឹមពពែ

  • ត្រួតពិនិត្យមើលតើពពែផើម ឬបង្ហាញពីការរកឈ្មោលទៀត បន្ទប់ពីដាក់ឈ្មោលបានពី ១៨-២៣ថ្ងៃ
  • ធ្វើកាលវិភាគសំរាប់ពពែបា
  • គណនា​ និងគិតទុកនូវថ្ងៃខែឆ្នាំកើតកូនរបស់ពពែញីនូវការរកឈ្មោលជាលើកដំបូងរបស់ពពែញីពេលទើបពេញវ័យ
  • គណនាកត់ត្រានូវការរកឈ្មោលជាលើកដំបូងរបស់ពពែញីពេលទើបពេញវ័យ
  • ជ្រើសរើសកូនពពែញីចេញពីមេពពែដែលផ្តល់ផលខ្ពស់សំរាប់ការបង្កាត់ពូជ។

មេពពែដែលផ្តល់ទិន្នផលខ្ពស់គឺជាកត្តាមួយសំខាន់បំផុតក្នុងការផ្តល់ប្រាក់ចំណេញសំរាប់ផលិតកម្មនៃការចិញ្ចឹមពពែ។ មេពពែដែលផ្តល់ទិន្នផលទាបធ្វើឲ្យមិនចំណេញក្នុងការចិញ្ខឹម ព្រោះវាខាតបង់កំលាំងពលកម្មច្រើន ត្រូវការចំណីច្រើន ហើយផលិតកូនតិចដោយប្រើរយៈពេលយូរ។

សរុបមកចំណុចសំខាន់ៗដែលអ្នកគួរដឹងទាក់ទងទៅនឹងការជ្រើសរើស និងបង្កាត់ពូជពពែមានដូចខាងក្រោមនេះ៖

  • ពពែបាដែលជ្រើសរើសេទុកពូជទើបអនុញ្ញាតឲ្យពាក់មេ ចំណែកពពែឈ្មោលដែលមិនទុកពូជត្រូវតែក្រៀវ
  • ប្តូរបាបន្ទាប់ពី ១៨ខែ
  • អាយុ និងទំងន់តិចបំផុតរបស់ពពែបា ១១ខែ ឬ ២៥គីឡូក្រាម
  • ពពែបាពេញវ័យអាចពាក់ពពែញីបាន ២០-៣០ក្បាល
  • ជ្រើសរើសពពែញីសំរាប់ធ្វើការបង្កាត់ពូជចេញពីមេពពែដែលផ្តល់ទឹកដោះច្រើន និងទិន្នផលខ្ពស់
  • អាយុអប្បរមារបស់ពពែញីអាចដាក់ឈ្មោលជាលើកដំបូងគឺពី ១១-១២ខែ
  • សង្កេតដោយប្រុងប្រយ័ត្ននូវសញ្ញានៃការរកឈ្មោលរបស់ពពែញី
  • រៀបចំកាលវិភាគសំរាប់ពពែបា
  • ចុះបញ្ជីឲ្យត្រឹមត្រូវនូវថ្ងៃខែរកឈ្មោល ការដាក់ឈ្មោល និងការកើតកូនរបស់ពពែញី។

ប្រភព សៀវភៅ ការចិញ្ចឹមពពែជាលក្ខណៈគ្រួសារនៅកម្ពុជា (អង្គការសេដាក)

សហគមន៍សម្បូរសប្បាយ 

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

វិធីសាស្រ្តគ្រប់គ្រងខ្ទឹមបារាំង ក្រោយពេលប្រមូលផល

១. ​បច្ចេកទេសនៃការប្រមូលផល ជាធម្មតា គេអាចប្រមូលផលខ្ទឹមបារាំងនៅពេលដែលវាមានអាយុពី ៣ទៅ​៤ខែ ក្រោយពីដាំហើយនៅពេលយើងសង្កេតឃើញថាដើម (ស្លឹក៥០-៧៥%) របស់វាត្រង់កន្លែងក្បែរមើមទន់បាក់ក។