ស្រឹងទឹកតូច (សត្វល្អិតមានប្រយោជន៍ចំពោះដំណាំ) ស្រឹងនេះមានមាឌតូចល្អិត គេច្រើនឃើញមេចំណាស់ ចោមរោមស៊ីកូនមមាចជញ្ជក់ដើមស្រូវ។
ស្រឹងទឹក ឬ ពីងពាងទឹក (សត្វល្អិតមានប្រយោជន៍ចំពោះដំណាំ) ជាសត្វដែលធ្វើចលនានៅលើផ្ទៃទឹកយ៉ាងរហ័សរហួនដោយសារជើងរបស់វាវែង។ មេចំណាស់និងកូនស៊ីសត្វមមាចមេអំបៅតូចៗ និងដង្កូវដែលធ្លាក់ទៅលើផ្ទៃទឹកជាអាហារ។
ស្រឹងគោក (សត្វល្អិតមានប្រយោជន៍ចំពោះដំណាំ) ស្រឹងចំណាស់មានពណ៌បៃតង ឬក្រមៅ វាអាចកើតមានច្រើននៅលើស្រែណា ដែលមានសត្វមមាចបំផ្លាញទាំងនៅរដូវប្រាំង ឬរដូវវស្សា វាស៊ីជញ្ជក់ពងមមាចនៅក្នុងស្រទបស្លឹក។
ពពួកសត្វរំពា (សត្វល្អិតមានប្រយោជន៍ចំពោះដំណាំ) ជាពពួកសត្វដែលចិញ្ចឹមជីវិតដោយស៊ីសត្វដទៃជាអាហារ។ ពួកសត្វរំពាមួយចំនួនមានប្រយោជន៍ដូចជា ពស់ ទីទុយ កង្កែប គ្រលេងគ្រលោង។ល។ វាអាចជួយកំចាត់សត្វល្អិតចង្រៃ និងកណ្តុរដែលបំផ្លាញដំណាំរបស់បងប្អូន ដោយមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពមនុស្សសត្វឡើយ។
បាក់តេរី ជាពពួកសត្វល្អិតតូចៗ មានជីវិតនៅក្នុងដី ដែលជួយធ្វើឲ្យសារធាតុសរីរាង្គ (រុក្ខជាតិ សត្វ…) ពុកផុយរលួយក្លាយទៅជាជី។
សត្វល្អិតបំផ្លាញដំណាំតាមរបៀបជីវសាស្ត្រ មានន័យថា គេរក្សាទុកសត្វមានប្រយោជន៍ ឲ្យទៅស៊ីសត្វល្អិតចង្រៃនោះ។ ការកំចាត់សត្វចង្រៃដោយប្រើរបៀបជីវសាស្ត្រនេះ គឺមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្ស សត្វឡើយ។ សត្វមានប្រយោជន៍មួយចំនួនដែលស៊ីសត្វល្អិតចង្រៃជាអាហារមាន ចាប ត្រចៀកកាំ សារិកាកែវ គ្រលេងគ្រលោង ឪម៉ាល់ ស្រាំង។ល។ និងសត្វដែលស៊ីកណ្តុរដូចជា ពស់ថ្លាន់ ពស់ប្រេង ពស់ស្នា អន្សោងសត្វ ប្រម៉ង់ខ្លែង មៀម ទីទុយ…។ល។ ដូច្នេះបងប្អូនកសិករមិនត្រូវប៉ះពាល់សត្វដែលមានប្រយោជន៍ទាំងនេះទេ ត្រូវតែរក្សាការពារសត្វទាំងនេះឲ្យកើតច្រើនឡើងវិញដើម្បីឲ្យធម្មជាតិមានលំនឹង ហើយការបំផ្លាញរបស់សត្វល្អិតក៏មានការអន់ថយដែរ។
ការកំចាត់សត្វល្អិតចង្រៃតាមរបៀបដាំដុះ គឺជាការកំចាត់តាមវិធីសាមញ្ញមួយដូចជា ការភ្ជួរហាលដី កាប់គាស់ ដកស្មៅ សំអាតស្រែចម្ការ បំបាត់ជំរកសត្វល្អិត ដោយដុតចោលនូវកំទេចកំទីកាកសំណល់ក្នុងស្រែចម្ការ និងដាំដុះ ឲ្យបានសមស្របតាមរដូវកាល ក៏ជាកត្តានៃការបន្ថយការស៊ីបំផ្លាញរបស់សត្វល្អិតដែរ។ ម្យ៉ាងទៀត ការជ្រើសពូជធន់ទ្រាំនឹងសត្វល្អិត ឬការផ្លាស់ប្តូរមុខដំណាំ ក៏អាចបន្ថយការរាតត្បាតពីសត្វល្អិតដែរ។