១. សារៈសំខាន់ក្នុងការចិញ្ចឹមពពែ
- ផ្តល់សាច់ដែលមានឱជារស និងថាមពលច្រើន
- ផ្តល់ទឹកដោះ ដែលអាចកែច្នៃជាផលិតផលសំរាប់បរិភោគផ្សេងទៀត
- ស្បែករបស់ពពែសំរាប់យកទៅកែច្នៃធ្វើជាសំភារៈប្រើប្រាស់ផ្សេងៗដូចជា ខ្សែក្រវាត់ កាបូប ស្បែកជើង។ល។
២. ពូជ
ពូជពពែដែលកសិករចិញ្ចឹមតាមភូមិ ច្រើនជាពូជដែលគាត់ពុំដឹងច្បាស់លាស់ គាត់ទិញពូជពីអ្នកជិតខាង ពីភូមិជិតៗ ឬក៏ទិញមកពីតំបន់ផ្សេង។
ការចិញ្ចឹមពពែនៅប្រទេសកម្ពុជាច្រើនប្រព្រឹត្តទៅជាលក្ខណៈគ្រួសារ ពូជពពែដែលកសិករចិញ្ចឹមមានមាឌធំ មធ្យម ពណ៌ខ្មៅ ក្រហម ឬពណ៌សលាយខ្មៅ។ល។
៣. ការជ្រើសរើសពូជ និងការបង្កាត់ពូជ
ការចិញ្ចឹមពពែដែលផ្តល់ផលខ្ពស់ ត្រូវចាប់ផ្តើមពីកូនពពែដែលមានសភាពល្អមាំមួន និងស្វាហាប់។ ចំពោះការជ្រើសរើស និងបង្កាត់ពូជបានល្អ យើងត្រូវផ្តោតលើចំណុចសំខាន់ៗចំនួន៣៖
- ត្រូវមានពពែបាល្អ
- មានមេពពែសុខភាពល្អ
- ត្រួតពិនិត្យការរកឈ្មោលរបស់មេពពែឲ្យបានត្រឹមត្រូវ។
៣.១. ការជ្រើសរើសពពែបា
ពពែបាត្រូវតែមានលក្ខណៈដូចខាងក្រោមនេះ៖
- មានមាឌធំ និងសុខភាពល្អមាំមួន ជាពពែដែលមានភាពខ្លាំងក្លាជាងគេក្នុងហ្វូង
- មានគ្រោងដងខ្លួនលូតលាស់ល្អ
- ជើងទាំង៤រឹងមាំល្អ និងក្រចកជើងជិតល្អ
- ខ្នងរាងត្រង់ និងព្រែក
- មានប្រដាប់បន្តពូជល្អ និងពងស្វាសលូតលាស់ល្អ (ពងស្វាសទាំងគូស្មើគ្នា)
- អាចពាក់មេបានច្រើន
- ស្លូត មិនដើរជល់ជាមួយពពែផ្សេងទៀត
- មានរាងសង្ហា ហើយជាការល្អមិនមានស្នែង
- មិនរើសចំណី។
ពពែបាដែលទុកធ្វើពូជត្រូវតែជ្រើសរើសដោយប្រុងប្រយ័ត្ន។ យើងត្រូវជ្រើសយកពពែឈ្មោលដែលល្អបំផុតពីមេដែលសំបូរទឹកដោះនិងសាយកូន ពពែឈ្មោលដែលមានសុខភាពល្អលូតលាស់ល្អ អាចប្រើសំរាប់បង្កាត់ពូជក្នុងអាយុ ១១-១២ខែ ទំងន់របស់វាតិចបំផុត ២៥គីឡូក្រាម។ បានៅក្មេងមិនត្រូវប្រើវាហួសកំណត់ទេ ដែលជាហេតុធ្វើឲ្យវាបាក់ និងពន្យឺតការលូតលាស់របស់វា។
ពពែបាត្រូវតែថែរក្សា និងផ្តល់ចំណីឲ្យបានត្រឹមត្រូវ ជាពិសេសក្នុងកំឡុងពេលពាក់មេច្រើនដង ត្រូវផ្តល់ចំណីបៃតងដែលមានគុនភាពខ្ពស់ និងផ្តល់នូវចំណីផ្សំបន្ថែម (១៥០ក្រាម/ថ្ងៃ)។ ជាការល្អយើង គួរតែបំបែកបាចេញពីពពែញី និងពពែឈ្មោលផ្សេងទៀត។ ជាធម្មតាពពែបាពេញវ័យមួយក្បាល អាចបំរើ ពពែញីប្រហែលពី ២០-២០ក្បាល។ ដើម្បីជៀសវាងការបង្កាត់ពូជតែមួយ ឬឈាមតែមួយគេត្រូវប្តូរពពែបាជាទៀងទាត់ បន្ទាប់ពី១៨ខែ ឬបន្ទាប់ពីជាន់មេបានពីររដូវ។
៣.២. ការក្រៀវពពែ
មានតែបាដែលជ្រើសរើសទើបអនុញ្ញាតឲ្យពាក់មេពពែក្នុងហ្វូង។ ពពែដែលមិនទុកបង្កាត់ពូជត្រូវ ក្រៀវវា។ ការក្រៀវពពែធ្វើឲ្យវា៖ ស្ងប់ស្ងៀម និងងាយឃ្វាល។ ហេតុនេះយើងអាចចិញ្ចឹមវាជាមួយពពែញី ផ្សេងទៀតដោយគ្មានគ្រោះថ្នាក់ មិនជល់គ្នា និងពុំធ្វើឲ្យមានរបួស។
ពពែត្រូវបានក្រៀវដោយប្រើដង្កាប់ម្យ៉ាង (Burdizzo or Emasculator) ឧបករណ៍នេះត្រូវបានប្រើដោយពសុពេទ្យ ឬអ្នកដែលមានបទពិសោធន៍។ ពពែដែលមានអាយុពី ៦-៨ខែ ត្រូវបានក្រៀវដោយឧបករណ៍នេះ ឬត្រូវក្រៀវដោយឧបករណ៍ម្យ៉ាងទៀតឈ្មោះ (Elastrator Rubber Rings) ឧបករណ៍នេះត្រូវបានប្រើចំពោះសត្វដែលមានអាយុមិនដល់២ខែ និងចំពោះកូនពពែញីមានអាយុពី២-៤សប្តាហ៍។ ដើម្បីការពារដង្កូវដែលបណ្តាលមកពីការក្រៀវនេះ គួរជៀសវាងការក្រៀវសត្វក្នុងរដូវភ្លៀង។
ឧបករណ៍ Elastrator Rubber Rings មានភាពងាយស្រួលក្នុងការប្រើ។ ជាដំបូងយើងត្រូវ សម្លាប់មេរោគលើពងស្វាសដោយប្រើថ្នាំសម្លាប់មេរោគ បន្ទាប់មកយើងសម្លាប់មេរោគលើឧបករណ៍។ យើងពន្លាតឧបករណ៍នេះ រួចច្របាច់ទៅលើពងស្វាស ពងស្វាសនឹងដាច់ធ្លាក់បន្ទាប់ពី ៣-៤សប្តាហ៍ ក្នុងកំឡុងពេលនេះយើងត្រូវប្រើទឹកថ្នាំសម្លាប់មេរោគទៅលើមុខរបួស៕