Home / ឱសថបុរាណ / ជំងឺ និង​ ការព្យាបាល / លោក កឹម ចិ «ខ្ញុំមានជំងឺឡើងជាតិអាស៊ីតសូម្បីមុខក៏ហើមដែរ, ថ្នាំបុរាណខ្មែរអាចព្យាបាលបាន»

លោក កឹម ចិ «ខ្ញុំមានជំងឺឡើងជាតិអាស៊ីតសូម្បីមុខក៏ហើមដែរ, ថ្នាំបុរាណខ្មែរអាចព្យាបាលបាន»

លោក កឹម ចិ អាយុ៤៩ឆ្នាំ (២០១៩) រត់ម៉ូតូឌុបនៅរាជធានីភ្នំពេញ។ លំនៅអចិន្ត្រៃយ៍របស់លោកនៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ផឹកថ្នាំបុរាណខ្មែររយៈពេល១ខែ គឺជាសះស្បើយពីជំងឺឡើងជាតិអាស៊ីតអ៊ុយរិច។គាត់ខានផឹក​២០ថ្ងៃ ជំងឺមិនបានរើឡើងវិញទេ សព្វថ្ងៃគាត់បានផឹកបន្តទៀតជាប្រចាំ។

ដំណើររឿងទទួលបានព័ត៌មានថ្នាំ

លោក កឹម ចិ បានកើតជំងឺឡើងជាតិអាស៊ីតឈឺចុកចាប់តាមសន្លាក់ សូម្បីមុខមាត់ក៏ហើមដែរ។ លោក បានបញ្ជាក់ថា ជំងឺនេះបរិភោគសាច់មិនបានទេ បើហ៊ានហូបគឺឈឺចុកចាប់តាមសន្លាក់យ៉ាងខ្លាំងស្ទើរទ្រាំមិនបាន​។ លោកអស់សង្ឃឹមក្នុងជីវិតដោយសារពេទ្យបានប្រាប់ថា ជំងឺនេះព្យាបាលមិនជាដាច់ទេ គឺពេលលាបថ្នាំទើបបាន​គ្រាន់បើ រួចនៅថ្ងៃណាមួយជំងឺហ្នឹងរើឡើងវិញបើសិនជាយើងហូបសាច់ ពិសេសសាច់គោ គ្រឿងសមុទ្រជាដើម ដូចនេះថ្នាំត្រូវតែលាបជាប់។ លោក កឹម ចិ កាន់តែអស់សង្ឃឹមខ្លាំងឡើងៗ ពីព្រោះខ្លួនក្រ ជំងឺចុកចាប់ពេញខ្លួន ត្រូវខំរកលុយទិញថ្នាំលាបទៀត។

ថ្ងៃមួយលោក កឹម ចិ បានទៅលំនៅដ្ឋានអចិន្រៃយ៍ (ទឹកដីស្រុកកំណើតខាងប្រពន្ធ) ហើយបានមកលេងស្រុកកំណើតរបស់លោកនៅឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលនៅឆ្ងាយពីលំនៅដ្ឋានប្រមាណ២០គីឡូម៉ែត្រ រួចបានរៀបរាប់អំពីជំងឺរបស់លោកប្រាប់បងប្អូននៅទីនោះ។ បងប្អូនរបស់គាត់បានតបថា «មានអ្នកស្រុកយើងជាសះស្បើយពីជំងឺនេះ៤-៥នាក់ រួច​មកហើយ ថ្នាំនោះផ្សំតែ៣មុខទេគឺមាន ភ្លាំង(ស្បូវភ្លាំង), សំបកផ្លែក្រូចផ្លុង និងសំបកដើមពុទ្រា ឯងសាកផឹកថ្នាំនេះមើល៎ទៅក្រែងជា ព្រោះអាការៈរោគដូចគ្នានឹងអ្នកស្រុកយើងធ្លាប់ឈឺនោះណាស់»។ លោក កឹម ចិ បានដើរស្វែងរករុក្ខជាតិឱសថទាំង៣​មុខនេះបាន។

របៀបធ្វើ

ភ្លាំង យកទាំងឫស ដើម និងស្លឹក។ យកស្លឹកពុករលួយចេញ លាងទឹកសំអាត រួចកាត់កង់ៗ ដាក់ហាលសំដិលថ្ងៃឲ្យស្ងួត។

សំបកផ្លែក្រូចថ្លុង យកមកកាត់ជាដុំតូចៗរាងទ្រវែង (បើសំបកនោះមានសាច់សក្រាសពេក គឺត្រូវជាយកសាច់សនោះចេញ) រួចយកទៅហាលថ្ងៃ។

សំបកដើមពុទ្រា យកមកកាត់ជាដុំតូចៗ បន្ទាប់មកដាក់ហាលថ្ងៃ ឬសំដិលថ្ងៃក៏បាន។

កំរិតនិងរបៀបប្រើ 

យកភ្លាំង១កណ្ដាប់ដៃ សំបកក្រូចថ្លុង១កណ្ដាប់ដៃ និងសំបកដើមពុទ្រា១កណ្ដាប់ដៃ (គួរដាក់សំបកក្រូចថ្លុងលើសគេបន្តិចកាន់តែល្អ) ដាក់ចូលក្នុងកំសៀវរួចចាក់ទឹកឲ្យជិតពេញ យកទៅដាំឲ្យពុះប្រមាណ៥នាទីគឺជាការស្រេច។ ផឹកដូចទឹកតែ ឬទឹកបរិសុទ្ធប្រចាំថ្ងៃ (ពេលស្រេកផឹក)។ ផឹកអស់២កំសៀវ នឹងឃើញប្រសិទ្ធភាពថ្នាំនេះ​ជាបណ្ដើរៗ។

កត់សំគាល់ ដាក់សំបកក្រូចថ្លុងកាន់តែច្រើន គឺកាន់តែមានរសជាតិល្វីង។ កំឡុងផឹកទឹកថ្នាំនេះ ហាមដាច់ខាត មិនឲ្យពិសាគ្រឿងស្រវឹងទេ ពីព្រោះនាំឲ្យបាត់បង់ប្រសិទ្ធភាពថ្នាំ។

នៅពេលនេះ លោក កឹម ចិ បរិភោគសាច់គោ គ្រឿងសមុទ្រ…គ្រឿងស្រវឹងបានជាធម្មតា គឺជំងឺមិនរើឡើងវិញឡើយ ចំណែកទឹកថ្នាំគាត់ច្រកដាក់ដបទឹកជ័រ (ដបធំ) ទុកផឹកក្នុងពេលរត់ម៉ូតូឌុប ឬក្នុងពេលបំពេញការងារផ្សេង​ៗនៅក្រៅផ្ទះ៕

 រក្សា ខ្មែរ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

វិធីធ្វើទឹកខ្ញី (សំរាប់អ្នកចង់បង្កើតសិប្បកម្មធ្វើទឹកខ្ញី)

មានបងប្អូនជាច្រើនក្នុងមួយថ្ងៃៗ គឺបានខិតខំគិតរកមុខរបរចិញ្ចឹមជីវិត ក្នុងនោះក៏មានការកែច្នៃផលិតផលផងដែរ។ នៅ​ពេលនេះ​ សហគមន៍សម្បូរសប្បាយ បង្ហាញនូវអត្ថបទមួយដែលនិយាយអំពីការធ្វើទឹកខ្ញី មានក្បួនខ្នាតត្រឹមត្រូវ ពិសេសត្រូវនឹងអ្នកមានបំណងបង្កើតសិប្បកម្មធ្វើទឹកខ្ញីនេះ។