អ្នកមីង ភោគ ឡា ជាកសិកររស់នៅភូមិព្រហូត ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។ គាត់មានបទពិសោធន៍ចិញ្ចឹមជ្រូកជាច្រើនឆ្នាំបានផលល្អ ដោយជ្រូកមិនងាប់ ហើយរហ័សឡើងទំងន់។ បទពិសោធន៍នេះ ជាគំនិតច្នៃប្រឌិតរបស់គាត់ផ្ទាល់ ដែលបានចិញ្ចឹមជាច្រើនឆ្នាំ។ ជ្រូកសាច់របស់គាត់ ចិញ្ចឹមរយៈពេល ៤ខែឡើងទំងន់រហូត៨០-៨៥គីឡូក្រាមក្នុង១ក្បាល។
ទិដ្ឋភាពជ្រូកកំពុងស៊ីចំណីនៅក្នុងទ្រុង
ចំពោះបច្ចេកទេសនៃការចិញ្ចឹម បង្ហាញដូចខាងក្រោម៖
១-ការជ្រើសរើសពូជចិញ្ចឹម
ពូជជ្រូកដែលគាត់ចិញ្ចឹមបានទិញពីភូមិសំរោង ដោយគាត់បានស៊ើបពីប្រវត្តិច្បាស់លាស់ ទិញជ្រើសរើសយកមេបាដែលមានមាឌធំ បាមិនជាន់ឈាម។ ដំបូងគាត់ចិញ្ចឹមជ្រូកមេ ១ក្បាល ដែលមាន ទំងន់ ១៥គីឡូក្រាម និងជ្រូកសាច់ ៤ក្បាល។ បច្ចុប្បន្នជ្រូកមេបានចំនួន ២ក្បាល។
២-ការសង់ទ្រុងជ្រូក
គាត់បានជ្រើសរើសទីកន្លែងសង់ទ្រុងនៅលើដីទួលមិនលិចទឹក ដោយមានចាក់សាបនៅបាត ហើយមានចង្ហូរសម្រាប់បង្ហូរលាមក និងទឹកនោម។ គាត់ធ្វើជញ្ជាំងឫស្សីដាក់បឈ្ឈរឲ្យមានខ្យល់ចេញចូល និងមានប្រក់ដំបូលស្លឹក។ ទ្រុងមានទំហំទទឹង ៣,៥ម៉ែត្រ បណ្តោយ ៤ម៉ែត្រសម្រាប់ជ្រូក៨ក្បាល។ ការធ្វើទ្រុងដោយជញ្ចាំងពីឫស្សីនេះ ធ្វើឲ្យជ្រូកមានសុខភាពល្អជាងរៀបឥដ្ឋ។
៣-ការផ្តល់ចំណី និងទឹក
ចំពោះជ្រូកសាច់គាត់ឲ្យស៊ីចំណីផ្សំរួចទិញពីរោងម៉ាស៊ីនសមាគម ឬ ចំណីផ្សារក្នុងបរិមាណ ២គីឡូក្រាម លាយកន្ទក់
១០គីឡូក្រាម និងត្រកួន១កងធំឲ្យស៊ីម្តងសំរាប់ជ្រូក៨ក្បាល។ ក្នុង១ថ្ងៃ ឲ្យស៊ី៣ដង (ព្រឹក ថ្ងៃត្រង់ និងល្ងាច) ចំពោះជ្រូកមេ ១ក្បាល គាត់ផ្សំចំណីកន្ទក់ ១គីឡូក្រាម, ចំណីផ្សំ ១គីឡូក្រាម, ត្រកួន ១កងតូច និងបបរចុងអង្ករ២កំប៉ុងកន្លះ ឲ្យស៊ី១ថ្ងៃ ៣ដងដែរ។
៣-ការផ្តល់ចំណី និងទឹក
ចំពោះជ្រូកសាច់គាត់ឲ្យស៊ីចំណីផ្សំរួចទិញពីរោងម៉ាស៊ីនសមាគម ឬចំណីផ្សារក្នុងបរិមាណ ២គីឡូក្រាម លាយកន្ទក់១០គីឡូក្រាម និងត្រកួន១កងធំឲ្យស៊ីម្តងសម្រាប់ជ្រូក ៨ក្បាល។ ក្នុង១ថ្ងៃ ឲ្យស៊ី៣ដង (ព្រឹក ថ្ងៃត្រង់ និងល្ងាច) ចំពោះជ្រូកមេ ១ក្បាល គាត់ផ្សំចំណីកន្ទក់ ១គីឡូក្រាម, ចំណីផ្សំ ១គីឡូក្រាម, ត្រកួន ១កងតូច និងបបរចុងអង្ករ២កំប៉ុងកន្លះ ឲ្យស៊ី១ថ្ងៃ ៣ដងដែរ។
៤-ការថែទាំ
ចំពោះការថែទាំ អ្នកមីងបានយកចិត្តទុកដាក់ទៅលើចំណុចមួយចំនួនដូចជា៖
– ការបោសសំអាតទ្រុងធ្វើជារៀងរាល់ថ្ងៃ ដោយធ្វើការបាញ់ទឹក បោសលាងសំអាតមិនឲ្យ
លាមកនៅស្អុយពេញទ្រុង
– លាងសំអាតស្នូកទឹក និងស្នូកចំណីរាល់ថ្ងៃ មិនឲ្យមានក្លិនផ្អូមនៅជាប់
– ស្រោចទឹកលាងសំអាតជ្រូក ១ថ្ងៃ៤ដងនៅរដូវប្រាំង និង២ដងនៅរដូវវស្សា
– ចាក់វាក់សាំង ៤ដង៖
ជ្រូកទើបកើតបាន ៥ថ្ងៃ ចាក់វាក់សាំងជាតិដែក
១៥ថ្ងៃបន្ទាប់មក ចាក់វាក់សាំងជំងឺរាគស
១០-១៥ថ្ងៃបន្ទាប់មកទៀត ចាក់វាក់សាំងជំងឺសារទឹក
១០-១៥ថ្ងៃបន្ទាប់ពីចាក់វាក់សាំងសារទឹក គាត់ចាក់វាក់សាំងជំងឺប៉េស។
ជាទូទៅការចាក់វាក់សាំង គឺចន្លោះពី១០-១៥ថ្ងៃម្តង លៃយ៉ាងណាឲ្យគ្រប់ ៤ដង។
- ការថែទាំជ្រូកពេលផើម និងកូនរួច
Û ពេលជ្រួកជិតគ្រប់ខែ
– មុនកើត ១០ថ្ងៃ គាត់ធ្វើអាហារបំប៉ន ដោយបបរអង្ករលាយជាមួយត្រួយស្លឹកដំឡូងជ្វាឲ្យ
ស៊ី ១ថ្ងៃ៣ដង ដើម្បីឲ្យសម្បូរទឹកដោះ
– យកសម្បកខ្ទុំ ២-៣ចំណិត និងដើមត្បាល់កិនទៅឆ្អើរ រួចបង់ចូលក្នុងបបរដាក់ឲ្យស៊ី ដើម្បី
ការពារការទាស់នៅពេលកូនខ្ចី
– ទំលាក់ព្រូន ១៥ថ្ងៃមុនកើត ដោយចាក់ថ្នាំប៊ីវីមិច (ចាក់តែម្តង)
– នៅពេលជ្រូកជិតកើត រៀបចំដាក់ក្រណាត់ ឬចំបើងឲ្យជ្រូកកើតឲ្យស្រេច។
Û ពេលជ្រូកកើតរួច
– ត្រូវត្រួតពិនិត្យមើលចំពោះកូនជ្រូកណាដែលខ្សោយចាប់ដាក់ឲ្យបៅដោះមុខ ពីព្រោះចេញ
ទឹកដោះច្រើន។ មួយយប់ចាប់ឲ្យបៅ៧ដង និងថ្ងៃ៧ដង។ ជួយបំបៅរយៈពេល ៤-៥ថ្ងៃ
ទើបឈប់ដោយឲ្យជ្រូកបៅដោះមេដោយខ្លួនឯង
– ដាក់បំបែកកូនជ្រូកឲ្យដេកទ្រុងផ្សេងពីមេ
– កូនកើតមកភ្លាមកាច់ចង្កូមភ្លាម ដើម្បីកុំឲ្យខាំគ្នា និងខាំដោះមេ
– កាត់កន្ទុយរួច បាញ់ថ្នាំផ្សះ ដើម្បីឲ្យជ្រូកឆាប់ឡើងសាច់
– ចាក់ថ្នាំជំនួយកម្លាំងមេជ្រូកនៅពេលកើតបានកូន១ ធ្វើឲ្យកូនបន្ទាប់កើតមកលឿន។
ក្រោយពីការចិញ្ចឹមបានរយៈពេល ៤-៤,៥ខែ ជ្រូកឡើងទំងន់ ៨០-៨៥គីឡូក្រាមក្នុង១ក្បាល។ នៅដើមឆ្នាំ២០១១កន្លងទៅនេះ គាត់លក់ជ្រូកបាន ១គីឡូក្រាមតម្លៃ ១០.៥០០រៀល គាត់លក់ជ្រូក ៦ក្បាល ចំណេញបាន ១.៨០០.០០០រៀល (ទូទាត់ការចំណាយរួច)។
៥-ចំណាប់អារម្មណ៍របស់កសិករ
តាមរយៈបទពិសោធន៍កន្លងមកអ្នកមីងមានប្រសាសន៍ថា ដើម្បីឲ្យការចិញ្ចឹមជ្រូកបានកាក់កប ត្រូវយកចិត្តទុកដាក់លើចំណុចមួយចំនួនដូចជា៖
– ការធ្វើអនាម័យទ្រុង ស្នូកទឹក និងស្នូកចំណី
– បាញ់ទឹកសំអាតលាងជ្រូកឲ្យបាន ៣-៤ដងក្នុង១ថ្ងៃ
– ឲ្យស៊ីចំណីទៀងទាត់តាមពេលវេលា និងកុំឲ្យផឹកទឹក និងចំណីផ្អូម
– ថែទាំឲ្យដិតដល់នៅពេលជ្រូកផើម និងកើតកូន។
សរុបមក បច្ចេកទេសសំខាន់ៗក្នុងការចិញ្ចឹមជ្រូកមាន៖
- ជ្រើសរើសពូជចិញ្ចឹម ដែលមេបាមានមាឌធំ និងមិនជាន់ឈាម
- ជ្រើសរើសកន្លែងសង់ទ្រុងនៅលើដីទួលមិនលិចទឹក និងទ្រុងធ្វើពីឫស្សី មាន ខ្យល់ចេញចូល
- ផ្តល់ចំណី និងទឹក ១ថ្ងៃ៣ដងឲ្យទៀងទាត់តាមពេលវេលា
- ថែទាំបោសសំអាតទ្រុង និងចាក់វាក់សាំងឲ្យបាន ៤ដង
- ថែទាំមេជ្រូកពេលកើតកូនរួច ដោយឲ្យអាហារបំប៉នឲ្យមានទឹកដោះ និងថែទាំកូនដោយជួយបំបៅដៅរយៈពេល ៤-៥ថ្ងៃ៕