Home / កសិកម្ម / ចរិត ការរស់នៅ និងចំណី របស់ត្រីដំរី ត្រីក្រាញ់ ត្រីកន្ធរ ត្រីហឿងក្រហម

ចរិត ការរស់នៅ និងចំណី របស់ត្រីដំរី ត្រីក្រាញ់ ត្រីកន្ធរ ត្រីហឿងក្រហម

ក្រៅពីត្រីអណ្តែងដែលងាយចិញ្ចឹមនៅក្នុងរណ្តៅ ឬអាងនោះ គឺនៅមានត្រីដំរី ត្រីក្រាញ់ ត្រីកន្ធរ និងត្រីហឿងក្រហម។ ដូច្នេះអ្នក ចិញ្ចឹមមានជំរើសច្រើនក្នុងការចិញ្ចឹមត្រីប្រភេទណា? ខាងក្រោមនេះគឺជាការរៀបរាប់អំពីចរិត ការរស់នៅ និងចំណីរបស់ត្រីទាំង​អស់នោះ ដើម្បីជាចំណេះដឹងក្នុងការចិញ្ចឹមរបស់បងប្អូន។

ត្រីដំរី (Marbled sleeper)​​ ប្រភេទត្រីក្នុងស្រុក

ត្រីដំរី ជាត្រីប្រភេទត្រីទឹកសាប ហើយរស់នៅតាមស្ទឹង ទន្លេ អូ​រ បឹង​​ ស្រះ ប្រឡាយ ជាពិសេសមាត់បឹងដែលមានព្រៃលិចទឹក ឬគល់ឈើលិចក្នុងទឹក។ ត្រីដំរីមិនសូវបំលាស់ទីដើម្បីស្វែងរកស៊ីចំណីទេហើយចូលចិត្តរស់នៅកន្លែងដែលស្ងៀមស្ងាត់។ វាស់នៅស្រទាប់បាត ពេលថ្ងៃធម្មតាឆ្មុលរុកចូលទៅក្នុងភក់ រូង ឬគល់ឈើលិចក្នុងទឹក។

  • ត្រីដំរីរកចំណីស៊ីនៅពេលយំ វាជាប្រភេទត្រីស៊ីសាច់ជាអាហារដូចជា ដង្កូវ ក្អុក កង្កែប ក្ដាម ជន្លេន កូនត្រីតូចៗ ខ្ចងខ្ចៅ កំពឹស ត្រីចង្វា។
  • ត្រីដំរី មានប្រព័ន្ធដកដង្ហើមរង វាអាចរស់នៅធន់នឹងមជ្ឈដ្ឋានទឹកដែលមានអុកស៊ីរីសែនរលាយក្នុងទឹកទាប។
  • ត្រីដំរី ជាប្រភេទត្រីសំងំចាំចាប់ចំណី គឺវាមិនចេញចាប់ចំណីដូចប្រភេទត្រីឯទៀតទេ។
  • ចំណីស្រស់ដូចជា សាច់ត្រីល្អិតៗ កំពឹស ពោះវៀនមាន់ ទា និងជ្រូក ហាន់តូចៗ។
  • បើចិញ្ចឹមនៅរណ្តៅ ឬអាង គឺនៅបាតរណ្ដៅ ឬអាង ត្រូវដាក់សំបកកង់ឡានធ្វើជាជំរកកន្លែងត្រីលាក់ខ្លួននិងពងកូន។ រយៈពេលពី ៦ ទៅ ៨ខែ បានទំងន់ពី ៣ខាំ ទៅ ៨ខាំ ក្នុង១ក្បាល។

ត្រីក្រាញ់ (Climbing perch)ប្រភេទត្រីក្នុងស្រុក

ត្រីក្រាញ់ជាប្រភេទត្រីទឹកសាប វារស់នៅតាមវាលស្រែ បឹងបួរ ប្រឡាយ ស្រះ បៀ ត្រពាំង។ល។ ត្រីក្រាញ់មានពងពណ៌លឿងជាំជាប់ជាតិខ្លាញ់អណ្តែតលើផ្ទៃទឹក រហូតដល់ពេលពងញាស់។

  • វាស៊ីពួកប្លង់តុង​ គ្រាប់ធញ្ញជាតិដូចជា ផ្កាស្រូវ ស្មៅ កន្ទក់ បន្លែ។ ក្រៅពីនេះ វាក៏ស៊ីកូនសត្វល្អិតៗ កូនត្រី កំពឹស កន្ទក់ ចុងអង្ករ លាមកសត្វ ជីកំប៉ុស្ត។ល។
  • វារស់នៅស្រទាប់លើ និងកណ្ដាលនៃផ្ទៃទឹក ចូលចិត្តចេញរកចំណីពេលថ្ងៃ។
  • ពេលមានភ្លៀងដើមឆ្នាំ ត្រីក្រាញ់ងាយរាលចេញពីជំរកដែលវារស់នៅ។
  • រស់ធន់នឹងមជ្ឈដ្ឋានចង្អៀត។
  • បើចិញ្ចឹមរយៈពេលបានពី ៨ ទៅ ១០ខែ គឺ ៨ ទៅ ១០ក្បាលក្នុង១ គីឡូក្រាម។

ត្រីកន្ធរ (Snakeskin gourami) ប្រភេទត្រីក្នុងស្រុក

ត្រីកន្ធររស់នៅតាមវាលស្រែ បឹងបួរ ប្រឡាយ ស្រះ ត្រពាំង។ តាមធម្មជាតិ ត្រីកន្ធរចូលចិត្តរស់នៅកន្លែងដែលមានទឹកសំបូរទៅដោយសារធាតុសរីរាង្គរលួយ (​រុក្ខជាតិលិចរលួយក្នុងទឹក ដូចជាស្មៅ ចក កំប្លោក ត្រកួន និងលាមកសត្វ)។

  • ចំណីរបស់ត្រីកន្ធរមាន​ដូចជា កាកសំណល់រលួយនៅបាតស្រះ ប្លង់តុង សារាយ ចកពងទឹក ចកបាយទា លាមកសត្វ កន្ទក់ ចុងអង្ករ និងកាកសំណល់ផ្ទះបាយ។
  • ជំរៅទឹកដែលត្រីកន្ធរអាចរស់នៅបានគឺចាប់ពី ០,៥ម៉ែត្រ ទៅ ១ម៉ែត្រ។
  • ត្រីកន្ធរពងនៅកន្លែងណាមានរុក្ខជាតិដុះក្នុងទឹក ដើម្បីងាយធ្វើសំបុកក្រោមស្មៅ ឬកំប្លោក។ មុនពេលពង គឺវាបញ្ចេញទឹកជាពពុះនៅលើផ្ទៃទឹកដើម្បីពង។
  • ពងត្រីកន្ធរមានពណ៌លឿង និងមានជាប់ជាតិខ្លាញ់អណ្ដែតត្រាៗនៅលើផ្ទៃទឹករហូតដល់ពេលញាស់។
  • អាយុចាប់ពី ៧ ទៅ ១០ខែ ត្រីកន្ធរអាចចាប់ផ្ដើមបន្តពូជ (ពងកូន)។
  • ត្រីកន្ធររស់នៅស្រទាប់ផ្ទៃលើ កណ្តាល និងបាតនៃផ្ទៃទឹក។
  • វាស៊ីចំណីចំរុះ ពពួកសត្វ និងរុក្ខជាតិរលួយនៅបាត។
  • ធន់នឹងមជ្ឈដ្ឋានទឹកដែលមានអុកស៊ីសែនទាប ងាយចិញ្ចឹម និងពងកូនច្រើន។
  • ចិញ្ចឹមមួយឆ្នាំបានទំងន់ ពី ១ខាំ ទៅ ២ខាំ ក្នុង១ ក្បាល។

ត្រីហឿងក្រហម (Gourami missing) ប្រភពមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី

  • រស់នៅផ្ទៃលើ និងកណ្ដាលនៃផ្ទៃទឹក។
  • វាស៊ីចំណីចំរុះដូចជា កន្ទក់ ពោត បន្លែ ចក ត្រកួន សត្វល្អិត មមោគបាតស្រះ ស្លឹកកន្ធំថេត និងកាកសំណល់ពីផ្ទះបាយ លាមកមាន់ លាមកជ្រូក។ល។
  • ត្រីនេះមានប្រព័ន្ធដកដង្ហើមរង ធន់នឹងកន្លែងរស់នៅចង្អៀត និងងាយដឹកជញ្ជូន។
  • វាពងតាមធម្មជាតិនៅក្នុងស្រះ ឬប្រឡាយ ហើយពងត្រីនេះបណ្ដែតនៅលើផ្ទៃដី។
  • បើចិញ្ចឹមពី ៨​ ទៅ ១២ខែ វាអាចបានទំងន់ជាង ២ខាំ ក្នុង១ក្បាល៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

វិធីធ្វើទឹកខ្ញី (សំរាប់អ្នកចង់បង្កើតសិប្បកម្មធ្វើទឹកខ្ញី)

មានបងប្អូនជាច្រើនក្នុងមួយថ្ងៃៗ គឺបានខិតខំគិតរកមុខរបរចិញ្ចឹមជីវិត ក្នុងនោះក៏មានការកែច្នៃផលិតផលផងដែរ។ នៅ​ពេលនេះ​ សហគមន៍សម្បូរសប្បាយ បង្ហាញនូវអត្ថបទមួយដែលនិយាយអំពីការធ្វើទឹកខ្ញី មានក្បួនខ្នាតត្រឹមត្រូវ ពិសេសត្រូវនឹងអ្នកមានបំណងបង្កើតសិប្បកម្មធ្វើទឹកខ្ញីនេះ។