ការចិញ្ចឹមត្រីក្នុងរណ្តៅ ឬអាង គេជ្រើសរើសត្រីប្រភេទណាដែលមានលក្ខណៈធន់នឹងមជ្ឈដ្ឋានរស់នៅធន់នឹងជំងឺ និងងាយរកពូជសំរាប់ចិញ្ចឹម។ ការចិញ្ចឹមត្រីក្នុងរណ្តៅក្រាលកៅស៊ូ ឬអាងនេះ គឺមិនមែនគ្រប់ប្រភេទត្រីទាំងអស់ក៏អាចដាក់ចិញ្ចឹមបាននោះទេ គឺមានតែប្រភេទត្រីមួយចំនួនប៉ុណ្ណោះ ដូចជា ត្រីអណ្តែង ត្រីដំរី ត្រីក្រាញ់ ត្រីកន្ធរ ត្រីរឿងក្រហម ដែលអាចចិញ្ចឹមរបៀបនេះ ដោយសារត្រីពពួកនេះវាមានប្រព័ន្ធដកដង្ហើមរង អាចរស់នៅធននឹងមជ្ឈដ្ឋានទឹក និងអាចរកពូជត្រីបាននៅតាមមូលដ្ឋានចិញ្ចឹមឬតំបន់នៅក្បែរ។ ដូចនេះ យើងគួរជ្រើសរើសប្រភេទត្រីណា ដែលមានលក្ខណៈជីវសាស្ត្រអាចចិញ្ចឹមក្នុងរណ្តៅ ឬអាងបានដូចជាត្រីអណ្តែងនេះជាដើម។
ចរិតរបស់ត្រីអណ្តែង
ត្រីអណ្តែងជាប្រភេទត្រីកាច (ស៊ីសាច់ជាអាហារ) រស់នៅស្រទាប់បាត ពីព្រោះវាមានព្រុយពុកមាត់ (សំរាប់ស្រង់ក្លិន) និងជាប្រភេទត្រីស៊ីចំណីចំរុះដូចជា កូនសត្វល្អិតៗ កំពឹស កូនត្រីតូចៗ កូនកង្កែប ក្អុក ខ្យង លាមកសត្វ កន្ទក់ ចុងអង្ករ កាកសំណល់ផ្ទះបាយ សំណល់ពីសត្តឃាដ (សំណល់ពីសត្វគេសំលាប់) កាកសំណល់ពីឡជីវឧស្ម័ន។ល។ ជំរៅទឹកដែលត្រីអណ្តែងរស់នៅបានល្អគឺចាប់ពី ០,៨ ទៅ ១ម៉ែត្រ។ រស់នៅធន់នឹងមជ្ឈដ្ឋានទឹក ដែលមានអុកស៊ីសែនរលាយក្នុងទឹកទាប ធន់នឹងកន្លែងចង្អៀត។ បើចិញ្ចឹមរយៈពេលពី៣ ទៅ ៤ខែ បានទំងន់ពី ៣-៥ខាំក្នុង ១ក្បាល។
ត្រីអណ្តែងកូនកាត់ (ត្រីអណ្តែងបង្កាត់)
សព្វថ្ងៃនេះ អ្នកចិញ្ចឹមត្រីចាប់អារម្មណ៍លើការចិញ្ចឹមត្រីអណ្តែង ហើយភាគច្រើនជាប្រភេទត្រីអណ្តែងកូនកាត់ ឬហៅថា ត្រីអណ្តែងបង្កាត់ (បង្កាត់រវាងត្រីអណ្តែងឈ្មោលអាហ្រ្វិច ជាមួយត្រីអណ្តែងទន់ញីក្នុងស្រុក)។ ត្រីអណ្តែងកូនកាត់នេះ គឺចិញ្ចឹមឆាប់ធំធាត់ និងឆាប់បានហូប ឬលក់។
ត្រីអណ្តែងទន់ (Broadhead Catfish) ប្រភេទត្រីក្នុងស្រុក
ជាប្រភេទត្រីទឹកសាបក្នុងស្រុករស់នៅតាមវាលស្រែ បឹងបួរ ប្រឡាយ ត្រពាំង ព្រែក ព្រៃលិចទឹក។ល។ គេប្រទះឃើញច្រើននៅកន្លែងណាដែលមានដីមមោក ឬស្មៅត្រឹប (ស្មៅទន់ៗដុះនៅកណ្តាលបឹង) ជាពិសេសតំបន់ណាមានបឹងបួរធំៗ។
ត្រីអណ្តែងរឹង (Walking Catfish) ប្រភេទត្រីក្នុងស្រុក
ជាប្រភេទត្រីទឹកសាបក្នុងស្រុករស់នៅតាមវាលស្រែ ប្រឡាយ ស្រះ ត្រពាំង។ គេប្រទះឃើញត្រីអណ្តែងរឹងនេះរស់នៅតាមវាលស្រែ ជាពិសេសតំបន់មិនសូវមានបឹងបួរជាដើម។
ការកត់សំគាល់ក្បាលត្រីអណ្តែងរឹង ត្រីអណ្តែងទន់ ត្រីអណ្តែងបង្កាត់ និងត្រីអណ្តែងអាហ្វិ្រច
ប្រភព ទស្សនាវដ្តីកសិករ
កែសម្រួលដោយ រក្សា ខ្មែរ
សហគមន៍សម្បូរសប្បាយ