Home / កសិកម្ម / ការធ្វើជីទឹកពីកាកសំណល់ឆ្អឹងត្រី

ការធ្វើជីទឹកពីកាកសំណល់ឆ្អឹងត្រី

កាកសំណល់ត្រីមាន ឆ្អឹង ក្បាល។ល។ អាចប្រើធ្វើជាជីទឹកបានដោយដាក់ត្រាំក្នុងទឹកអំបិល។ ទឹកត្រាំកាកសំណល់នោះ មានខ្លាញ់ត្រីអណ្តែតនៅក្នុងនោះ។ ទឹកជីនេះមានសារធាតុអាស្យូត បានមកពីការបំបែកនៃប្រូតេអ៊ីន (ប្រូតេអ៊ីនបានមកពីការរលួយនៃត្រី)។ ឫសរុក្ខជាតិ មានលក្ខណៈងាយស្រួលក្នុងការស្រូបយកសារធាតុអាស្សូតពីជីនេះ។ ទឹកជីដែលបានមកពីការត្រាំ កាកសំណល់ត្រីនេះអាចស្រោចទៅលើស្លឹករុក្ខជាតិ ឬនៅជុំវិញដើមក្បែរគល់ដំណាំបាន។

១. ការរៀបចំធ្វើទឹកជីពីកាកសំណល់ត្រី

  • យកឆ្អឹងត្រីដែលជាកាកសំណល់ពីម្ហូបអាហារ ឬផ្នែកផ្សេងៗនៃត្រីដែលចោលដាក់ក្នុងកែវធំ ឬក្នុងធុងជ័រមួយ រួចចាក់ទឹកបំពេញ។
  • គ្របមាត់កែវ ឬធុងដោយចងក្រណាត់ ហើយទុកឲ្យផុតពីការប៉ះបំផ្លាញរបស់សត្វចិញ្ចឹម ឬមនុស្ស។
  • បន្ទាប់មកយកកែវ ឬធុងជ័រទឹកត្រាំសំណល់ត្រីនោះ ទៅរក្សានៅកន្លែងមួយដ៏ល្អក្នុង រយៈពេលពី២-៣ខែ។
  • ក្រោយពីបានរក្សាទុករយៈពេល២-៣ខែមក យើងសង្កេតឃើញមានខ្លាញ់ត្រីយ៉ាងច្រើនអណ្តែតនៅផ្នែកខាងលើ រីឯឆ្អឹងត្រីធ្លាក់ចុះនៅបាតកែវ ឬធុងជ័រ។

២. របៀបប្រើ

នៅពេលទឹកជីនោះកាច់រួចរាល់ហើយ ចាក់ទឹកជីរាវនេះក្នុងបរិមាណ១ពែងតែចូលទៅក្នុងទឹកធម្មតាក្នុងបរិមាណប្រហែល២០ លីត្រ។ កាកសំណល់ដែលនៅសល់ យើងដាក់ហាលក្រោមកំដៅថ្ងៃឲ្យស្ងួត រួចច្របល់កប់ក្នុងដីធ្វើជាជីទៀត។ ទឹកជីនេះអាចស្រោចទៅលើដំណាំបន្លែយកស្លឹក បន្លែយកផ្លែ ដោយស្រោចនៅលើស្លឹក ឬស្រោចនៅជុំវិញដើម។

៣. លទ្ធផល

តាមលទ្ធផលនៃការស្រាវជ្រាវមួយរបស់មហាវិទ្យាល័យនៅសហរដ្ឋអាមេរិក បានបង្ហាញឲ្យដឹងថា

  • ទឹកជីនេះ ស្រោចមួយអាទិត្យម្តងដើម្បីជំរុញការលូតលាស់នៃដំណាំបន្លែ និងការពន្យារពេលនៃការចេញផ្កា និងការទុំនៃផ្លែ (ចំពោះដំណាំប៉េងប៉ោះ អាចពន្យារពេលបានរយៈពេលលើសពីមួយសប្តាហ៍)។
  • ទឹកជីនេះស្រោចលើដី អាចកាត់បន្ថយប្រជាករនៃណេម៉ាតូត (សត្វល្អិតចង្រៃតូចៗរាងដូចជាជន្លេនរស់នៅក្នុងដីបំផ្លាញឫសដំណាំ)។

ដូច្នេះ បើចង់ដឹងមានប្រសិទ្ធភាពយ៉ាងណានោះ សូមបងប្អូនកសិករសាកល្បងតាមបទពិសោធន៍ខាងលើ៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

វិធីធ្វើទឹកខ្ញី (សំរាប់អ្នកចង់បង្កើតសិប្បកម្មធ្វើទឹកខ្ញី)

មានបងប្អូនជាច្រើនក្នុងមួយថ្ងៃៗ គឺបានខិតខំគិតរកមុខរបរចិញ្ចឹមជីវិត ក្នុងនោះក៏មានការកែច្នៃផលិតផលផងដែរ។ នៅ​ពេលនេះ​ សហគមន៍សម្បូរសប្បាយ បង្ហាញនូវអត្ថបទមួយដែលនិយាយអំពីការធ្វើទឹកខ្ញី មានក្បួនខ្នាតត្រឹមត្រូវ ពិសេសត្រូវនឹងអ្នកមានបំណងបង្កើតសិប្បកម្មធ្វើទឹកខ្ញីនេះ។