Home / ព័ត៌មាន / លោក អ៊ួន សុផល៖ វត្តមានរបស់លោកនៅក្នុងសាលាឃុំពិតជាមានសារសំខាន់

លោក អ៊ួន សុផល៖ វត្តមានរបស់លោកនៅក្នុងសាលាឃុំពិតជាមានសារសំខាន់

គិតពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ មកដល់ជាងពាក់កណ្តាលឆ្នាំ២០១៩នេះ គឺមានរយៈពេលជាង​២ឆ្នាំហើយ ដែលលោក អ៊ួន សុផល បានឈានជើងចូលទៅធ្វើការងារនៅក្នុងសាលាឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត ក្នុងតួនាទីជាជំទប់ទី២ មកពីកូតាគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

នៅពេលដែលអ្នកសារព័ត៌មានសម្បូរសប្បាយបានសួរលោកថា តើលោកមានអារម្មណ៍យ៉ាងណាក្រោយបានចូលធ្វើការងារនៅក្នុងសាលាឃុំ ក្នុងតួនាទីជាជំទប់ទី២បែបនេះ? ហាក់ឆ្លើយមិនស្ទាក់ស្ទើរក្នុងចិត្តលោកអ៊ួន សុផល ថា លោកពិតជាមានក្តីរីក​រាយ និងមោទនភាព ដោយលោកបញ្ជាក់ថា ក្តីរីករាយ និងមោទនភាពនេះ មិនមែនដោយសារតែលោកបានធ្វើជាជំទប់ឃុំនោះទេ ប៉ុន្តែដោយសារតែឃុំរបស់លោកមានការកែប្រែមុខមាត់ខ្លាំង បន្ទាប់ពីវត្តមានរបស់លោកនៅក្នុងសាលាឃុំ។

លោក អ៊ួន សុផល បានលើកឡើងឱ្យដឹងថា បើប្រៀបធៀបរយៈពេល២ឆ្នាំចុងក្រោយនេះ ទៅនឹងរយៈពេល២០ឆ្នាំមុន គឺឃុំដំណាក់សុក្រំ ក្រុមប្រឹក្សាឃុំស្ទើរតែរកកន្លែងប្រជុំមិនបាន ដោយប្រជុំតែក្រោមដើមឈើ ក៏ព្រោះតែសាលាឃុំបែកបាក់ ដោយគ្មានអ្នកខ្វល់ខ្វាយពីការជួសជុល។ ប៉ុន្តែលោក អ៊ួន សុផល បញ្ជាក់ថា លោកបានបញ្ចប់នូវភាពអត្តខាត់ទាំងនេះ ក្រោយពីលោកបានចូលទៅអង្គុយធ្វើការងារនៅក្នុងសាលាឃុំ គឺតាមរយៈការប្រឹងប្រែងប្រមូលមូលនិធិពីសប្បុរសជននានាទាំងក្នុង និងក្រៅស្រុក ដោយមិនរំពឹងថវិការបស់រាជរដ្ឋាភិបាល ដែលជាលទ្ធផលលោកសម្រេចបាននូវអគារមួយខ្នងសម្រាប់ក្រុមប្រឹកឃុំនៅក្នុងឃុំដំណាក់សុក្រំ អាចអង្គុយធ្វើការងារដោយសមរម្យ និងលែងទៅប្រជុំនៅក្រោមដើមឈើដូចពេលមុនៗទៀតហើយ។

ជាការឆ្លើយតបទៅនឹងការប្រឹងប្រែងរបស់លោក រាជរដ្ឋាភិបាលក៏បានសាងសង់អគារសាលាឃុំស្តង់ដារមួយបន្ថែមទៀត ដែលធ្វើឱ្យឃុំដំណាក់សុក្រំ កែប្រែមុខមាត់ពីឃុំដែលក្រុមប្រឹក្សាឃុំគ្មានសាលាឃុំប្រជុំ ទៅជាឃុំមានអគារសាលាឃុំដល់ទៅពីរ។ នេះជាការលើកឡើងឱ្យដឹងបន្ថែមរបស់លោក អ៊ួន សុផល។

មួយវិញទៀតលោកថា វត្តមានរបស់លោកគឺបានធ្វើឱ្យក្រុមប្រឹក្សាឃុំដំណាក់សុក្រំប្រឹងប្រែងប្រជែងគ្នាដោះស្រាយបញ្ហា និងផ្តល់សេវាសាធារណៈជនដល់ប្រជពលរដ្ឋក្នុងឃុំបានល្អប្រសើរជាងមុន មិនថាបញ្ហាទាំងនោះជាករណីតូចតាច និងធំដំឡើយ។ តាមអ្វីដែលលោក អ៊ួន សុផល បានបញ្ជាក់នោះគឺថាការណ៍នេះបានចាប់ផ្តើមពីលោកអត់ធ្មត់ដើម្បីដោះស្រាយបញ្ហាទាំងឡាយណាដែលក្រុមប្រឹក្សាឃុំយល់ថាមិនចាំបាច់ ប៉ុន្តែវាជារឿងចាំបាច់សម្រាប់ប្រជាពលរដ្ឋនៅក្នុងឃុំ។ នៅពេលលោកបានធ្វើការងារទាំងនោះ​ញយៗ និងរឿយៗ ហើយសម្រេចបានលទ្ធផលជាវិជ្ជមាន នៅពេលនោះហើយធ្វើឱ្យក្រុមប្រឹក្សាឃុំទាំងអស់នៅក្នុងដំណាក់សុក្រំ ដោយរួមទាំងមេឃុំផងដែរ បានងាកមកផ្តើមប្រជែងគ្នាយកចិត្តទុកដាក់ទៅលើតម្រូវការរបស់ប្រជាពលរដ្ឋមិនថាតូច ឬ ធំឡើយ។

លោកបានលើកឡើងបន្ថែមថា ពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធតូចៗនៅក្នុងឃុំដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋបានស្នើឱ្យមេភូមិជួយសម្របសម្រួលធ្វើដោយផ្តល់ទាំងថវិកាទៀតផង ក៏គេមិនសូវជាចាប់អារម្មណ៍ធ្វើដែរ ប៉ុន្តែឥឡូវនេះគឺខុសពីពេលមុនដោយមេភូមិនៅតាមភូមិនីមួយៗបានស្វះស្វែងរកថវិកាមកធ្វើដោយខ្លួនឯង។

ជាមួយគ្នានេះដែរលោក អ៊ួន សុផល បានបញ្ជាក់បន្ថែមទៀតថា គោលនយោបាយអភិវឌ្ឍឃុំដំណាក់សុក្រំ ដែលមេឃុំធ្លាប់តែបដិសេធន៍កន្លងមកជារឿយៗជាមួយលោកផ្ទាល់ និងប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំនោះ ថាមិនចាំបាច់នោះ ប៉ុន្តែត្រូវបាន​យកទៅដាក់បញ្ចូលក្នុងគោលនយោបាយជាអាទិភាព។

លោកថ្លែងយ៉ាងដូច្នេះថា «យើងឃើញចំណុចមួយទៀតក៏ជាវិជ្ជមានដែរ។ ដូចជាហេដ្ឋារចនាសម្ព័ន្ធ ឬក៏កំនិតនៃការកសាង ឬមួយក៏គោលនយោបាយអី យើងបានដាក់ទៅហើយ ពីមុនគេអត់បាននឹកឃើញទេ។ ឥឡូវគេយក គេអាចធ្វើតាមគោលនយោបាយយើងបានដាក់ហ្នឹង។ ឧទាហរណ៍ដូចជាឃុំដំណាក់សុក្រំ ខ្ញុំចាំច្បាស់ថា យើងធ្លាប់លើកដាក់ក្នុងគោលនយោបាយអភិវឌ្ឍឃុំ គឺទំនប់ស្ទឹងអន្លុងក្បាលក្របី។ ចឹងមេឃុំគាត់ធ្លាប់ទាំងនិយាយជាមួយខ្ញុំផ្ទាល់ គាត់ធ្លាប់ទាំងនិយាយនៅក្នុងវេទិកាសាធារណៈទៀត។ គាត់ថាអាហ្នឹងមិនអាចធ្វើបានទេ។ មិនអាចធ្វើការកើតទេ ហើយធ្វើអាកន្លែងហ្នឹងក៏អត់សំខាន់ដែរ។ ប៉ុន្តែយើងនៅតែនិយាយថាអាហ្នឹងវាសំខាន់ គួរតែធ្វើអាហ្នឹង។ ក្រោយមកយើងឃើញលោកអភិបាលស្រុក គាត់មកមើលអាកន្លែងយើងចង់ធ្វើហ្នឹង ហើយគាត់យកផែនការហ្នឹងដាក់ទៅក្នុងគោលនយោបាយរបស់ឃុំ។ ឥឡូវគឺឃុំយកអាហ្នឹងធ្វើជាអាទិភាពដែរ។ អាហ្នឹងក៏ដោយសារយើងបានគិតដែរ។ ចឹងអាហ្នឹងវាអាចទាញគំនិតយើងយកទៅអភិវឌ្ឍឃុំ»។

លោក អ៊ួន សុផល បានថ្លែងបញ្ជាក់ថា គំនិតលោកជាច្រើនត្រូវបានគេយកទៅដាក់បញ្ចូលនៅក្នុងគោលនយោបាយអាទិភាព ដើម្បីអភិវឌ្ឍឃុំដំណាក់សុក្រំ។ រយៈពេលជាង២ឆ្នាំនេះលោកថា លោកបានទទួលបានបទពិសោធន៍យ៉ាងច្រើនទាំងការបង្រៀនដល់ខ្លួនឯង និងអ្នកដទៃ។ បទពិសោធន៍បង្រៀនខ្លួនឯងគឺធ្វើឱ្យលោកចេះគិតពីវិជ្ជមានច្រើន ដោយកាត់បន្ថយនូវអវិជ្ជមាន ពោលគឺលោកធ្វើរឿងវិជ្ជមានឱ្យបានច្រើន ដូចជានាំគេគិត នាំគេធ្វើ បើគេមិនធ្វើក៏ធ្វើ ហើយគេមិនធ្វើ ក៏លោកនៅតែបន្តធ្វើអ្វីដែលលោកគិត ដែលជាហេតុនាំឱ្យគេធ្វើតាម។

លោកសង្កត់ធ្ងន់យ៉ាងដូច្នេះថា «គេហៅយើង គេប្រើយើង គេមិនប្រើយើងក៏ដោយ គឺគំនិតដែលយើងមាន ចក្ខុវិស័យដែលយើងមាន គឺយើងធ្វើទៅតាមគំនិតយើងទៅ។ រួមទាំងបទពិសោធន៍យើងប្រមូលបានជុំវិញខ្លួន បទពិសោធន៍ និងចំណេះដឹងដែលយើងបានពីអ្នកដទៃ គឺយើងអនុវត្ត សំខាន់គឺយើងធ្វើកុំឱ្យតែខុសច្បាប់»។

ជាមហិច្ឆតារបស់លោក អ៊ួន សុផល គឺចង់អភិវឌ្ឍន៍ឃុំដំណាក់សុក្រំរបស់លោកឱ្យក្លាយទៅជាឃុំគំរូបមួយសម្រាប់ឃុំដទៃៗទៀតយកទៅអនុវត្តតាម៕

អាន វិចិត្រ

សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

វិធីធ្វើទឹកខ្ញី (សំរាប់អ្នកចង់បង្កើតសិប្បកម្មធ្វើទឹកខ្ញី)

មានបងប្អូនជាច្រើនក្នុងមួយថ្ងៃៗ គឺបានខិតខំគិតរកមុខរបរចិញ្ចឹមជីវិត ក្នុងនោះក៏មានការកែច្នៃផលិតផលផងដែរ។ នៅ​ពេលនេះ​ សហគមន៍សម្បូរសប្បាយ បង្ហាញនូវអត្ថបទមួយដែលនិយាយអំពីការធ្វើទឹកខ្ញី មានក្បួនខ្នាតត្រឹមត្រូវ ពិសេសត្រូវនឹងអ្នកមានបំណងបង្កើតសិប្បកម្មធ្វើទឹកខ្ញីនេះ។