ជាទូទៅថង់ប្លាស្ទិក ទទួលបាននូវការពេញនិយមសំរាប់ការប្រើប្រាស់ចំពោះអ្នកលក់រាយ និងរួមជាមួយអតិថិជនផងដែរដោយសារវាមានតម្លៃថោកជាប់ មានទំងន់ស្រាល ប្រើបានច្រើនយ៉ាងធ្វើឲ្យមានអនាម័យនៅពេលកំពុងប្រើ និងមានការងាយស្រួលក្នុងការយួរចំណីអាហារ និងដាក់ទំនិញផ្សេងៗ។ហេតុដូចនេះហើយ បានជាការប្រើប្រាស់ថង់ប្លាស្ទិកមើលទៅហាក់ដូចជាទំនើបជាងការប្រើរបស់ផ្សេងទៀត។ ប៉ុន្តែផ្ទុយទៅវិញការប្រើប្រាស់ថង់ប្លាស្ទិកទាំងនោះបណ្តាលឲ្យមានបញ្ហាជាច្រើនដូចជា ការបំពុលបរិយាកាស សម្លាប់សត្វព្រៃ និងការប្រើប្រាស់ធនធានទាំងឡាយពីផែនដី។
១. ថង់ប្លាស្ទិកដែលពង្រាយនៅលើដី នៅពេលដែលគេប្រើប្រាស់ថង់ប្លាស្ទិកកាន់តែច្រើន គឺកាកសំណល់នោះត្រូវបានចោលនៅលើទីវាលឬគែមនានា ហើយពីមួយឆ្នាំទៅមួយឆ្នាំថង់ប្លាស្ទិកកាន់តែច្រើនឡើងៗ ហើយវាបានពង្រាយនៅបរិស្ថានជុំវិញ។ នៅគ្រាមួយនោះវាបានក្លាយជាសំរាម ហើយថង់ប្លាស្ទិកបានហូរចូលនៅតាមផ្លូវទឹក ចំណតនានា មាត់សមុទ្រ និងនៅតាមផ្លូវសារធារណៈនានា ហើយប្រសិនបើសំរាមទាំងនេះត្រូវបានដុតវិញវាបានចូលលាយឡំជាមួយខ្យល់ដែលធ្វើឲ្យមានជាតិពុល និងមានបរិយាកាសអាប់អួរ។
២. ថង់បា្លស្ទិកសម្លាប់សត្វ មានសត្វជាច្រើនប្រហែលចំនួន ១០០.០០០ដូចជា ត្រីដូហ្វីន អណ្តើក ត្រីបាឡែន ផេនខ្វីន (penguins) ត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំដោយសារថង់ប្លាស្ទិក។ មានសត្វជាច្រើនបានច្រឡំស៊ីថង់ប្លាស្ទិកថាជាចំណី បន្ទាប់មកក៏ត្រូវស្លាប់។ ហើយអ្វីដែលអាក្រក់ជាងនេះទៅទៀតនោះ គឺសត្វដែលស៊ីថង់ប្លាស្ទិកនោះនៅតែមិនមានបញ្ហា តែក្រោយមកបានងាប់ និងបំបែកជាសត្វតូចៗផ្សេងពីនេះ។
៣. ថង់ប្លាស្ទិកជាធាតុដែលមិនអាចបំបែកធាតុដោយខ្លួនឯងបាន មួយទៀតដែលជាផលអាក្រក់ចំពោះបរិស្ថានដែលបណ្តាលមកពីថង់ប្លាស្ទិកនោះ គឺវាមិនអាចធ្វើការបំបែកធាតុដោយខ្លួនឯងបាន។ រយៈពេលនៃការបំបែកធាតុចំពោះថង់ប្លាស្ទិកត្រូវចំណាយពេលប្រហែលដល់ទៅ ១.០០០ឆ្នាំ។
៤. ប្រេងឆៅត្រូវបានប្រើប្រាស់សំរាប់ផលិតថង់ប្លាស្ទិក បរិមាណប្រងឆៅគឺវាត្រូវថយចុះ និងមានតម្លៃថ្លៃពីមួយថ្ងៃទៅមួយថ្ងៃ នៅពេលដែលវាត្រូវបានប្រើប្រាស់ពេលបច្ចុប្បន្នដើម្បីផលិតថង់ប្លាស្ទិក។ តែទោះជាយ៉ាងណា ប្រសិនបើនៅតែត្រូវការប្រើវាជាចាំបាច់នោះ យើងអាចកាត់បន្ថយបានតាមអ្វីដែលយើងអាចធ្វើបានតាមវិធីតូចៗជាច្រើនដូចជា៖
- ការប្រើកន្ត្រកអាចជាជំរើសដ៏ល្អសំរាប់ការយួរទំនិញនៅតាមហាងទំនិញ
- ការដែលអាចប្រើប្រាស់ថង់ប្លាស្ទិក ដែលប្រើម្តងរួចហើយសារជាថ្មីបាន គឺជាគំនិតដ៏ល្អមួយដើម្បីកាត់បន្ថយការទិញថង់ថ្មី។
តែទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលរដ្ឋាភិបាលបានព្យាយាមធ្វើការយ៉ាងច្រើនសំរាប់ការកាត់បន្ថយការប៉ះពាល់នៃថង់ប្លាស្ទិកនៅក្នុងបរិស្ថាន យើងទាំងអស់គ្នាគួរតែមានការទទួលខុសត្រូវពីបញ្ហានេះដែរព្រោះវាក៏ជាបញ្ហាដែលផ្តល់នូវផលអាក្រក់ដល់យើងទាំងអស់គ្នាដែលកំពុងរស់នៅលើផែនដីនេះផងដែរ៕
ប្រែសម្រួលជាភាសាខ្មែរដោយ ស៊ិន អង្គារសាធ