ដីមានជីវិត ឬដីរស់ អ្នកបច្ចេកទេសច្រើននិយាយថាដីរស់ ឬដីមានជីវិត មានន័យថា សំបូរដោយសារធាតុសរីរាង្គ ដែលពុករលួយ ឬមានជាតិមមោក ហើយនិងសំបូរទៅដោយមីក្រូសរីរាង្គ។ គេតែងតែនិយាយថា កាលណាដីមានជីវិត ឬដីរស់ ដំណាំក៏រស់បានល្អដែរ។ ដូចនេះដើម្បីឲ្យដំណាំលូតលាស់បានផលល្អ សូមយើងរក្សាដីឲ្យមានជីវិត។
ជីបៃតង ឬជីស្រស់ គឺជាជីដែលបានមកពីរុក្ខជាតិបៃតងជាពិសេសពពួកសណ្តែក (សណ្តែកខ្មោច សណ្តែកបាយ ស្នោ ដង្ហិត កន្ធំថេត អង្គាដី កន្ទ្រានខែត្រ។ល។) ដែលគេភ្ជួរលុបស្រស់ៗទៅក្នុងដី ដើម្បីកែប្រែទ្រង់ទ្រាយ និងផ្តល់ជីវជាតិ ដល់ដី។ គេអាចប្រើជីស្រស់បានលើដីគ្រប់ប្រភេទ ជាពិសេសដីខ្សាច់ខ្សត់ជីជាតិ ប្រែក្លាយបន្តិចម្តងៗទៅជាដីមានជីជាតិអាចរក្សាសំណើមបានយូរ និងធ្វើឲ្យដីធូរទៀតផង។
ជីគីមី គឺជាជីដែលផលិតចេញពីរោងចក្រឧស្សាហកម្មទំនើប។ ជីនេះវាធ្វើឲ្យរុក្ខជាតិដុះលូតលាស់លឿនរហ័សទាន់ចិត្តប្រសិនបើយើងប្រើវាត្រឹមត្រូវតាមកំរិតមួយសមស្រប តែផ្ទុយទៅវិញបើយើងប្រើច្រើនហួសកំរិត ឬខុសរបៀបក៏វាអាចនាំបញ្ហាដល់ដំណាំនិងដីរបស់យើងដែរ។
សារធាតុសរីរាង្គ ឬសារធាតុជីវៈ គឺជាសារធាតុទាំងឡាយណាដែលបានមកពីអ្វីដែលមានជីវិតដូចជា រុក្ខជាតិ ឬសត្វ។ សារធាតុសរីរាង្គ ទាំងនេះពុកផុយរលួយក្លាយទៅជាជី ឬគេអាចយកទៅធ្វើជាជីកំប៉ុស្តក៏បាន។
ឯកវប្បកម្ម ជាការដាំដុះជាបន្តបន្ទាប់នូវដំណាំតែមួយមុខលើផ្ទៃធំមួយក្នុងរយៈពេលយូរឆ្នាំ។ ឧ. ឆ្នាំទី១ដាំដំឡូងឈើ ឆ្នាំទី២ដាំដំឡូងឈើទៀត ឆ្នាំទី៣ដាំដំឡូងឈើទៀតលើដីដដែល។ ការដាំដុះរបៀបនេះបង្កឲ្យមានបញ្ហាជាច្រើនដូចជា៖
- ធ្វើឲ្យដីខ្សោះជីជាតិដោយសារតែរុក្ខជាតិស្រូបយកជីជាតិពីដីដដែលៗ ហើយការដាក់ជីបន្ថែម វាមិនគ្រប់គ្រាន់សំរាប់សេចក្តីត្រូវការរបស់រុក្ខជាតិឡើយ។
- លេចឡើងនូវជំងឺសត្វល្អិតបំផ្លាញកាន់តែច្រើន ដោយសារតែដំណាំទាំងនោះជាចំណីរបស់សត្វល្អិតវាប្រមូលផ្តុំគ្នាបំផ្លាញលើតែដំណាំមួយមុខនេះហើយក៏បង្កលក្ខខណ្ឌអំណោយផលដល់ការកកើតជំងឺដែរ។ ការអនុវត្តដាំដុះឯកវប្បកម្មនេះ ងាយនឹងទទួលរងគ្រោះដោយការបំផ្លាញពីកត្តាចង្រៃ និងបង្កលក្ខណៈអំណោយផលដល់ការរាលដាល និងលូតលាស់របស់កត្តាចង្រៃទៀតផង។