តាមហ្វេសប៊ុករបស់ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា បានឲ្យដឹងថា មជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និងចែកចាយបន្លែ ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។
មជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និងចែកចាយបន្លែ ខេត្តកណ្តាលនេះ គាំទ្រដោយគម្រោង KUSANONE របស់ជប៉ុន ហើយក្នុងឱកាសសម្ពោធនោះ មានវត្តមានឯកឧត្តម វ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា។
នេះគឺជាមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និងចែកចាយបន្លែដំបូងគេរបស់ប្រទេសកម្ពុជា ដែលមានមន្ទីរពិសោធន៍តូចមួយដើម្បីត្រួតពិនិត្យសំណល់ថ្នាំសំលាប់សត្វល្អិតដែលនៅសល់ ដូច្នេះវាធ្វើឲ្យយើងអាចផ្តល់នូវផលិតផលកសិកម្មប្រកបដោយសុវត្ថិភាពនិងទំនុកចិត្តលើទីផ្សារ។
ឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុន សង្ឃឹមថា មជ្ឈមណ្ឌលនេះនឹងជួយចែកចាយអាហារសុវត្ថិភាព និងក្លាយជានិមិត្តរូបនៃមិត្តភាពរបស់យើងរវាងជប៉ុននិងកម្ពុជា៕