សួនដំណាំគ្រួសារ ជាសួនដំណាំដែលដាំដុះនៅជុំវិញផ្ទះ ហើយបំរើនូវសេចក្តីត្រូវការប្រចាំថ្ងៃរបស់គ្រួសារ។ ក្នុងសួននោះ រួមមានទាំងការចិញ្ចឹមសត្វ ជ្រូក មាន់ ទា ជួនកាលមានចិញ្ចឹមត្រីផង។
ដំណាំធន់ម្លប់ ជាប្រភេទដំណាំ ដែលអាចដុះលូតលាស់បានយ៉ាងល្អនៅក្នុងម្លប់។ ជាដំណាំធន់ម្លប់នៅក្រោមដំណាំខ្ពស់ៗ ធ្វើយ៉ាងនេះអាចបង្កើនការប្រើប្រាស់ដីអស់ពីលទ្ធភាព។ ឧ. ដាំម្នាស់ក្រោមដើមខ្នុរនិងដាំខ្ញី នៅក្រោម ដើមស្វាយជាដើម។
ដំណាំច្រើនជាន់ គឺសំដៅលើការដាំដំណាំច្រើនមុខនៅពីលើ ឬក្រោមគ្នា។ ឧ. យើងអាចដាំត្រាវនៅក្រោមទ្រើង ត្រឡាច។ ចំណែកនៅពីលើទ្រើង យើងអាចដាំដើមឈើខ្ពស់ៗនៅពីលើ ឬយើងអាចប្រើប្រាស់ដើមឈើសំរាប់ធ្វើជា បង្គោលទ្រើងតែម្តង។
ដំណាំដៃគូ ឬដំណាំគូកន ជាដំណាំដែលដុះជាមួយគ្នាដោយគ្មានបញ្ហា។ ឧ. ប៉េងប៉ោះ ម្ទេស ត្រប់ អាចដាំជាមួយខ្ទឹមបារាំងបាន តែបើដាំជាមួយពួកដំណាំស្ពៃមិនសូវលូតលាស់ល្អទេ។
ដំណាំរបងរស់ គឺជាដំណាំដែលគេដាំសំរាប់ធ្វើរបងការពារសត្វបំផ្លាញដំណាំផ្សេងទៀត។ ដំណាំរបងរស់មានផលប្រយោជន៍ច្រើន ដូចជាការពារសត្វបំផ្លាញ អាចធ្វើចំណីសត្វ-មនុស្ស និងធ្វើអុសជាដើម។ល។