Home / កសិកម្ម / ជីអាចម៍ជន្លេន-ជីកំប៉ុស្តជន្លេន

ជីអាចម៍ជន្លេន-ជីកំប៉ុស្តជន្លេន

ជន្លេនរស់នៅលាយឡំក្នុងដីធ្វើឲ្យដីមានរន្ធ​ មានខ្យល់ចេញចូល និងជួយបំបែកសារធាតុសរីរាង្គនៅក្នុងដី។ ចំណែកអាចម៍ជន្លេនដែលបញ្ចេញចោលមានជាប់ដោយជីជាតិច្រើន ដែលជាចំណីអាហាររបស់រុក្ខជាតិដូចជា ជាតិអាសូត ជាតិផូស្វាត ជាតិ​ប៉ូតាស និងសារធាតុផ្សេងៗទៀត ដែលធ្វើឲ្យដំណាំដុះលូតលាស់បានល្អ។

សារៈប្រយោជន៍នៃជីជន្លេន

  • យើងអាចធ្វើដោយខ្លួនឯងបានដោយមិនចាំបាច់ប្រើថវិកាច្រើន​ មានតំលៃថោក
  • ជួយឲ្យដីធូរមានសំណើម
  • ការប្រើប្រាស់ជីជន្លេន មិនធ្វើឲ្យខូចខាតដល់ពពួកសត្វល្អិតមានប្រយោជន៍ ដែលរស់នៅក្នុងដីទេ (ពួកមីក្រូសរីរាង្គ)
  • វាជួយធ្វើឲ្យសារធាតុសរីរាង្គ (រុក្ខជាតិ និងលាមកសត្វ) ប្រែទៅជាសារធាតុចិញ្ចឹមរបស់រុក្ខជាតិ។

សារធាតុសំរាប់ធ្វើជីជន្លេនមាន

  • សារធាតុសរីរាង្គស្ងួត ឬហាលស្ងួត (រុក្ខជាតិ) ចំនួន ២០០ ទៅ ៣០០គីឡូក្រាម
  • លាមកសត្វដែលពុកផុយចំនួន ៣០០ ទៅ ៤០០គីឡូក្រាម
  • កាកសំណល់សរីរាង្គ (កាកសំណល់រុក្ខជាតិដែលនៅស្រស់) ចំនួន ៧០០ ទៅ ៨០០គីឡូក្រាម
  • ជន្លេនចំនួន ១០.០០០ជន្លេន
  • ទឹកសម្រាប់ស្រោចសារធាតុទាំងនេះ ប្រើសំរាប់ធ្វើជីក្នុងទំហំ ១០ម៉ែត្របួនជ្រុង។

ការរៀបចំធ្វើជីជន្លេន

  1. សង់រោងដែលមានទទឹង ៥ម៉ែត្រ និងបណ្តោយ ១២ម៉ែត្រ
  2. ក្រោមដំបូលរោង យើងរៀបធ្វើជារាងបួនជ្រុងប្រវែង (ទទឹង ១ម៉ែត្រ, បណ្តោយ ១០ម៉ែត្រ) រៀបដាក់សារធាតុសរីរាង្គស្ងួត កំរាស់ ១តឹកកន្លះ
  3. បន្ទាប់មកទៀត យើងក្រាលលាមកសត្វឲ្យមានកំរាស់ ១តឹកកន្លះ
  4. ផ្សើមទឹកលើពំនូកក្រាលនោះ ហើយទុកវាចោល ៤៨ម៉ោង
  5. បន្ទាប់មក រៀបជន្លេនដាក់ឲ្យស្មើគ្នាចំនួន ១.០០០ជន្លេនក្នុង១ម៉ែត្រការ៉េ
  6. ក្រាលកាកសំណល់សរីរាង្គ ឬសំរាមកំរាស់២តឹកនៅពីលើជន្លេន
  7. គ្របវាជាមួយក្រណាត់ប៉ៅអ៊ីទាហាន ហើយបាញ់ទឹកពីលើវាឲ្យទៀងទាត់ដើម្បីឲ្យវាសើមជាប់។នៅខែក្តៅយើងគួរតែស្រោចទឹកវា២ដងក្នុងមួយថ្ងៃ
  8. ៣០ថ្ងៃក្រោយ យើងជ្រោយត្រឡប់វា បន្ទាប់ពីជ្រោយត្រឡប់ហើយគ្របវាដើម្បីរក្សាសំណើម ហើយផ្សើមទឹកលើក្រណាត់
  9. ក្នុងរយៈពេល ៦៥ទៅ៧០ថ្ងៃក្រោយមក សារធាតុទាំងអស់នោះក្លាយជាជីកំប៉ុស្តពុកផុយរលួយ
  10. យើងអាចរៀបចំធ្វើជីនេះលើកទី២ទៀត ក្រោយពីលើកទី១ហើយដោយប្រើប្រាស់ជន្លេនលើកទីមួយ។ ដើម្បីញែកជន្លេនចេញពីជីយើងប្រើកញ្ច្រែងរែង។

របៀបប្រើជីកំប៉ុស្តជន្លេន

  • ចំពោះដើមឈើហូបផ្លែ យើងប្រើជីក្នុងកំរិត១០០ទៅ២០០ក្រាមក្នុង ១ដើម ឬដាក់ ១០០ទៅ២០០ជន្លេនជុំវិញគល់ឈើ
  • ប្រើលើដីស្រែចម្ការ ២តោនកន្លះក្នុង១ហិចតា
  • ប្រើដាក់ក្នុងផើង ៥០ក្រាម ក្នុង១ផើង។

ការកកើតនៃជន្លេន

យើងអាចបង្កើនជន្លេនឲ្យកើនឡើងដោយដាក់ជន្លេន ឬអាចម៍ជន្លេនក្នុងដី ក្រោយមកយើងមិនចាំបាច់ត្រូវការប្រើជីជន្លេនទៀតទេយើងដាក់សារធាតុសរីរាង្គនៅកន្លែងដែលជន្លននៅ សារធាតុសរីរាង្គទាំងនោះនឹងក្លាយទៅជាកំប៉ុស្ត។

ការថែទាំជន្លេនក្នុងស្រែកុំឲ្យបាត់បង់

ដើម្បីធ្វើការថែទាំជន្លេនក្នុងស្រែកុំឲ្យបាត់បង់ គឺត្រូវជៀសវាង និងអនុវត្តនូវបញ្ហាមួយចំនួនដូចជា៖

  • មិនប្រើជីគីមី
  • មិនប្រើថ្នាំគីមីប្រឆាំងសត្វល្អិតចង្រៃក្នុងដី ឬថ្នាំកំចាត់ស្មៅ
  • មិនប្រើឧបករណ៍ម៉ាស៊ីនក្នុងការធ្វើដី
  • កុំភ្ជួរដីត្រឡប់
  • ត្រូវរក្សាដីឲ្យមានសំណើម ព្រោះជន្លេនវាចូលចិត្តរស់នៅលើដីដែលមានសំណើម
  • កន្លែងដីស្ងួត យើងត្រូវប្រើជីជន្លេនរាល់ឆ្នាំនៅរដូវចាប់ផ្តើមភ្លៀង។

ជន្លេនជាមិត្តរបស់កសិករ ត្រូវថែរក្សាវានៅក្នុងស្រែឲ្យបានគង់វង្ស។ ការដាក់ជីជន្លេនក្នុងស្រែ គឺកាត់បន្ថយការប្រើជីគីមី។ ម្យ៉ាងវិញទៀតរូងជន្លេនធ្វើឲ្យដីធូរនិងមានខ្យល់ចេញចូលបានល្អ៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

លោកអ្នកដែលចូលចិត្តបរិភោគទុរេន អាចមានឱកាសទិញទុរេនខ្មែរបានក្នុងតម្លៃ១២០០០/១គីឡូ

ដោយមើលឃើញពីនិន្នាការប្រជាពលរដ្ឋខ្មែរភាគច្រើនចូលចិត្តបរិភោគទុរេន ប៉ុន្តែទុរេនធម្មជាតិនៅលើទីផ្សារមានតម្លៃខ្ពស់ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរអ្នកចូលចិត្តបរិភោគទុរេន ពុំមានលទ្ធភាពក្នុងការទិញយកមកបរិភោគបាន។