Home / ព័ត៌មាន / ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរនឹងបង្កើតឡើងនាពេលខាងមុខ

ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរនឹងបង្កើតឡើងនាពេលខាងមុខ

តាមគេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ស្របតាមផែនការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងមានការគាំទ្រពីលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនឹងមន្ត្រីជំនាញគ្រប់នាយកដ្ឋានបានចុះពិនិត្យទីតាំងដើម្បីសិក្សាអំពីលទ្ធភាព បញ្ហាប្រឈម និងផលប៉ះពាល់នានាមុននឹងអនុវត្តគម្រោងស្ថាបនាផ្លូវកង់ដាច់ដោយឡែកពីផ្លូវម៉ូតូ-ឡាន សម្រាប់បម្រើផលប្រយោជន៍ប្រជាជននៅក្នុងតំបន់ ជាពិសេសសិស្សានុសិស្ស ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើរបានស្រួលនៅក្នុងរមណីយដ្ឋានអង្គរ។


គម្រោងស្ថាបនាផ្លូវនេះមានប្រវែងសរុប២៣,២គីឡូម៉ែត្រជុំវិញតបន់អង្គរ ជាផ្លូវទ្វេទិស មានទទឹង២ម៉ែត្រ និងមានចង្អូររំដោះទឹកសងខាង។ ផ្លូវនេះស្ថិតនៅស្របនឹងផ្លូវធ្វើដំណើរបច្ចុប្បន្នចម្ងាយមិនលើសពី២៥ម៉ែត្រឡើយដែលអាចមើលគ្នាឃើញក្នុងការរក្សាសន្តិសុខ សុវត្ថិភាពបាន ថែមទាំងបត់បែនទៅតាមស្ថានភាពជាក់ស្តែងនៃផ្លូវឬដើមឈើ។ ចំពោះបទដ្ឋានបច្ចេកទេសនៃការស្ថាបនាវិញ អាជ្ញាធរជាតិអប្សរាគិតគូរជាចម្បងលើការអភិរក្សបុរាណដ្ឋានជាសំខាន់ ដោយគ្មានការជីកកកាយដីជ្រៅ និងប្រើជើងតាងអំពីបេតុងត្រង់កន្លែងដែលមានស្ពាន ហើយក៏គិតដល់បរិស្ថាន និងទេសភាពវប្បធម៌ ដោយបញ្ជៀសផលប៉ះពាល់ជាអតិបរិមាមកលើព្រៃឈើដែលមានស្រាប់។ បន្ថែមពីនោះ អាជ្ញាធរជាតិអប្សរាក៏នឹងគិតគូរជាខ្លាំងដល់សុវត្ថិភាពត្រង់ចំណុចឆ្លងកាត់ឬផ្លូវបំបែក ដោយដាក់របានៅផ្លូវបំបែក និងដាក់ស្លាកសញ្ញាហាមឃាត់ម៉ូតូឆ្លងកាត់។ល។


អាជ្ញាធរជាតិអប្សរាសង្ឃឹមថា សមិទ្ធផលថ្មីដែលនឹងកើតឡើងឆាប់ៗនេះនឹងមានអ្នកគាំទ្រច្រើន ហើយធ្វើឱ្យប្រជាជនក្នុងតំបន់ ក៏ដូចជាទេសចរទទួលបាននូវភាពងាយស្រួល សុវត្ថិភាព និងបង្កើតបទពិសោធន៍ល្អក្នុងការមកទស្សនាឬឆ្លងកាត់តំបន់រមណីយដ្ឋានអង្គរ៕

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។