នៅប្រទេសកូរ៉េ គេមានបទពិសោធន៍ល្អៗច្រើនទាក់ទងទៅនឹងបច្ចេកទេសកសិកម្មធម្មជាតិ ជាពិសេសរបៀបធ្វើជីធម្មជាតិ។ នៅពេលនេះ យើងសូមលើកយកបច្ចេកទេសមួយមកបង្ហាញប្រជាកសិករខ្មែរ ដើម្បីធ្វើការសាកល្បង ដែលមានឈ្មោះថា «មេជីទឹករុក្ខជាតិ»។
វត្ថុធាតុដើមសំរាប់ផ្សំធ្វើមេជីនេះ គឺជាផ្នែកផ្សេងរបស់រុក្ខជាតិដូចជា ត្រួយ ស្លឹក រុក្ខជាតិផ្សេងៗ ជាពិសេសរុក្ខជាតិដែលដុះលឿន ក្តឹបផ្លែឈើឬបន្លែផ្សេងៗ។ផ្នែកផ្សេងៗរបស់រុក្ខជាតិគួរតែបេះវានៅមុនពេលថ្ងៃលិច។
បន្ទាប់ពីប្រមូលបាននូវផ្នែកផ្សេងៗរបស់រុក្ខជាតិហើយ គេយកវាមកលាយចូលគ្នាជាមួយស្ករត្នោត ដោយបរិមាណស្ករមានចំនួនប្រមាណ ១/២ ឬ ១/៣ នៃបរិមាណរុក្ខជាតិ មានន័យថា បើរុក្ខជាតិមានទម្ងន់ ១គីឡូ ក្រាម ស្ករត្រូវពី ៣-៥ខាំ។ សូមបញ្ជាក់ថា ត្រួយរុក្ខជាតិ ឬក្តឹបរុក្ខជាតិ មិនត្រូវលាងទឹកទេមុននឹងលាយជាមួយស្ករ។ បន្ទាប់ពីលាយហើយយកសារធាតុទាំងនោះទៅញាត់ចូលឲ្យពេញក្នុងក្រឡ ឬកែវ។ បន្ទាប់មក យកដុំថ្មមួយមានទម្ងន់ប្រហែលត្រួយរុក្ខជាតិ ដើម្បីសង្កត់ទុកចោលរយៈពេល១ថ្ងៃ។ រយៈពេលមួយថ្ងៃមក សារធាតុបាននៅសល់ប្រហែល ២/៣នៃក្រឡ ឬកែវ។ នៅពេលនេះគេយកក្រដាសមួយផ្ទាំងទៅចងមាត់ ក្រឡ ឬកែវឲ្យជិត។ យកក្រឡ ឬកែវនេះទៅទុកនៅកន្លែងដែលត្រជាក់ និងងងឹត។
រយៈពេលប្រហែល ៥-១០ថ្ងៃក្រោយមក គេសង្កេតឃើញទឹករុក្ខជាតិបានចេញមក ហើយពណ៌របស់រុក្ខជាតិប្រែពី បៃតងទៅលឿង ឬត្នោត មានរសជាតិផ្អែម និងក្លិនដូចស្រា។ បន្ទាប់ពីយកកាកសំណល់រុក្ខជាតិចេញអស់ គេយកទឹកជីទៅ រក្សាទុកនៅកន្លែងត្រជាក់ហើយងងឹត។ ទឹកជីនេះ គឺអាចរួចរាល់យកទៅប្រើប្រាស់បានហើយ។ សំរាប់ការប្រើប្រាស់វិញ គឺគេលាយទឹកមេជីនេះចំនួន ០,២% មានន័យថា មេជី២លីត្រ ត្រូវលាយជាមួយទឹកចំនួន ១.០០០លីត្រ ឬមេជី ១ភាគ លាយជាមួយទឹកចំនួន ៥០០ភាគ។ គេអាចប្រើជីនេះដើម្បីស្រោចទៅលើដី ដើម្បីជំរុញនូវសកម្មភាពសត្វល្អិតនៅក្នុងដី ក៏ដូចជាស្រោចទៅលើស្លឹកដំណាំ។
ដើម្បីដឹងថា មេជីរុក្ខជាតិនេះមានប្រសិទ្ធភាពយ៉ាងណា? បងប្អូនកសិករអាចធ្វើការសាកល្បងដោយខ្លួនឯងផ្ទាល់ កន្លងមកក៏មានកសិករខ្មែរមួយចំនួនបានសាកល្បងដោយទទួលបាននូវលទ្ធផលគួរឲ្យពេញចិត្តដែរ៕