Home / ព័ត៌មាន / ដើមទល់, អ្នកស្រុករស់នៅតាមជួរភ្នំដងរែក ចូលចិត្តយកទៅធ្វើម្ហូប

ដើមទល់, អ្នកស្រុករស់នៅតាមជួរភ្នំដងរែក ចូលចិត្តយកទៅធ្វើម្ហូប

ដើមទល់ គឺជារុក្ខជាតិមួយដែលអ្នករស់នៅទីក្រុង ក៏ដូចតាមបណ្តាខេត្តមួយចំនួនពុំដែលបានឃើញ​និង​ស្គាល់​ឡើយ ពីព្រោះរុក្ខជាតិមួយនេះច្រើនដុះខ្លួនឯងនៅតាមព្រៃភ្នំ។ ដូច្នេះហើយបានជាអ្នករស់នៅតាម​ព្រៃភ្នំទើបស្គាល់និងកែច្នៃយកទៅធ្វើជាម្ហូបបានទៀតផង។

អ្នកលក់ដើមទល់នៅផ្សារ (ផ្សារតូចនៅច្រកទ្វារព្រំដែនអានសេះជាប់ប្រទេសថៃ) បានឲ្យដឹងថា ដើមទល់នេះ គឺប្រជាពលរដ្ឋខ្មែរ និងថៃ (ថៃដើមកំណើតខ្មែរ) ដែលមានស្រុកកំណើតនៅជាប់នឹងជួរភ្នំដងរែក ចូល​ចិត្តបរិភោគដោយយកទៅ ស្លម្សៅ ស្លប្រហើរ ស្លកែង ហើយគេអាចដាក់ផ្សិតប៉ក់ថែមទៀតក៏បាន។

អ្នកលក់បានឲ្យដឹងទៀតថា «ដើមទល់នេះ វាត្រូវថ្នាំកែរោគ និងអាចយកទៅកែច្នៃធ្វើជាម្ហូបច្រើនមុខ​ទៀត ទើបប្រជាពលរដ្ឋដែលមានស្រុកកំណើតនៅតាមតំបន់ព្រៃភ្នំដងរែកនេះចូលចិត្តបរិភោគ និងប្រជាពលរដ្ឋមានស្រុកកំណើតពីខេត្តឆ្ងាយៗហើយមករស់នៅទីនេះ ក៏រៀនហូបមុខម្ហូបទាំងនោះដែរ។ ជនជាតិថៃដើរ​ឆ្លងព្រំដែនមកទិញដើមទល់ និងទំនិញផ្សេងៗទៀតនៅទីនេះ»។

ច្រកទ្វារព្រំដែនអានសេះ ស្ថិតនៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ខាងថៃ​ហៅ ច្រកអាមម៉ា ស្ថិតនៅក្នុង​ឃុំដាំយឿន ស្រុកឧប៊ុន ខេត្តឧប៊ុន (ប្រទេសថៃ)។ ប្រជាពលរដ្ឋខ្មែរមួយចំនួន​នៅតំបន់​នោះចូលព្រៃប្រមូលអនុផលព្រៃ​ឈើយ​ក​មកលក់មាន៖ ផ្សិតប៉ក់, ខ្យងធម្មជាតិ, ផ្តៅខ្ចី (បណ្ដូលផ្តៅ​ធ្វើម្ហូប), ស្លឹកគន្ធីង, កណ្ដូប, ចន្លុះ…៕

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបធ្វើសួនរង្វង់

១-អ្វីទៅជាសួនរង្វង់? សួនរង្វង់ជាសួនមួយដែលមានរណ្តៅដូចបាតខ្ទះ ហើយមានរងដំណាំព័ន្ធជុំវិញរណ្តៅ។ នៅ​ក្នុងរណ្ដៅ គេដាក់សារធាតុសរីរាង្គ ហើយ​តាមរងជុំវិញរណ្តៅនោះ គេអាចដាំដំណាំច្រើន​ប្រភេទ។