Home / កសិកម្ម / ប្រព័ន្ធវប្បកម្មកសិកម្មតាមគោលការណ៍ធម្មជាតិ

ប្រព័ន្ធវប្បកម្មកសិកម្មតាមគោលការណ៍ធម្មជាតិ

គោលបំណងសំខាន់របស់អ្នកប្រកបមុខរបរកសិកម្ម គឺបង្កើននូវផលិតផលសំរាប់បំពេញតម្រូវការគ្រួសារ និងសំរាប់លក់យកប្រាក់ចំណូល។ ដើម្បីបង្កើននូវផលិតផលកសិកម្ម ជាទូទៅគេមានយុទ្ធសាស្រ្តសំខាន់ចំនួន២៖

១. បង្កើនបរិមាណផលិតនៅលើដីដដែល ឧ. បង្កើនផលស្រូវពី២តោនក្នុង១ហិចតា ទៅ៤តោនក្នុង១ហិចតា

២. បង្កើនបរិមាណផលិតដោយពង្រីកផ្ទៃដី មានន័យថា បើចង់បានផលច្រើន​គួរពង្រីកផ្ទៃដីដាំចិញ្ចឹមឲ្យបានធំ។ នាពលបច្ចុប្បន្ននៅស្ទើរគ្រប់កន្លែងនៃប្រទេសកម្ពុជា ជាពិសេសតំបន់ទំនាបកណ្តាលដែលមានដង់ស៊ីតេប្រជាជនខ្ពស់គេមិនអាចអនុវត្តយុទ្ធសាស្ត្រពង្រីកផ្ទៃដីបានទេ។ យុទ្ធសាស្រ្តសំខាន់​ គឺការបង្កើនបរិមាណផលលើដីដដែលដើម្បីចិញ្ចឹមមនុស្ស ដែលកាន់តែកើនឡើងហើយយុទ្ធសាស្រ្តរបៀបនេះ ភាសាផ្លូវការ ឬភាសាបច្ចេកទេសគេហៅថា ប្រពលវប្បកម្ម។

កន្លងមកកាលណាគេនិយាយពីប្រពលវប្បកម្ម គេច្រើនសំដៅទៅលើការបង្កើននូវការប្រើប្រាស់សម្ភារកសិកម្មទំនើបដើម្បីបង្កើនទិន្នផល ជាពិសេសប្រើជីគីមី ប្រើថ្នាំពុល ប្រើពូជទំនើប ឬពូជថ្មី។ល។ ក៏ប៉ុន្តែការជំរុញប្រពលវប្បកម្មរបៀបនេះ ធ្វើឲ្យកសិករក៏ដូចជាអ្នកបច្ចេកទេសមានផ្នត់គំនិតមួយថា បើចង់បានផលច្រើនទាល់តែមានពូជថ្មី មានជី មានថ្នាំល្អប្រើ ហើយវាក៏មានឥទ្ធិពលមិនល្អដល់បរិស្ថាន និងសុខភាព។ ជាលទ្ធផលធ្វើឲ្យគេមិនសូវយកចិត្តទុកដាក់លើធនធានដែលមានស្រាប់ និងវិធីសាស្ត្រសាមញ្ញជាច្រើន។ ឧ. ក្នុងការបង្កើនទិន្នផលស្រូវ តាមបទពិសោធន៍កន្លងមក​ប្រសិនបើកសិករធ្វើការផ្លាស់ប្តូរនូវទំលាប់​មួយចំនួនដូចជាការដូរពីស្ទូងច្រើនដើមមកស្ទូងតែ១ដើម ឬ ២ដើម​​ ការស្ទូងកប់ជ្រៅមកស្ទូងកប់រាក់ ការស្ទូងសំណាបអាយុចាស់មកស្ទូងអាយុខ្ចី ពីការទុកទឹកច្រើនពេកក្នុងស្រែមកគ្រាន់តែទុកឲ្យដីសើមៗ។ល។ អាចជួយឲ្យកសិករទទួលផលស្រូវបានច្រើនលើសពីធម្មតា ៥០-៦០ភាគរយ។ ការបង្កើននូវទិន្នផលដំណាំតាមរយៈការផ្លាស់ប្តូរនូវទំលាប់ ឬការអនុវត្តសំខាន់ៗរបៀបនេះ យើងហៅថា ប្រព័ន្ធវប្បកម្មតាមគោលការណ៍ធម្មជាតិ ដែលមានបង្កប់ន័យសំខាន់ៗ ដូចខាងក្រោមនេះ៖

  • ប្រព័ន្ធទំនាក់ទំនងរវាងផ្នែកនិមួយៗ ឬទំនាក់ទំនងបច្ចេកទេសអនុវត្តន៍និមួយៗ
  • ប្រពលវប្បកម្ម (ផ្ទុយនឹងពាក្យយថាកម្ម). ប្រពល+វប្បកម្ម
  • តាមគោលការណ៍ធម្មជាតិ គឺឲ្យតម្លៃលើសក្តានុពលរបស់ធម្មជាតិ ហើយប្រើប្រាស់នូវសក្តានុពលនេះឲ្យបានប្រសើរ។

ជាសរុបមក យើងបានប្រើពាក្យ «ប្រព័ន្ធប្រពលវប្បកម្មតាមគោលការណ៍ធម្មជាតិ»  គឺយើងចង់ឲ្យកសិករនិងអ្នកឯកទេសកសិកម្មនេះឲ្យតម្លៃលើអ្វីដែលមានស្រាប់ ហើយយកចិត្តទុកដាក់ប្រើប្រាស់នូវអ្វី ដែលមានស្រាប់ឲ្យបានប្រសើរជាជាងការអាស្រ័យតែលើអ្វីដែលនាំមកពីខាងក្រៅដូចជា ពូជ ជី ថ្នាំពុល។ល។

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបធ្វើសួនរង្វង់

១-អ្វីទៅជាសួនរង្វង់? សួនរង្វង់ជាសួនមួយដែលមានរណ្តៅដូចបាតខ្ទះ ហើយមានរងដំណាំព័ន្ធជុំវិញរណ្តៅ។ នៅ​ក្នុងរណ្ដៅ គេដាក់សារធាតុសរីរាង្គ ហើយ​តាមរងជុំវិញរណ្តៅនោះ គេអាចដាំដំណាំច្រើន​ប្រភេទ។