Home / កសិកម្ម / ធ្វើរងដំណាំដែលមានចង្អូរនៅកណ្តាល

ធ្វើរងដំណាំដែលមានចង្អូរនៅកណ្តាល

រងដំណាំដែលមានចង្អូរកណ្តាល ជារងដែលគេជីកកូនរណ្តៅវែងតូចមួយនៅចំកណ្តាល​ និងបណ្តោយទៅតាមផ្ទៃរង។ គេប្រើកូនចង្អូរតូចនេះសំរាប់ដាក់ជីធម្មជាតិ​និងស្រោចទឹក។ ពេលដំណាំលូតលាស់ឫសរបស់វាប្រមូលផ្តុំនៅកន្លែងដាក់ជី និងស្រោចទឹកនោះ។ ការធ្វើរងរបៀបនេះងាយស្រួលដល់យើងក្នុងការឲ្យជី​ និងទឹកចំមាត់ដំណាំតែម្តង (ពីព្រោះឫសដែលលូតមកថ្មីៗ ជាឫសដែលស្រូបទឹក​ និងជី)។

របៀបធ្វើរងដាំនិងថែទាំ៖

១. យើងលើកដីធ្វើរង​តាមរបៀបធម្មតា ដោយទទឹងរបស់រង អាចមានប្រវែងប្រហែល ១ម៉ែត្រ។ (មើលរូបខាងក្រោម)

២.​ បន្ទាប់ពីលើករងហើយ យើងយកចបមកជីកជាចង្អូរចំកណ្តាលដោយទទឹងរបស់ចង្អូរមានប្រវែង​ប្រហែល ៣តឹកនិងជំរៅប្រហែល ៣តឹកដែរ។ (មើលរូបខាងក្រោម)

៣. ពេលជីកចង្អូរហើយយើងរៀបដីនៅសងខាងឲ្យបានស្មើល្អ។ បន្ទាប់មកប្រមូលជីធម្មជាតិផ្សេងៗ យកមកដាក់ក្នុងចង្អូរ​ (ដែលមានជីលាមកសត្វសុទ្ធ) លាយជាមួយស្លឹកឈើ និងកាកសំណល់រុក្ខជាតិផ្សេងៗ (ចៀសវាងការប្រើជីលាមកសត្វសុទ្ធ)។ បើយើងមានជីកំប៉ុស្តយើងគួរលាយវាជាមួយ។ (មើលរូបខាងក្រោម)

៤. បន្ទាប់មក យើងអាចយកកូនដំណាំមកដាំឬកប់គ្រាប់ដំណាំ។ ដំណាំ​ដែលសមស្របសំរាប់រងរបៀបនេះ ច្រើនពពួកដែលមានឫសវែងល្មមដូចជា សណ្តែកកួរ ត្រប់ ត្រសក់ ម្រះ ម្ទេស​ ប៉េងប៉ោះ។ល។ (មើលរូបខាងក្រោម)

៥. នៅពេលដំណាំដុះលូតលាស់ហើយ យើងមិនបាច់ស្រោចទឹកចំគល់របស់វាទេ គឺយើងគួរស្រោចតែតាមចង្អូរបានហើយ ឫស  នឹងប្រមូលផ្តុំនៅក្នុងចង្អូរ​នោះ។ នៅពេលដំណាំកំពុងលូតលាស់ ជីនៅកណ្តាលចង្អូរត្រូវរលួយហើយស្រុតចុះក្រោម។ដូចនេះ យើងគួរឧស្សាហ៍បន្ថែមជី តែជៀសវាងប្រើលាមកសត្វស្រស់។ (មើលរូបខាងក្រោម)

៦. ក្នុងករណីពពួកដំណាំឡើងទ្រើង យើងអាចដាក់ទ្រើងឲ្យវារឡើងធម្មតា តែត្រូវទុកចន្លោះសំរាប់ស្រោចទឹកផង។ បើចង់ដឹង ថារងរបៀបនេះមានផលប្រយោជន៍យ៉ាងណាសូមបងប្អូនធ្វើការសាកល្បងចំនួន ២-៣រងមើលសិន៕ (មើលរូបខាងក្រោម)

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបសង់បង្គន់ចាក់ទឹក

សព្វថ្ងៃមានគ្រួសារខ្មែរមួយចំនួនមិនទាន់មានបង្គន់បន្ទោបង់នៅឡើយ ហើយមានគ្រួសារខ្លះទៀតបំរុងនឹងធ្វើ។ ដើម្បីចូលរួមចំណែកជួយបងប្អូនមួយផ្នែកក្នុងការសាងសង់បង្គន់នេះ សហគមន៍សម្បូរសប្បាយ សូមបង្ហាញអត្ថបទនិយាយអំពីរបៀបធ្វើបង្គន់ចាក់ទឹក ដូចខាងក្រោម។