Home / ព័ត៌មាន / អាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទទន្លេស្ងួត ដែលរងនូវការទ្រុឌទ្រោមខ្លាំង

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទទន្លេស្ងួត ដែលរងនូវការទ្រុឌទ្រោមខ្លាំង

តាមគេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ប្រាសាទទន្លេស្ងួតជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យទាំង១០២របស់ព្រះបាទជ័យវរ្ម័នទី៧ មានទីតាំងស្ថិតនៅទិសខាងជើងក្រុងអង្គរធំ កសាងឡើងនាចុងស.វ.ទី១២។ មកដល់ពេលនេះ តួប្រាសាទ គ្រឹះប្រាសាទ និងរចនាសម្ពន្ធផ្សេងៗទៀតរបស់ប្រាសាទបានរងនូវការខូចខាតជាខ្លាំង ហើយពេលនេះអាជ្ញាធរជាតិអប្សរាក៏កំពុងដំណើរការជួសជុលឡើងវិញ ដោយមានផែនការជួសជុលរយៈពេលប្រមាណពីរឆ្នាំ។


តាមការបញ្ជាក់របស់លោក ជា សារិទ្ធិ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ដែលជាប្រធានគម្រោងជួសជុលប្រាសាទនេះបានឱ្យដឹងថា ប្រាសាទទន្លេស្ងួតរងនូវការខូចខាតខ្លាំងដោយកត្តាពីរសំខាន់ គឺទឹកភ្លៀង ព្រោះប្រាសាទគ្មានដំបូលនាំឱ្យទឹកហូរចូលដល់ក្នុងគ្រឹះ ធ្វើឱ្យគ្រឹះប្រាសាទចុះខ្សោយខ្លាំង និងស្រុត។ ទីពីរ គឺដើមឈើដែលជាបង្អែកដល់ប្រាសាទផង ហើយក៏ជាអ្នកបំផ្លាញប្រាសាទផង ព្រោះវាដុះលើប្រាសាទ ហើយចាក់ឫសចូលគ្រឹះធ្វើឱ្យថ្មនៃរចនាសម្ពន្ធប្រាសាទរំកិលចេញពីស្ថានភាពដើម ទើបមានថ្មខ្លះរអិលធ្លាក់ ហើយខ្លះទៀតឫសឈើទាញចេញពីគ្នា។


លោក សារិទ្ធ បន្តថា ដោយសារស្ថានភាពទ្រុឌទ្រោមខ្លាំងនេះហើយ កាលពីឆ្នាំ២០០៥ អាជ្ញាធរជាតិអប្សរាបានធ្វើការទល់ទ្រជុំវិញប្រាសាទទប់ទល់នឹងការបាក់រលំ។ លុះដល់ឆ្នាំ២០១៩ ទើបក្រុមការងារមានលទ្ធភាពក្នុងការជួសជុល ដើម្បីពង្រឹងរចនាសម្ពន្ធប្រាសាទឱ្យមានលំនឹងឡើងវិញ ក៏ដូចជាការលើកតម្លៃមរតកដូនតា ដែលជាស្ថាបត្យកម្មដ៏សំខាន់មួយនៃមន្ទីរពេទ្យសម័យព្រះបាទជ័យវរ្ម័នទី៧ឱ្យមានរូបរាងល្អប្រសើរឡើងវិញ។ ចំពោះដំណើរការជួសជុលប្រាសាទទន្លេស្ងួត បុរាណវិទូរូបនេះអះអាងថា វាមានភាពលំបាកនិងស្មុគស្មាញខ្លាំង ព្រោះគ្រឹះប្រាសាទធ្វើពីថ្មបាយក្រៀមបានខូចទាំងស្រុង មិនអាចទ្រលំនឹងតួប្រាសាទធ្វើពីថ្មភក់បាន។ ដូច្នេះ កិច្ចការនេះត្រូវទាមទារពេលវេលាយូរ អ្នកជំនាញ និងបច្ចេកទេសច្បាស់លាស់ ដោយចែកជាពីរដំណាក់កាល៖ ទី១ រុះរើតួប្រាសាទទាំងអស់ពីលើដល់គ្រឹះ ហើយប្រមូលថ្ម ចុះបញ្ជីថ្ម ចុះលេខថ្ម សម្រង់ប្លង់ប្រាសាទ និងធ្វើកំណាយស្រាវជ្រាវ៤កន្លែងដើម្បីសិក្សាពីស្ថានភាពគ្រឹះមុននឹងធ្វើការជួសជុល។ ទី២ គឺការរៀបសាឡើងវិញទៅតាមបទដ្ឋានបច្ចេកទេសដើម ទម្រង់ដើម ដោយមានការសិក្សាយ៉ាងល្អិតល្អន់ទាំងគ្រឹះ ជញ្ជាំង និងដំបូល ព្រមទាំងធ្វើការសិក្សារកថ្មរ៉ាយប៉ាយ ប្រមូលរៀបផ្គុំសាកល្បង ហើយយកដាក់បំពេញទីតាំងដើមវិញក្នុងពេលជួសជុល។


សូមបញ្ជាក់ដែរថា ប្រាសាទឬមន្ទីរពេទន្យទន្លេស្ងួត កាលពីឆ្នាំ២០១៧ ធ្លាប់បានកំណាយស្រាវជ្រាវដោយអ្នកជំនាញបុរាណវិទ្យា​អាជ្ញាធរជាតិអប្សរា បានរកឃើញទ្វារបាលកម្ពស់ជិត២ម៉ែត្រ ព្រះពុទ្ធស្តេចថ្នាំ បដិមាជាច្រើនអង្គ បំណែកជើងទ្វារបាល និងស្លាកស្នាមរស់នៅរបស់ប្រជាជននាអតីតកាលជាច្រើន។ ប្រាសាទនេះ មិនធ្លាប់មានការជួសជុលឡើយពីមុន គឺមានតែអ្នកជំនាញបារាំងបានចូលមកថែទាំសម្អាតនិងកាប់ដើមឈើដុះលើប្រាសាទនាឆ្នាំ១៩៣០ និងធ្វើកំណាយស្រាវជ្រាវផ្នែកតួម៉បជ្រុងអាគ្នេយ៍ និងជុំវិញប្រាសាទដើម្បីបកយកកំណកដីលើខឿនប្រាសាទ ហើយប្រមូលថ្មដែលធ្លាក់ពីលើមកទុកមួយកន្លែង និងចងក្រងឯកសារខ្លះៗតែប៉ុណ្ណោះ៕

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។