Home / កសិកម្ម / ការដាំឈើហូបផ្លែ

ការដាំឈើហូបផ្លែ

១. ផលប្រយោជន៍នៃឈើហូបផ្លែ

ឈើហូបផ្លែនិងផ្លែឈើយកគ្រាប់មានលក្ខណៈពិសេស ពីព្រោះវាមិនដូចដំណាំបន្លែទេ។ ផលអាចទទួលបានច្រើនឆ្នាំ ហើយវាជាប្រភពនៃវីតាមីន ប្រេង​ ប្រូតេអ៊ីន ខ្លាញ់និងជីជាតិរ៉ែផ្សេងទៀត។ ឈើហូបផ្លែវាជាចំណីដ៏ល្អសំរាប់កុមារ។ ដើមរបស់វាក៏មានប្រយោជន៍ច្រើនដែរដូចជា សំរាប់ធ្វើម្លប់​ ធ្វើជាសំភារៈសំណង់ ធ្វើជាជន្លង់ ទ្រើងឲ្យរុក្ខជាតិវារឡើង ថែមទៀត (ម្រេច)។ ផលប្រយោជន៍ផ្សេងៗទៀត គឺវាអាចបង្កើតផ្លែនៅពេលផ្សេងៗគ្នា ក្នុងរយៈពេលមួយរដូវរបស់វា ហើយយើងអាចបរិភោគបានគ្រប់ពេល។

២. តើយើងដាំរុក្ខជាតិឈើហូបផ្លែ និងផ្លែឈើយកគ្រាប់នៅកន្លែងណា?

គ្រប់រុក្ខជាតិទាំងអស់ វាដុះលូតលាស់បានល្អនៅកន្លែងដែលមានល័ក្ខខ័ណ្ឌសមស្របសំរាប់វាដុះ។ រុក្ខជាតិឈើហូបផ្លែ ត្រូវដាំនៅកណ្តាលសួន ព្រោះដំណាំដែលយើងដាំនៅខាងក្រោម ភាគច្រើនវាត្រូវការពន្លឺថ្ងៃពេញ​។ បើយើងដាំដំណាំឈើហូបផ្លែនៅជុំវិញ​សួន ដំណាំដែលដាំនៅខាងក្រោម មិនអាចទទួលពន្លឺថ្ងៃបានគ្រប់គ្រាន់ទេ។​ ភាគច្រើនដំណាំបន្លែច្រើនដាំនៅខាក្រោម​ ឬចន្លោះឈើហូបផ្លែ ដើម្បីឲ្យយើងអាចទទួលផលបាន  ច្រើន។

ដើមឈើវាដុះលូតលាស់លើប្រភេទដីខុសៗគ្នា ហើយឫសរបស់វាក៏ស្រូបយកសារធាតុចិញ្ចឹម និងទឹកក្នុងជំរៅខុសៗគ្នាដែរ។ សឹង​តែគ្រប់ដំណាំឈើហូបផ្លែទាំងអស់ ​វាមិនធន់នឹងដីជាំទឹកទេ។ ចំពោះដីជាំទឹក​ យើងត្រូវជីកប្រឡាយ ហើយដីដែលបានពីការជីកប្រឡាយយើងលើកជារងសំរាប់ដាំ ដំណាំបន្លែ ឬក៏ដាំឈើហូបផ្លែដូចជា ក្រូចថ្លុងនៅលើរងនោះ។ កូនរុក្ខជាតិតូចៗ​និងដុះលូតលាស់លឿន ប្រសិនជាវាមានរបាំងឲ្យផុតពីខ្យល់ខ្លាំង ឬខ្យល់សមុទ្រ។

នៅពេលដែលមានខ្យល់ខ្លាំង ផ្កា និងផ្លែក៏អាចជ្រុះពីដើមដែរ ដោយសារខ្យល់ខ្លាំង (ឧទាហរណ៍ ក្រូចថ្លុង ស្វាយ)។ ទោះបីយ៉ាងណាក៏ដោយ ក៏មានឈើហូបផ្លែ និងឈើយកគ្រាប់មូយចំនួនដូចជា ខ្នុរ ដូង អំពិល អាចដាំដុះ និងរស់នៅកន្លែងដែលមានខ្យល់ និង​គ្មានរបាំងខ្យល់ដូចដំណាំដទៃទៀតបាន។

៣. ការជ្រើសរើសដើមឈើដាំ

នៅពេលដែលយើងជ្រើសរើសយកដើម ឬមែកផ្សាំនៅក្នុងសួនមកដាំ យើងត្រូវសិក្សាអំពីលក្ខណៈមេបារបស់វាសិន។ ជាទូទៅ គេជ្រើសរើសដើមណាដែលមានសុខភាពរឹងមាំ ឫសលូតលាស់ខ្លាំង។ ប្រសិនបើយើងទិញពីថ្នាលផ្សាំ យើងត្រូវជ្រើសរើសដើមដូចតទៅ៖

  • ទំហំរុក្ខជាតិ និងការប្រើប្រាស់ យើងត្រូវគិតថា តើដើមឈើដែលយកមកដាំវាសមស្របជាមួយសួនដំណាំរបស់យើងទេ? តើអ្នកអាចដាំដំណាំអ្វីផ្សេងនៅក្រោមវាបានដែរឬទេ?
  • ម្លប់ឈើ និងទំហំ តើពូជឈើហ្នឹងវាមានមែកសាខាច្រើនឬទេ? តើផ្លែរបស់វាធ្លាក់មកប៉ះដីដែរឬទេ? តើផ្លែរបស់វាងាយស្រួលក្នុងការប្រមូលផលឬទេ?
  • ភាពស៊ាំទៅជំងឺ និងសត្វល្អិត យើងជ្រើសរើសរកពូជរុក្ខជាតិណាដែលគ្មានជំងឺ និងសត្វល្អិតបំផ្លាញ ជាពិសេសជ្រើសរើស​រកពូជណាដែលយើងបានដឹងថា វាធន់ជំងឺ និងសត្វល្អិតក្នុងសួនរបស់យើង៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបធ្វើសួនរង្វង់

១-អ្វីទៅជាសួនរង្វង់? សួនរង្វង់ជាសួនមួយដែលមានរណ្តៅដូចបាតខ្ទះ ហើយមានរងដំណាំព័ន្ធជុំវិញរណ្តៅ។ នៅ​ក្នុងរណ្ដៅ គេដាក់សារធាតុសរីរាង្គ ហើយ​តាមរងជុំវិញរណ្តៅនោះ គេអាចដាំដំណាំច្រើន​ប្រភេទ។