Home / ព័ត៌មាន / ការសិក្សាពីកុលាលភាជន៍ គឺដើម្បីដឹងពីជីវភាពរស់នៅរបស់មនុស្សបុរាណ

ការសិក្សាពីកុលាលភាជន៍ គឺដើម្បីដឹងពីជីវភាពរស់នៅរបស់មនុស្សបុរាណ

តាមគេហទំព័រអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០១៩ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំបាឋកថាស្ដីពី «ប្រវត្តិនៃការស្រាវជ្រាវអង្គរធំ៖ ករណីសិក្សាអំពីកុលាលភាជន៍» ដោយមានលោក ហ្វីលីព ហូស៊ី (Philippe Husi) អ្នកស្រាវជ្រាវនៃសាលាបារាំងចុងបូព៌ា និងលោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្ដរជាតិស្រាវ​ជ្រាវ និងតម្កល់ឯកសារអង្គរ ជាវាគ្មិន។ បាឋកថាដ៏កម្រនេះមានអ្នកចូលរួមប្រមាណ២០០នាក់ ដែលរួមមានមគ្គុទ្ទេសក៍ទេស​ចរណ៍ សាស្រ្ដាចារ្យ អ្នកស្រាវជ្រាវ យុវជននៃគម្រោងអប់រំបេតិកភណ្ឌ មន្រ្តីនិងបុគ្គលិករបស់អាជ្ញាធរជាតិអប្សរា។


លោក ហ្វីលីព ហូស៊ី បាននិយាយពីគម្រោងស្រាវជ្រាវ ម៉ូដាធំ (ModAThom) ដែលជាគម្រោងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ានៅក្រុងអង្គរធំ ធ្វើឡើងក្នុងបំណងដើម្បីដឹងពីការវិវត្តន៍ប្រវត្តិសាស្រ្ដរបស់អង្គរធំផ្ទាល់ តើមានតាំងកំណើតពីពេលណាជាដើម។ ដើម្បីស្វែងយល់នូវសំណួរខាងលើ អ្នកសា្រវជ្រាវរូបនេះយល់ថាត្រូវសិក្សាអំពីកុលាល​ភាជន៍​ដែលប្រទះឃើញពីការធ្វើកំណាយនៅជុំវិញក្រុងអង្គរធំព្រោះកុលាលភាជន៍គឺជាប្រភពដ៏សំខាន់ដើម្បីដឹងពីកាលបរិច្ឆេទ និងជីវភាពប្រចាំថ្ងៃរបស់មនុស្សនាសម័យនោះ។ ម្យ៉ាងវិញទៀត កុលាលភាជន៍ជាបុរាណវត្ថុដែលមិនងាយនឹងរងការបំផ្លិចបំផ្លាញ អាចនៅលើដីក្នុងរយៈពេលយូរឆ្នាំ ពិសេសកុលាលភាជន៍មានការវិវត្តន៍មិនឈប់ ដែលអាចឱ្យគេដឹងពីសកម្មភាពមនុស្សបានយ៉ាងងាយស្រួល។

បណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា និងជាអ្នកជំនាញផ្នែកកុលាលភាជន៍ បានឱ្យដឹងថា កុលាលភាជន៍ខ្មែរមាន២ប្រភេទ គឺប្រភេទរឹងនិងផុយ។ ចំណុចពិសេសរបស់កុលាលភាជន៍ខ្មែរគឺនៅត្រង់ដីនិងមានស្រទាប់រលោង។ ក្នុងនោះដែរ ក្បាច់លម្អរបស់កុលាលភាជន៍ខ្មែរ ក៏កាន់តែពិសេសជាងកុលាលភាជន៍នៅតំបន់អាស៊ីអាគ្នេយ៍ ហើយការគូរក្បាច់វិញ ខ្មែរជំនាន់នោះប្រើតែឈើឬឫស្សីតែប៉ុណ្ណោះ។

បណ្ឌិត អ៊ា ដារិទ្ធ បន្ថែមថាការសិក្សាពីរឿងនេះពិតជាមានសារសំខាន់ណាស់ដើម្បីដឹងពីជីវិតប្រចាំថ្ងៃរបស់មនុស្សសម័យបុរាណ ក៏ដូចជាប្រភេទមនុស្សដែលប្រើប្រាស់កុលាលភាជន៍ជាដើម។ សម្រាប់យើងជាអ្នកជំនាន់ក្រោយ គួរសិក្សាអំពីកុលាលភាជន៍ដែលបានប្រើនៅសម័យបុរាណដើម្បីយល់ពីអារ្យធម៌ខ្មែរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ជាសរុប ការសិក្សាពីកុលាលភាជន៍ គឺមានសារសំខាន់ណាស់ដើម្បីដឹងពីការរស់នៅរបស់មនុស្សសម័យបុរាណ ហើយត្រូវបានចាត់ទុកថាជាវត្ថុដ៏មានតម្លៃមួយក្នុងការសិក្សាស្រាវជ្រាវពីអតីតកាល។ កន្លងមក អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបានធ្វើការសិក្សាស្រាវជ្រាវនៅតំបន់អង្គរតាមរយៈកំណាយច្រើនកន្លែងដើម្បីយល់កាន់តែច្បាស់ពីបញ្ហានេះ។ ជាលទ្ធផល គឺនៅសម័យអង្គរមានឡដុតកុលាលភាជន៍ដែលមានប្រវែងវែងជាងគេនៅតំបន់អាស៊ីអាគ្នេយ៍៕

សហគមន៍សម្បូរសប្បាយ 

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។