Home / កសិកម្ម / បទពិសោធន៍ចិញ្ចឹមចង្រិត

បទពិសោធន៍ចិញ្ចឹមចង្រិត

កសិករ ប៉ិ គុណា រស់នៅក្នុងភូមិណាម​សាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ គាត់មានបទពិសោធន៍ចិញ្ចឹមចង្រិត ដែលបទពិសោធន៍នេះ គាត់បានរៀនពីអ្នកដែលទៅរៀន​នៅប្រទេសថៃ។ ក្នុងការចិញ្ចឹមដំបូងគាត់ទិញបានពងមកចិញ្ចឹមដោយ ១ផ្តិលតម្លៃ ៣ដុល្លារ​។ ចំពោះបទពិសោធន៍នៃការចិញ្ចឹមនេះ មានបង្ហាញជូនដូចខាងក្រោម៖

១-ការរៀបអាងសម្រាប់ចិញ្ចឹម

ក្នុងការរៀបចំអាង គាត់បានរៀបឥដ្ឋកំពស់ ៨ ទៅ ៩តឹកពីដី, ទទឹង ១,២ម៉ែត្រ, បណ្តោយប្រហែល ៦ម៉ែត្រ បាតអាង និងនៅតាមជញ្ជាំងចាក់សាប ហើយនៅតាមគែមអាងខាងក្រៅគាត់រៀបចំជាចង្អូរជុំវិញ ហើយចាក់ទឹកការពារស្រមោចឡើង។

២-ការដាក់ពងចង្រិតចិញ្ចឹម

មុនដាក់ពងចង្រិតចិញ្ចឹម គាត់បានបោសសំអាតអាងឲ្យស្អាតកុំឲ្យមានសំរាម បន្ទាប់មកយកពងដែលបានដាក់នៅក្នុងផ្តិលយកទៅស្រោបថង់ប្លា-ស្ទីក។ គាត់ដាក់ចង្រិតដំបូង ៣៥ផ្តិល។ ក្រោយពីដាក់ចិញ្ចឹមបាន១អាទិត្យ កូនចង្រិតញាស់ គឺវាចោះថង់ចេញខ្លួនវា បន្ទាប់មក ដើម្បីឲ្យវាចេញអស់ គាត់បានស្រាយថង់ហើយផ្អៀងផ្តិលឲ្យវាវារចេញ។

នៅពេលដែលកូនចង្រិតទើបញាស់ដំបូង គឺគាត់យកអេប៉ុងជ្រលក់ទឹក ហើយច្របាច់ទឹកចេញខ្លះ កុំឲ្យសើមពេកឲ្យកូនចង្រិតបឺតជញ្ជក់។ ចំពោះចំណី គាត់យកចំណីកូនមាន់បាចជាពំនូកតូចៗ ឲ្យស៊ីរយៈពេល ២ ទៅ ៣អាទិត្យ ទើបលាយកន្ទក់។ ក្រៅពីចំណីនេះ គាត់ដាក់ចំណីបៃតងឲ្យស៊ីដូចជា ស្លឹកបាស ផ្ទី ស្លឹកស្ពៃ ស្លឹកដំឡូងជ្វា ស្លឹកដំឡូងឈើ។ល។ ដើម្បីឲ្យចង្រិតឆាប់ធំ គាត់បន្ថែមចំណីដូចជា ត្នោតទុំ ល្ហុងទុំ ខ្នុរទុំ ឲ្យវាចោះស៊ី។

៣-ការថែទាំ

ក្រោយពីដាក់ចិញ្ចឹមបានរយៈពេល ១០ ទៅ១៥ថ្ងៃ គាត់ចាប់ផ្តើមបោសសំអាតអាង។ ចំពោះចំណីគាត់ផ្តល់ឲ្យវាស៊ីទៀងទាត់ ១ថ្ងៃ២ដង និងបន្លែបៃតង។ ក្រៅពីចំណី គាត់ដាក់ទឹកនៅក្នុងចាន ហើយមានដាក់ដុំថ្មក្នុងទឹក ដើម្បីឲ្យវាវារតោងកុំឲ្យលង់នៅពេលវាចូលផឹក។

ក្រោយពីការចិញ្ចឹមបានរយៈពេល ៥០ ទៅ ៥៥ថ្ងៃ ចង្រិតចាប់ផ្តើមពង គាត់បានរៀបចំផ្តិលដាក់​ផេះ (ផេះចង្ក្រានបិទស្រា ឬផេះអង្កាម) សើមៗដាក់ជាជួរឲ្យចង្រិតឡើងពង រួចគាត់បានដាក់ចំណីបំប៉នគឺនៅពេលចង្រិតពង។ ពងចង្រិតមានសណ្ឋានដូចជាគ្រាប់ប៊ីចេងនៅលាយឡំជាមួយនឹងផេះ។ នៅក្នុងអាងគាត់បានដាក់ក្រដាសពងមាន់ ឲ្យចង្រិតវារឡើងលេង​។ ក្រោយពីពងបានមួយអាទិត្យ កូនចង្រិតញាស់។ ចង្រិតដែលពងហើយ គឺគាត់ចាប់វាលក់ខ្លះ និងទុកឲ្យវាពងបន្តបាន ២-៣សា ទើបលក់មេចាស់ចេញនិងទុកមេថ្មីបន្តទៀត។ នៅពេលចង្រិតរាក គាត់បន្ថយចំណីស្រស់ ប៉ុន្តែបើមិនបាត់ត្រូវយកថ្នាំរាកកូនមាន់ឲ្យផឹក។ ក្រោយចិញ្ចឹមបាន ២-៣ដងមក លោកពូមានចំណាប់អារម្មណ៍ថា ការចិញ្ចឹមមិនពិបាកទេ។

៤-ចំណាប់អារម្មណ៍របស់កសិករ

ដើម្បីឲ្យចង្រិតលូតលាស់បានល្អ ត្រូវរៀបចំកន្លែងឲ្យទូលាយមានគ្របស្បៃម៉ុងពីលើ ដើម្បីកុំឲ្យ​សត្វល្អិតចូលខាំស៊ីពងចង្រិត។ល។

តាំងពីចិញ្ចឹមមក គាត់លក់បានពង ៥០ផ្តិល។ ១ផ្តិលតម្លៃ ១២.០០០រៀល មេចង្រិតលក់បានជាង ២០ម៉ឺនរៀល (១គីឡូក្រាម ១៥.០០០-២០.០០០រៀល)។ ក្រៅពីលក់ពងចង្រិត គាត់ទទួលបានលាមកចង្រិតធ្វើជាជីដាក់ដំណាំ ធ្វើឲ្យដំណាំដុះលូតលាស់បានល្អទៀតផង៕

ពាន សុខា និង ចាន់ សាវ៉ុន

អំពី សេង រង្សី

សេង រង្សី
ខ្ញុំបាទ សេង រង្សី ជាអ្នករចនាគេហទំព័រ សហគមន៍សម្បូរសប្បាយ (ស៣) ហើយក៏ជាអ្នកសរសេរអត្ថបទសម្រាប់ការចែករំលែកនៅលើគេហទំព័រផងដែរ។

អត្ថបទពាក់ព័ន្ធ

របៀបវេចខ្ចប់ ដឹកជញ្ជូន លែងកូនត្រី, ការពិនិត្យគុណភាពកូនត្រី, ប្រភពកូនត្រី និងការធ្វើអនាម័យលើខ្លួនកូនត្រី, ទំហំ និងដង់ស៊ីតេកូនត្រី

នៅពេលនេះ សហគមន៍សម្បូរសប្បាយ ផ្សព្វផ្សាយនូវអត្ថបទមួយទៀតពាក់ព័ន្ធនឹងការចិញ្ចឹមត្រី ដែលផ្តោតទៅលើ របៀបវេចខ្ចប់ ដឹកជញ្ជូន លែងកូនត្រី, ការពិនិត្យគុណភាពកូនត្រី, ប្រភពកូនត្រី និងការធ្វើអនាម័យលើខ្លួនកូនត្រី, ទំហំ និងដង់ស៊ីតេកូនត្រី មានខ្លឹមសារដូចខាងក្រោម។