Home / កសិកម្ម / ហេតុអ្វីបានជាដីរឹង?

ហេតុអ្វីបានជាដីរឹង?

កសិករខ្មែរយើងនៅគ្រប់ទីកន្លែងតែងនិយាយថា ដីអីឡូវចេះតែរឹង​ឬឡើងក្តាំងហើយភាគច្រើនគេតែងគិតថា ដីរឹងមកពីប្រើជីគីមី ហើយបើចង់ឲ្យដីផុសត្រូវប្រើជីធម្មជាតិ។ តើដីរឹងមកពីការប្រើជីគីមីឬទេ? តើការប្រើជីធម្មជាតិនាំឲ្យដីផុសមែនឬទេ? បើមែនតើមកពីហេតុអ្វី ?

ដីដែលផុស គឺជាដីដែលសំបូរទៅដោយសារធាតុសរីរាង្គ (កាកសំណល់សត្វ និងរុក្ខជាតិ) ហើយតាមរយៈ​ សារធាតុសរីរាង្គនេះហើយ ដែលគ្រាប់ដីស្អិតជាប់គ្នាជាដុំតូចៗគរលើៗគ្នា ហើយដែលធ្វើឲ្យដីផុសល្អ (ជាពិសេសដីឥដ្ឋ)។ សំខាន់ជាងនេះទៅទៀតដី​ដែលផុស គឺដោយសារសកម្មភាពរបស់សត្វល្អិតជាច្រើនដូចជា ជន្លេន​ និងសត្វល្អិតដទៃទៀតដែលយើងមិនអាចមើលឃើញបានតាម​រយៈ​ភ្នែកធម្មតា (ភាសាបច្ចេកទេស គេហៅថា មីក្រូសរីរាង្គ ឬមីក្រូសារពាង្គកាយ គឺអ្វីដែលអាចមើលឃើញតាមរយៈកែវពង្រីក)។ ប៉ុន្តែសត្វល្អិតនេះអាចមានជីវិត​ និងអាចធ្វើសកម្មភាពបានទាល់តែមានសារធាតុសរីរាង្គ ឬជីធម្មជាតិ (ស្លឹកឈើ ចំបើង ស្មៅ អាចម៍គោ) ពីព្រោះសារធាតុទាំងនេះជាចំណីរបស់វា។

ដូចនេះបើយើងប្រើជីធម្មជាតិបានគ្រប់គ្រាន់និងគ្រប់រដូវ ដីរបស់យើងច្បាស់ជាមិនជួបបញ្ហារឹង ឬឡើងក្តាំងឡើយ។​ ផ្ទុយទៅ​វិញការប្រើជីគីមី គឺវាគ្រាន់តែនាំសារធាតុចិញ្ចឹម២-៣​មុខប៉ុណ្ណោះ តែមិនបាននាំសារធាតុសរីរាង្គ និងចំណីដល់សត្វល្អិតដែលរស់នៅក្នុងដីទេ។ ការប្រើតែជីគីមីដោយមិនមានការប្រើជីធម្មជាតិ វាមិនខុសពីមនុស្ស យើងដែលលេបតែថ្នាំបំប៉ន ឬថ្នាំប៉ូវ តែមិនហូបបាយ បន្លែ សាច់អញ្ចឹងដែរ។

ហេតុនេះដើម្បីជួយឲ្យដីយើងមានជីជាតិនិងផុសបានល្អ យើងត្រូវតែនាំគ្នាសន្សំ និងប្រើជីធម្មជាតិឲ្យបានច្រើន។ ដីដែលមានជីជាតិល្អគឺជាដីសំបូរទៅដោយមីក្រូសរីរាង្គ ដែលយើងអាចមើលឃើញសត្វល្អិតមានជីវិតជាច្រើនតាមរយៈកែវពង្រីក (សត្វល្អិតនេះអាចជួយធ្វើឲ្យដីផុសមានជីជាតិ)៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបសង់បង្គន់ចាក់ទឹក

សព្វថ្ងៃមានគ្រួសារខ្មែរមួយចំនួនមិនទាន់មានបង្គន់បន្ទោបង់នៅឡើយ ហើយមានគ្រួសារខ្លះទៀតបំរុងនឹងធ្វើ។ ដើម្បីចូលរួមចំណែកជួយបងប្អូនមួយផ្នែកក្នុងការសាងសង់បង្គន់នេះ សហគមន៍សម្បូរសប្បាយ សូមបង្ហាញអត្ថបទនិយាយអំពីរបៀបធ្វើបង្គន់ចាក់ទឹក ដូចខាងក្រោម។