Home / កសិកម្ម / ជីវភាពគ្រួសារបងស្រី គាំ កី បានផ្លាស់ប្តូរពីយ៉ាប់យ៉ឺនមកមានចំណូលប្រចាំថ្ងៃ ដោយចាប់យកជំនាញដាំបន្លែជាលក្ខណៈគ្រួសារ

ជីវភាពគ្រួសារបងស្រី គាំ កី បានផ្លាស់ប្តូរពីយ៉ាប់យ៉ឺនមកមានចំណូលប្រចាំថ្ងៃ ដោយចាប់យកជំនាញដាំបន្លែជាលក្ខណៈគ្រួសារ

បងស្រី គាំ កី ជាកសិកររស់នៅភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ គាត់និងគ្រួសារជាកសិករធ្វើស្រែបន្តិចន្តួចដែលជា​កេររបស់ឪពុកម្តាយបានចែកឲ្យ។ទំនេរពីរដូវធ្វើស្រែចម្ការ ប្តីរបស់គាត់ទៅធ្វើជាកម្មករសំណង់ រីឯបងស្រីវិញនៅផ្ទះមើលកូនតូចម្នាក់មានអាយុ២ខួប (២០១៩) និងឆ្លៀតពេលធ្វើកន្ត្រកលក់បានប្រាក់បន្តិចបន្តួចដោះស្រាយជីវភាព។

គាត់បានរៀបរាប់យ៉ាងដូច្នេះ «ខ្ញុំនិងប្តីរបស់ខ្ញុំទទួលបានចំណងដៃជាកូនប្រុសស្រីពីរនាក់ ដែលកូនច្បងស្រីមានអាយុ៥ឆ្នាំ និងកូនប្អូនប្រុសមានអាយុ២ឆ្នាំ។ ដោយសារជីវភាពមិនសូវធូរធារពួកយើងក៏បានរស់នៅក្នុងស្ថានភាពមួយរកព្រឹកខ្វះល្ងាច រក​បាន​​ល្ងាចខ្វះព្រឹក ដែលសូម្បីតែទីជម្រកក៏មិនមានសមរម្យនឹងគេដែរ​។  ស្ថិតក្នុងផ្ទះខ្ទមដ៏តូចជាមួយនិងកូនប្រុសម្នាក់ (កូនស្រីយកទៅផ្ញើយាយ) ប្តីរបស់ខ្ញុំបានទៅធ្វើការនៅខាងក្រៅផ្ទះជាកម្មករសំណង់ជារៀងរាល់ថ្ងៃ (ចេញព្រឹក ចូលល្ងាច) ដោយអាចរកបានប្រាក់​កម្រៃពីការលក់​កម្លាំង​ពល​កម្មក្នុងមួយថ្ងៃ ៣៥.០០០រៀល»។

សូមបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០១៨ អង្គការសេដាក បានចុះទៅផ្សព្វផ្សាយពីគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ដោយមានជំនួយពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈអង្គការវីនរ៉ក់ (Winrock)។ តាមរយៈគម្រោងនេះ អង្គការសេដាក បានផ្តល់ទុនជាមុខរបរខ្នាតតូចដល់គ្រួសារក្រីក្រក្នុងភូមិដោយគ្រួសាររបស់​បងស្រី គាំ កី ទទួលបានពូជត្រីប្រាចំនួន ៨០០ក្បាល និងពូជបន្លែមួយចំនួន។ តាមរយៈនេះខាងបុគ្គលិកអង្គការសេដាក បានចុះជួយជាលក្ខណៈបច្ចេកទេសដាំដុះ និងចិញ្ចឹមសត្វដល់គ្រួសាររបស់បងស្រីជាប្រចាំខែ។ មួយខែក្រោយមកនៃការផ្តល់ជាទុន មុខ​របរខ្នាតតូចគ្រួសាររបស់គាត់បានលក់បន្លែមួយចំនួនដោយមានអ្នកភូមិមកទិញដល់ផ្ទះតែម្តង ដោយមួយថ្ងៃអាចរកប្រាក់ចំណូលបានពី ១៥.០០០រៀល ទៅ ៣០.០០០រៀល។

ក្រោយពីបានទទួលការគាំទ្រពីគម្រោងនេះមក គ្រួសាររបស់បងស្រី គាំ កី បានផ្លាស់ប្តូរពីស្ថានភាពយ៉ាប់​យ៉ឺន​មកមានចំណូលប្រចាំថ្ងៃវិញដោយរួមចំណែកជាមួយលុយរបស់ប្តីផងដែរ។ ក្រោយពីមានអ្នកទិញមកដល់ទីកន្លែងបែបនេះ ធ្វើឲ្យគាត់មានការសប្បាយចិត្តក្នុងកាដាំ ដោយពុំចាំបាច់ខ្វាយខ្វល់ពីទីផ្សារឡើយ។ ទៅខែខាងមុខគ្រួសារគាត់នឹងពង្រីកការដាំដុះឲ្យបានច្រើនជាងមុន។ បងស្រីបានថ្លែងអំណរគុណដល់ម្ចាស់ជំនួយ និងអង្គការដៃគូដែលបានជួយកន្លងមក៕

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបសង់បង្គន់ចាក់ទឹក

សព្វថ្ងៃមានគ្រួសារខ្មែរមួយចំនួនមិនទាន់មានបង្គន់បន្ទោបង់នៅឡើយ ហើយមានគ្រួសារខ្លះទៀតបំរុងនឹងធ្វើ។ ដើម្បីចូលរួមចំណែកជួយបងប្អូនមួយផ្នែកក្នុងការសាងសង់បង្គន់នេះ សហគមន៍សម្បូរសប្បាយ សូមបង្ហាញអត្ថបទនិយាយអំពីរបៀបធ្វើបង្គន់ចាក់ទឹក ដូចខាងក្រោម។