Home / កសិកម្ម / ការផ្លាស់ប្តូរមុខដំណាំ ឬការដាំបង្វិល

ការផ្លាស់ប្តូរមុខដំណាំ ឬការដាំបង្វិល

ប្រព័ន្ធដាំដុះនេះ គឺជាការដាំដំណាំប្រភេទខុសគ្នា ដាំបណ្តាក់វេនគ្នាពីរដូវមួយទៅរដូវមួយនៅលើដីតែមួយ ​មានន័យថា ពីរដូវមួយទៅរដូវមួយ គេមិនដាំដំណាំដដែលៗ​លើផ្ទៃដីដដែលនោះទេ។ ការដាំផ្លាស់ប្តូរមុខដំណាំ អាចជួយកាត់បន្ថយការបាត់បង់ជីជាតិដី​ ការខ្វះខាតសារធាតុចិញ្ចឹមសំរាប់រុក្ខជាតិ និងការផ្ទុះចេញនូវជំងឺរបស់រុក្ខជាតិ។

ដើម្បីបង្កើតប្លង់ល្អមួយសំរាប់ដំណាំឆ្លាស់​ កសិករទាំងឡាយត្រូវយល់ដឹងថា ​តើពពួកដំណាំអ្វីត្រូវការជីច្រើន​ឬតិច​ហើយពពួកដំណាំអ្វីដែលធន់នឹងជំងឺបានល្អ ឬមិនបានល្អ។

១. កំរិតនៃការប្រើប្រាស់ជីជាតិរបស់ដី

ឧទាហរណ៍. នៅក្រោយ ឬមុនពេលដាំដំណាំដែលប្រើប្រាស់ជីជាតិច្រើន ជាការសមស្របគឺយើងត្រូវដាំដំណាំដែលប្រើប្រាស់ជីជាតិតិច។ ខាងក្រោមនេះជាការបង្ហាញអំពីប្រភេទដំណាំដែលត្រូវការជីជាតិពីតិចទៅច្រើនតាមលេខរៀងជាបន្តបន្ទាប់៖

ការប្រើប្រាស់ជីជាតិ (ពីតិចទៅច្រើន)

១. ដំណាំពពួកសណ្តែក

២. ដំណាំយកមើម (ការ៉ុត ឆៃថាវ ដំឡូង…)

៣. ដំណាំយកស្លឹក (ផ្ទី​ ស្ពៃ…)

៤. ដំណាំយកផ្លែ (ពោត ត្រប់…)

៥. ដំណាំធញ្ញជាតិ (ស្រូវ ពោត…)

ដំណាំធញ្ញជាតិត្រូវការជីជាតិខ្ពស់ជាងគេ។ ចំណែកពពួកសណ្តែកត្រូវការជីតិចជាងគេ ហើយអាចផ្តល់នូវជី (សារធាតុអាសូត) ឲ្យដីផង ដូច្នេះសំរាប់ការថែរក្សាជីជាតិ គឺត្រូវដាក់ពពួកសណ្តែក ឬពពួកកួរនៅក្នុងការដាំឆ្លាស់ផង។

ឧទាហរណ៍នៃរបៀបដាំ

នៅលើដីមួយដុំ នៅរដូវទី១​យើងដាំបន្លែយកផ្លែឬយកស្លឹក ដូចនេះនៅរដូវទី២ យើងកុំដាក់ពពួកយកផ្លែឬស្លឹកទៀត យើងគួរដូរ​ដាក់ ឧទាហរណ៍. ពពួកសណ្តែក (សណ្តែកទ្រើង ឬពពាយជ្រុង) នៅរដូវបន្ទាប់​យើងគួរតែដាំប្រភេទដំណាំផ្សេងៗទៀត ឧទាហរណ៍. ពពួកដំឡូង។ បន្ទាប់ពីដូរមុខដំណាំបាន២-៣រដូវរួច យើងអាចត្រឡប់មកដាំដំណាំដែលយើងដាំនៅរដូវទី១វិញបានក្នុងករណីនេះ គឺពពួកដំណាំបន្លែយកផ្លែឬស្លឹក ​សូមមើលរូបភាពខាងក្រោម។

ក្នុងការដាំដុះមានដំណាំប្រភេទផ្សេងៗគ្នា មានប្រភេទខ្លះអាចធន់ទ្រាំនឹងការរាតត្បាតពីជំងឺ ហើយប្រភេទខ្លះទៀតមិនអាចធន់ទ្រាំបាន។ ខាងក្រោមនេះជាការបង្ហាញអំពីប្រភេទដំណាំដែលធន់ទ្រាំនឹងជំងឺពីខ្លាំងទៅខ្សោយ។

២. ​ការធន់ទ្រាំនឹងជំងឺ (ពីខ្លាំងទៅខ្សោយ)

១​. ដំណាំធញ្ញជាតិ

២. ដំណាំយកមើម

៣. ដំណាំពពួកសណ្តែក

៤. ដំណាំយកស្លឹក

៥. ដំណាំយកផ្លែ

ដំណាំធញ្ញជាតិ ជាដំណាំដែលធន់ទ្រាំនឹងជំងឺជាងគេ រីឯដំណាំយកផ្លែឧស្សាហ៍ជួបបញ្ហាជំងឺជាងគេ។ ដូចនេះ កសិករគួរតែឧស្សាហ៍ផ្លាស់ប្តូរដំណាំហូបផ្លែ និងយកស្លឹកជាមួយពពួកពោត ឬពពួកដំឡូង។

ហេតុនេះ ដើម្បីឲ្យដីយើងរក្សាជីជាតិបានយូរអង្វែងនិងបញ្ហាជំងឺមិនងាយផ្ទុះ យើងគួរតែអនុវត្តការដាំឆ្លាស់ឬដាំបង្វិល៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបសង់បង្គន់ចាក់ទឹក

សព្វថ្ងៃមានគ្រួសារខ្មែរមួយចំនួនមិនទាន់មានបង្គន់បន្ទោបង់នៅឡើយ ហើយមានគ្រួសារខ្លះទៀតបំរុងនឹងធ្វើ។ ដើម្បីចូលរួមចំណែកជួយបងប្អូនមួយផ្នែកក្នុងការសាងសង់បង្គន់នេះ សហគមន៍សម្បូរសប្បាយ សូមបង្ហាញអត្ថបទនិយាយអំពីរបៀបធ្វើបង្គន់ចាក់ទឹក ដូចខាងក្រោម។