Home / កសិកម្ម / គួរយល់ដឹងពីរបៀបភ្ញាស់ស៊ុតមាន់

គួរយល់ដឹងពីរបៀបភ្ញាស់ស៊ុតមាន់

ដើម្បីឲ្យពងមាន់ញាស់បានច្រើន និងកូនដែលញាស់មកមានសុខភាពល្អ កសិករគួរយល់ដឹងពីរបៀបភ្ញាស់ស៊ុតមាន់ឲ្យបានច្បាស់។ជំហ៊ានដំបូងមុននឹងភ្ញាស់ស៊ុតមាន់ យើងត្រូវធ្វើការជ្រើសរើសស៊ុត (ពង) ជាមុនសិន ដើម្បីឲ្យកូនមាន់ដែលញាស់មកមានសុខភាពល្អ។​ លក្ខណៈជ្រើសរើសពងសំរាប់ភ្ញាស់មានដូចតទៅ៖

១. ការជ្រើសរើសពងសំរាប់ភ្ញាស់

  • ស៊ុតត្រូវស្អាតល្អ គ្មានប្រភពមេរោគឆ្លង
  • ជ្រើសរើសស៊ុត ពីមាន់ដែលមានពូជល្អ
  • ទំរង់​និងសំបកស៊ុតត្រូវឲ្យល្អប្រណិតកុំឲ្យគ្រោតគ្រាត ឬស៊ុតភ្លោះដែលមានពងក្រហម២
  • ស៊ុតត្រូវមានទំងន់ពី ៥០-៩០ក្រាម
  • ត្រូវជ្រើសរើសស៊ុតថ្មី គឺពងថ្ងៃទី១ ដល់ថ្ងៃទី៦
  • បើស៊ុតនោះមានអាយុលើសពី៧ថ្ងៃឡើងទៅ គឺការភ្ញាស់កូនពុំទទួលបានល្អទេ។

២. ការភ្ញាស់ស៊ុត

ជាទូទៅការភ្ញាស់ស៊ុតមាន់មាន២របៀប គឺការភ្ញាស់តាមធម្មជាតិ និងការភ្ញាស់ដោយសិប្បនិមិត្ត។ នៅពេលនេះ យើងខ្ញុំសូមលើកយកការភ្ញាស់តាមធម្មជាតិមកបង្ហាញជូន។

៣. ការភ្ញាស់ដោយធម្មជាតិ

ជាដំបូងយើងត្រូវជ្រើសរើសមេមាន់ដែលធាត់ធំមានសុខភាពល្អ។ តាមធម្មតាមេមាន់មួយ គឺអាចក្រាបពង​បានពី១០-១៥ គ្រាប់។ ចំពោះសំបុកវិញ កសិករច្រើនប្រើល្អី កញ្ជើរ ឬកន្ត្រកធ្វើជាសំបុក ហើយបាតសំបុក មានក្រាល​ចំបើង ឬស្លឹកចេកស្ងួត រួចយកសំបុកទៅដាក់នៅកន្លែងដែលមិនសូវមានពន្លឺថ្ងៃ។​ សំបុកសំរាប់ភ្ញាស់មិនត្រូវប៉ះទឹកភ្លៀង និងកំដៅថ្ងៃក្ដៅពេកទេ ហើយទុកឲ្យបានល្អកុំឲ្យសត្វកណ្ដុរ ក្អែកចូលស៊ីបាន។

៤. មេមាន់ក្រាបពងក្នុងសំបុក

រយៈពលដែលមេមាន់ក្រាបពង គឺមានចំនួន២១ថ្ងៃទើបកូនញាស់។ ក្នុងរយៈពេលនេះ កូនមាន់ដែលទើបនឹងញាស់អាចឆ្លងស្រមើលពីមេមាន់បាន។ ដូច្នេះ ដើម្បីការពាស្រមើល ឬចៃ កុំឲ្យមាននៅលើមាន់ពេល​កំពុងក្រាប យើងគួរមានវិធានការណ៍ការពារជាមុនដោយយកស្លឹកថ្នាំជក់មកកិនឲ្យម៉ដ្ឋ ហើយរោយលើសំបុក និងខ្លួនមាន់។

ក្រោយពីមេមាន់ក្រាបអស់រយៈពេល២០ថ្ងៃ កូនមាន់ញាស់ ហើយចាប់ផ្ដើមចោះសំបក លុះដល់ថ្ងៃទី២១កូនមាន់ញាស់ចេញពីសំបុក ប៉ុន្តែរោមរបស់វានៅសើមៗ។

ដូច្នេះយើងគួរទុកវាបន្តនៅក្នុងសំបុករយៈពេល ១ថ្ងៃទៅ២ថ្ងៃទៅ ដើម្បីឲ្យកូនមាន់ស្ងួតរោម និងមានសុខភាពរឹងប៉ឹងល្អ ទើបយកវាចេញពីសំបុកឲ្យមេមាន់បណ្ដើរ ឬបំបែកចេញពីមេយកទៅចិញ្ចឹមក្លែងផ្សេងទៀតទៅតាមចំណង់៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

 

 

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបសង់បង្គន់ចាក់ទឹក

សព្វថ្ងៃមានគ្រួសារខ្មែរមួយចំនួនមិនទាន់មានបង្គន់បន្ទោបង់នៅឡើយ ហើយមានគ្រួសារខ្លះទៀតបំរុងនឹងធ្វើ។ ដើម្បីចូលរួមចំណែកជួយបងប្អូនមួយផ្នែកក្នុងការសាងសង់បង្គន់នេះ សហគមន៍សម្បូរសប្បាយ សូមបង្ហាញអត្ថបទនិយាយអំពីរបៀបធ្វើបង្គន់ចាក់ទឹក ដូចខាងក្រោម។