Home / កសិកម្ម / ដី ជី ទឹក / ៦សំណួរ និង ៦ចម្លើយ ទាក់ទងនឹងជីកំប៉ុស្ត

៦សំណួរ និង ៦ចម្លើយ ទាក់ទងនឹងជីកំប៉ុស្ត

ការជំរុញឲ្យមានការធ្វើ និងប្រើជីកំប៉ុស្តកំពុងត្រូវបានអនុវត្តដោយកំរោងអភិវឌ្ឍន៍នៅប្រទេសកម្ពុជា​យើង​ក៏ដូចនៅប្រទេសផ្សេងៗដែរ។ តាមពិតការធ្វើ និងប្រើជីកំប៉ុស្តមិនមែនជារឿងថ្មីទេ ពីព្រោះបច្ចេកទេសនេះ​ត្រូវ​បាន​កសិករខ្មែរយើងអនុវត្តយូរ​មកហើយដែរ។ ក៏ប៉ុន្តែអ្បីដែលថ្មី គឺឈ្មោះរបស់ជី និងការកែរលំអខ្លះ​លើរបៀប​អនុវត្ត​ជាលក្ខណៈបុរាណរបស់ខ្មែយើងប៉ុណោះ។

១-តើអ្វីជាជីកំប៉ុស្ត?

ពាក្យកំប៉ុស្ត មិនមែនជាពាក្យខ្មែរ តែបើបកជាភាសាខ្មែរ មានន័យថា ការលាយផ្សំចូលគ្នានូវសារធាតុ​សរីរាង្គ​ដែលរលួយ ឬពុកម៉ដ្ឋ។ ដូចនេះជីកំប៉ុស្តគ្មានអ្វីក្រៅពីជី ដែលផ្សំឡើងដោយកាកសំណល់រុក្ខជាតិ​ សត្វ និងលាមកសត្វ ដែលត្រូវទុកឲ្យពុកម៉ដ្ឋក្នុងរយៈពេលកំណត់មួយ។

២-ហេតុអ្វីបានជាយើងចាំបាច់ធ្វើជីកំប៉ុស្ត

មុននឹងយកកាកសំណល់រុក្ខជាតិ និងលាមកសត្វទៅប្រើជាជី យើងគួរតែទុកឲ្យវាពុករលួយសិន ឬឲ្យ​ក្លាយ​ជាកំប៉ុស្តសិន (តំបន់ខ្លះគេថាទុកឲ្យកាច់សិន) ពីព្រោះវានាំមកនូវផលប្រយោជន៍សំខាន់ៗដូចខាង​ក្រោម​នេះ៖

ជីកំប៉ុស្ត  អាចផ្ដល់សារធាតុចិញ្ចឹមដល់រុក្ខជាតិទាន់ចិត្ត បើប្រៀបធៀបការប្រើជាមួយជីស្រស់ ឬជីដែល​មិន​​បានពុកផុយល្អ។​ ម៉្យាងទៀតដោយជីកំប៉ុស្តផ្សំឡើងពីសារធាតុផ្សេងៗ ដូចនេះប្រភេទសារធាតុចិញ្ចឹម​រុក្ខជាតិ​ដែលមានក្នុងជីកំប៉ុស្ត គឺសំបូរបែបជាងការប្រើជីស្រស់តែមួយមុខ។

ជីកំប៉ុស្ត  នាំមកនូវមីក្រូសរីរាង្គជាច្រើនចូលមកដល់ដី ហើយសត្វទាំងនេះជួយដល់ជីជាតិរបស់ដី។

ជីកំប៉ុស្ត  មិនសូវនាំមកនូវគ្រាប់រុក្ខជាតិផ្សេងៗ ជាពិសេសស្មៅ និងមេរោគជំងឺរុក្ខជាតិផ្សេងៗមកពីដីទេ ពេលយើងប្រើវាដោយពពួកនេះភាគច្រើនត្រូវបានសម្លាប់ក្នុងពេលដែលជីកំពុងពុកឬកំពុងកាច់(ពេលជីចាប់​ផ្តើម​ពុក ពេលនោះមានចំហាយក្តៅចេញមកខ្លាំង ហើយចំហាយក្តៅនេះអាចសម្លាប់គ្រាប់ស្មៅ និងមេរោគ​ផ្សេង​ៗ​បាន)។

ប្រសិនបើយើងប្រើជីស្រស់ (ជាពិសេសលាមកសត្វ) កប់ចូលក្នុងដីវាអាចនាំបញ្ហាដល់ការលូតលាស់​របស់រុក្ខជាតិ ដោយពេលវាចាប់ផ្តើមពុកក្នុងដី គឺវាបញ្ចេញកំដៅ ដែលប៉ះពាល់ដល់ការលូតលាស់របស់ឫសដំាំណាំ។

វត្ថុធាតុដើមសម្រាប់ធ្វើជីកំប៉ុស្ត  សុទ្ធតែជារបស់ដែលមានស្រាប់នៅជុំវិញខ្លួនយើង ដូចនេះមិនទាមទារឲ្យយើងចំណាយលុយសម្រាប់ទិញទេ។

ការធ្វើជីកំប៉ុស្ត  ជួយកាត់បន្ថយបន្ទុកនៃការដឹកជញ្ជូនជីទៅដាក់ស្រែ ពីព្រោះបរិមាណជីដែលត្រូវដឹកវាតិច​ជាងការដឹកទាំងស្រស់។

ការប្រមូលកាកសំណល់រុក្ខជាតិ  និងលាមកសត្វយកមកធ្វើជី ក៏អាចជួយឲ្យយើងសន្សំជីបានច្រើន ហើយ​ថែមទាំងជួយសំអាតដល់បរិស្ថានតាមមូលដ្ឋានផង។

៣-តើវត្ថុធាតុដើមអ្វីខ្លះដែលគេអាចយកមកប្រើធ្វើជាជីកំប៉ុស្តបាន?

តាមពិត រាល់សារធាតុសរីរាង្គទាំងអស់ ដូចជាស្លឹកឈើរបស់រុក្ខជាតិគ្រប់មុខ ចំបើង ស្មៅ កំប្លោក ចក លាមកសត្វផ្សេងៗ ជាវត្ថុធាតុដើមដ៏ល្អសំរាប់ធ្វើជីកំប៉ុស្ត។ ទន្ទឹមនឹងនេះគេក៏អាចប្រើកាកសំណល់បន្លែ ផ្លែឈើ​ដែលសល់ពីផ្ទះបាយ និងតាមទីផ្សារ។ តែគួរចៀសវាងប្រើកាកសំណល់រុក្ខជាតិដែលមានជំងឺបំផ្លាញ។

៤-ដើម្បីឲ្យបានជីកំប៉ុស្តល្អគួរធ្វើដូចម្តេច?

  • ត្រូវប្រើវត្ថុធាតុដើមឲ្យបានច្រើនមុខ ចៀសវាងប្រើតែអាចម៌គោមួយមុខ។
  • ត្រូវលាយពពួកធាតុស្ងួត (ពពួកសំបូរជាតិកាបោន) ឬពពួកសរសៃដូចជាវំបើង ស្មៅងាប់ ស្លឹកឈើងាប់ ជាមួយពពួកសើម ឬពពួកស្រស់ (ពពួកសំបូរជាតិអាសូត) ដូចជា អាចម៌គោ ស្លឹកឈើស្រស់​ជាដើមឲ្យ​បានត្រឹមត្រូវល្អ។ ប្រសិនបើយើងប្រើពពួកធាតុស្ងួត៣ប៉ោត ឬ៣កញ្ច្រែង យើងគួរប្រើពពួកធាតុសើម​២ប៉ោត ឬ២កញ្ច្រែង។
  • យើងអាចដាក់វត្ថុធាតុដើមទាំងអស់ច្របល់ចូលគ្នា ឬរៀបជាស្រទាប់ៗ។ បើរៀបជាស្រទាប់ៗយើងគួរ​ចាប់​​ផ្តើមពីធាតុស្ងួត បន្ទាប់មកធាតុសើមពីលើ រួចយើងអាចរោយដីស្រទាប់លើ ឬដីដំបូក ឬដីបាត​ត្រពាំង​ខ្លះៗពីលើ។
  • ត្រូវឧស្សាហ៍ត្រឡប់ជីដើម្បីឲ្យមានខ្យល់ចេញចូល ពីព្រោះមីក្រូសរីរាង្គមានប្រយោជន៍ដែលរស់​នៅក្នុង​ដី​ត្រូវការខ្យល់ដើម្បីដកដង្ហើម។
  • ប្រសិនបើជីមានសភាពស្ងួត គេត្រូវបន្សើមទឹក តែត្រូវចៀសវាងកុំឲ្យមានភាពជាំទឹកកើតមានឡើង។

៥-តើរណ្តៅ ឬគំនរសំរាប់ធ្វើជីកំប៉ុស្តត្រូវមានទំហំប៉ុនណា?

  • បើយើងធ្វើក្នុងរណ្តៅ យើងអាចជីកជំរៅពី ១ម៉ែត្រ ទៅ១ម៉ែត្រកន្លះ ទទឹងអាចពី១ម៉ែត្រ ទៅ២ម៉ែត្រ ចំពោះ​បណ្តោយវិញគ្មានកំណត់។
  • ប្រសិនបើយើងធ្វើជីកំប៉ុស្តក្នុងទ្រុង គឺទំហំរបស់ទ្រុងក៏មិនខុសពីរណ្តៅដែរ។ ដូចគ្នាដែរ ប្រសិនយើង​ធ្វើជី​កំប៉ុស្តជាគំនរ គឺកំពស់របស់គំនរអាចពី ១ម៉ែត្រ ទៅ២ម៉ែត្រ ហើយទទឹងគំនរអាចពី ១ម៉ែត្រ ទៅ២ម៉ែត្រ ចំណែកប្រវែងរបស់បណ្តោយគ្មានកំណត់ទេ។

៦-តើជីកំប៉ុស្តដែលមានគុណភាពល្អ មានលក្ខណៈយ៉ាងដូចម្តេច?

គេអាចសំគាល់ជីដែលល្អតាមលក្ខណៈដូចខាងក្រោមនេះ៖

  • មានក្លិនល្អ (មិនស្អុយ ឬឆ្អេះ)
  • មិនក្តៅ
  • ជីម៉ដ្ឋរលួយចូលគ្នាអស់ ដោយមិនអាចឲ្យយើងមើលស្គាល់បានថា តើធាតុណាជាអ្វី?
  • មានស្នាមសត្វល្អិតរស់នៅ ឬមានសត្វល្អិតរស់នៅច្រើន៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបធ្វើសួនរង្វង់

១-អ្វីទៅជាសួនរង្វង់? សួនរង្វង់ជាសួនមួយដែលមានរណ្តៅដូចបាតខ្ទះ ហើយមានរងដំណាំព័ន្ធជុំវិញរណ្តៅ។ នៅ​ក្នុងរណ្ដៅ គេដាក់សារធាតុសរីរាង្គ ហើយ​តាមរងជុំវិញរណ្តៅនោះ គេអាចដាំដំណាំច្រើន​ប្រភេទ។