Home / កសិកម្ម / វិធីហាលគ្រាប់ពូជបន្លែ

វិធីហាលគ្រាប់ពូជបន្លែ

ជាការចាំបាច់ណាស់សំរាប់គ្រាប់ពូជបន្លែក្រោយពីប្រមូលផលហើយ ចំពោះគ្រាប់បន្លែណាដែលយើងទុកពូជ យើងគួរហាលវាឲ្យបានស្ងួតល្អសិន ទើបយើងរក្សាទុកសំរាប់ដាំនៅរដូវក្រោយទៀត ហើយគ្រាប់នោះនឹងដុះបានល្អ។ ការហាលនេះគឺដើម្បីកាត់បន្ថយនូវសំណើមដែលមានក្នុងគ្រាប់ឲ្យនៅទាប ហើយនៅក្នុងរយៈពេលដែលយើងរក្សាទុកគ្រាប់ពូជ គឺវាមិនដុះផ្សិតដែលបង្កឲ្យកើតជាជំងឺ ឬក៏មានការបំផ្លាញពីសត្វល្អិត។

ដូច្នេះដើម្បីឲ្យគ្រាប់ពូជ មានគុណភាពល្អសំរាប់ដាំរដូវក្រោយ យើងគួរយល់ពីរបៀបហាលឲ្យបានត្រឹមត្រូវដូចខាងក្រោម៖

របៀបហាលគ្រាប់ពូជ

១-យើងមិនត្រូវហាលគ្រាប់ពូជលើកន្ទេលផ្ទាល់នឹងដីទេ ព្រោះដើម្បីការពារការចម្លងមេរោគពីដីមកគ្រាប់ពូជ ដែលជាហេតុធ្វើឲ្យគុណភាពគ្រាប់ថយចុះ។ យើងត្រូវយកកំណល់មកកល់ពីក្រោមសំរាប់ហាល។

២-យើងគួរប្រើសំភារៈហាលដូចជា កន្ទេល ក្រណាត់ សំពត់ ស្បោងឬថង់ កញ្ច្រែង។ល។ ដើម្បីឲ្យខ្យល់វាចេញចូលពីក្រោមបានល្អ និងឆាប់ស្ងួត។

៣-មិនត្រូវហាលគ្រាប់ពូជឆាប់ពេកទេ ពីព្រោះវានាំឲ្យដំណុះគ្រាប់ថយចុះ។ ការហាលឆាប់ពេកសំណើមក្នុងគ្រាប់សល់ច្រើន ជាហេតុធ្វើឲ្យគ្រាប់ពិបាកក្នុងការបឺតស្រូបយកទឹកនៅពេលដាំ។ ប្រសិនបើសំណើមដែលមាន​នៅក្នុងគ្រាប់ដំបូងវាខ្ពស់ យើងត្រូវហាលគ្រាប់ពូជនៅក្នុងម្លប់ចំនួន២ថ្ងៃសិន មុននឹងយកទៅហាលនៅក្រោមពន្លឺព្រះអាទិត្យ។ យើងមិនត្រូវហាលគ្រាប់ពូជក្រោមកំដៅព្រះអាទិត្យចាប់ពីម៉ោង១១ថ្ងៃត្រង់ ដល់ម៉ោង២រសៀលឡើយ។ ព្រោះក្នុងរយៈពេលនេះមានកំដៅខ្លាំង វាអាចធ្វើឲ្យគ្រាប់ពូជថយចុះនូវដំណុះ ឬក៏មិនដុះតែម្តង។

៤-យើងត្រូវព្រាចគ្រាប់លើកន្ទេលឲ្យស្តើង ហើយឧស្សាហ៍យកដៃជ្រោយត្រឡប់វាយ៉ាងហោចណាស់ក៏ ៤ទៅ៥​ដងក្នុងមួយថ្ងៃ ដើម្បីឲ្យគ្រាប់ឆាប់ស្ងួតល្អ។

៥-យើងត្រូវប្រមូលគ្រាប់ពូជទុកមុនពេលភ្លៀងឬមេឃខ្មៅ​ដើម្បីការពារកុំឲ្យគ្រាប់ត្រូវសំណើម។

តើយើង​កំណត់យ៉ាងដូចម្តេចដើម្បីឲ្យដឹងថា គ្រាប់ពូជដែលយើងហាលនោះបានស្ងួតត្រឹមត្រូវ?

១-គ្រាប់ពូជដែលយើងប្រមូលផលនៅពេលទុំល្អ គឺគ្រាប់របស់វាស្ងួតមានសំណើមតិចតូចប៉ុណ្ណោះ។ នៅក្នុង​គ្រាប់​នៅពេលដែលយើងហាលក្រោមពន្លឺព្រះអាទិត្យអស់រយៈពេល២-៣ថ្ងៃមកគ្រាប់ពូជស្ងួត។ ប្រសិនបើគ្រាប់ពូជដែលយើងប្រមូលមកវានៅមានសំណើមច្រើន ឬក៏យើងលាងវាមុនយកទៅហាល យើងគួរ​ហាលវាក្រោមម្លប់ចំនួន១-២ថ្ងៃសិនមុននឹងយកទៅហាលក្រោមពន្លឺព្រះអាទិត្យចំនួន៣-៥ថ្ងៃ។

២-គ្រាប់ពូជដែលនៅមានសំណើម និងគ្រាប់ពូជស្ងួតវាមានសំឡេងផ្សេងគ្នា គឺ​យើងអាចពិសោធន៍បានដូច​តទៅ៖

  • ជាទូទៅ គ្រាប់ពូជស្ងួត វានឹងប្រេះបែកជាមួយសំឡេងគ្រូបៗ​នៅពេលដែលយើងយកម្រាម​ដៃទាំងពីរ​មកសង្កត់វា ឬយកដបមកកិនពីលើវា។
  • ជាទូទៅ គ្រាប់ដែលធ្ងន់មានសំណើមច្រើន វានឹងប្រេះបែកជាមួយនឹងសំឡេងជ្រិចៗ នៅពេលដែល​យើងខាំវាដោយធ្មេញ។ ហើយជៀសវាងកុំធ្វើដូចនេះចំពោះគ្រាប់រឹងនាំឲ្យបាក់ធ្មេញ។
  • ប្រសិនបើយើងហាលគ្រាប់ពូជបានស្ងួតល្អនៅពេលយើងរោយវា វាធ្លាក់មកឮសូរសំឡេងច្រឹងៗ។

សរុបមក ប្រសិនបើយើងហាលគ្រាប់ពូជបានស្ងួតល្អ អាចឲ្យយើងថែរក្សាទុកបានយូរ គ្រាប់ដុះបានស្រុះគ្នា និង​កូនដំណាំក៏មានសុខភាពរឹងមាំ យើងនឹងទទួលបានផលច្រើន៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

លោកអ្នកដែលចូលចិត្តបរិភោគទុរេន អាចមានឱកាសទិញទុរេនខ្មែរបានក្នុងតម្លៃ១២០០០/១គីឡូ

ដោយមើលឃើញពីនិន្នាការប្រជាពលរដ្ឋខ្មែរភាគច្រើនចូលចិត្តបរិភោគទុរេន ប៉ុន្តែទុរេនធម្មជាតិនៅលើទីផ្សារមានតម្លៃខ្ពស់ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរអ្នកចូលចិត្តបរិភោគទុរេន ពុំមានលទ្ធភាពក្នុងការទិញយកមកបរិភោគបាន។