Home / ព័ត៌មាន / អ្វីជាកម្មវិធី សហគមន៍គាំទ្រកសិកម្ម ឬ CSA?

អ្វីជាកម្មវិធី សហគមន៍គាំទ្រកសិកម្ម ឬ CSA?

នៅក្នុងប្រទេសកម្ពុជាគេមិនសូវបានឮ និងដឹងច្រើនទេពីកម្មវិធីមួយដែលមានឈ្មោះថា CSA ដែលជាភាសាខ្មែរហៅថា សហគមន៍គាំទ្រកសិកម្ម។

នាយិកាអង្គការសេដាក អ្នកស្រី តុង ចាន់ធាង បានឱ្យដឹងថា CSA គឺជាប្រព័ន្ធមួយដែលកសិករ ឬអ្នកផលិត លក់ផលិតផលទៅដល់អតិថិជន ឬអ្នកបរិភោគដោយផ្ទាល់ ហើយអ្នកបរិភោគជួយគាំទ្រទៅកសិករវិញតាមរយៈការទិញផលិតផលដោយបង់​លុយមុន។ ហើយកសិករយកលុយនោះទៅធ្វើការដាំដុះ ឬក៏ផលិតអាហារសម្រាប់លក់មកឱ្យអតិថិជនវិញ។

នាយិការូបនេះថ្លែងបន្តថា «ប្រព័ន្ធ(CSA)ហ្នឹង គឺជាប្រព័ន្ធមួយដែលជួយគាំទ្រទៅដល់កសិករ ជាពិសេសកសិករខ្នាតតូចដូចនៅប្រទេសកម្ពុជាអ៊ីចឹង។ ព្រោះកសិករខ្នាតតូចគឺគាត់មានការលំបាកក្នុងការរកទីផ្សារលក់ផលិតផលរបស់គាត់ ហើយអ្នកបរិ​ភោគ​ក៏មានការលំបាកក្នុងការរកផលិតផលដែលមានគុណភាពល្អសម្រាប់គាត់យកទៅបរិភោគ។ អ៊ីចឹង! កសិករ ហើយនឹងអ្នកបរិភោគ គេធ្វើការសហការណ៍គ្នាក្នុងការផលិត និងទិញផលិតផលរបស់កសិករ»។

យ៉ាងណាក៏ដោយអ្នកស្រីបញ្ជាក់ឱ្យដឹងថា កន្លងមកអង្គការសេដាកបានអនុវត្តកម្មវិធីនេះយូរមកហើយដែរ ប៉ុន្តែមិនមែនជាទម្រង់ CSAហ្នឹងសុទ្ធសាធទេ។ ព្រោះសេដាកកន្លងមកបានសម្របសម្រួលទីផ្សារឱ្យកសិករលក់កសិផលមកទីផ្សារជាមួយអតិ​ថិ​ជនដែលជាប្រភេទអតិថិជនគាំទ្រផលិតផលសរីរាង្គ ដែលគាត់ស្រឡាញ់សុខភាព ស្រឡាញបរិស្ថាន។ ប៉ុន្តែពុំមានការបង់លុយមុន។ អ៊ីចឹងការធ្វើកន្លងមកសេដាកមិនបានធ្វើលក្ខណៈប្រព័ន្ធ CSA ពេញលេញទេ។

បើតាមអ្នកស្រីតុង ចាន់ធាង អង្គការសេដាក គឺបានអនុវត្តកម្មវធីនេះជាង១០ឆ្នាំមកហើយ ដោយតាំងពីឆ្នាំ២០០៤ មកម្លេះ ប៉ុន្តែសេដាកផ្តោតទៅលើរកទីផ្សារសរីរាង្គ ដោយអត់បានគិតថាជាប្រព័ន្ធ CSA ឬក៏អីទេ គ្រាន់តែថាធ្វើម្តេចឱ្យកសិករគាត់ផលិតបានមកលក់នៅក្នុងតម្លៃមួយខ្ពស់ជាងតម្លៃផលិតផលធម្មតាដែលជាផលិតផលមិនមែនជាកសិផលសរីរាង្គ។

លោក Ravael Julio Loho ជានិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Virginia សហរដ្ឋអាមេរិក ផ្នែកវិទ្យាសាស្ត្រកសិកម្ម បានថ្លែងឱ្យដឹងដែរថា គោលបំណងរបស់ CSA គឺចង់ឱ្យមានទំនាក់ទំនងរវាងក្រុមអ្នកផលិតទៅនឹងក្រុមអ្នកទិញ ហើយធ្វើយ៉ាងណា​ឱ្យមានការជឿជាក់ពីអ្នកទិញ ហើយធ្វើយ៉ាងណាឱ្យកសិករនោះគាត់មានថវិកាក្នុងការផលិត។ នៅក្នុងសហរដ្ឋអាមេរិក ការអនុវត្ត CSAនេះ គឺមានភាពជោគជ័យណាស់ ដោយសារមានមនុស្សជាច្រើនយល់ដឹងពី CSA។ លោកបន្តថា នេះជាគំនិតមួយថ្មី ប៉ុន្តែមនុស្សជាច្រើនយល់ដឹងពីគំនិតទាំងអស់ហ្នឹង ហើយគាត់ចាប់អារម្មណ៍គំនិតទាំងអស់ហ្នឹង។ ដូច្នេះវាពិតជាមានសារសំខាន់ណាស់ដែលធ្វើឱ្យអ្នកទាំងអស់នោះគាត់យល់អំពី CSAថាតើ CSA មានដំណើរការរបៀបយ៉ាងម្តេចដែរ?

និស្សិតរូបនេះថ្លែងថា «សារសំខាន់ចម្បងមួយដែលអ្នកបរិភោគទទួលបានពី CSAនោះ គឺគាត់ទទួលបានផលិតផលដែលមានគុណភាព ហើយផ្តល់នូវសុខភាព មិនប៉ះពាល់ដល់សុខភាពរបស់គាត់ ហើយ CSA ផងដែរក៏ផ្តល់ឱ្យអ្នកបរិភោគជឿជាក់អំពីប្រភពនៃផលិតផលដែលគាត់បរិភោគហ្នឹង»។

ជាគោលការណ៍ CSA ហ្នឹងគាំទ្រ ឬក៏ធ្វើការផ្តោតសំខាន់ទៅលើផលិតផលសរីរាង្គ ដោយសារផលិតផលសរីរាង្គវាផ្តល់នូវគុណប្រយោជន៍ដែលធ្វើឱ្យសុខភាពល្អ ហើយមួយវិញទៀត CSA គឺផ្តោតសំខាន់ឱ្យតម្លៃយ៉ាងខ្លាំងការងារធ្វើការនៅក្នុងតំបន់ សម្រាប់ក្រុមកសិករ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក រ៉ាវ៉ាអែល (Ravael)។

អង្គការសេដាក ដែលជាអង្គការមួយគាំទ្រដល់ការផលិតស្បៀងអាហារតាមបែបលក្ខណៈសរីរាង្គ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំសិក្ខាសាលាមួយ ស្តីពី សហគមន៍គាំទ្រកសិកម្ម ដែលភាសាអង់គ្លេសថា Community Supported Agriculture។ សិក្ខាសាលានេះត្រូវបានរៀបចំឡើង ដើម្បីធ្វើការចែករំលែកនូវបទពិសោធន៍ពីការរៀចំ CSA (សហគមន៍គាំទ្រកសិកម្ម) នៅក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមចែករំលែកពីនិស្សិតមកពីសហរដ្ឋអាមេរិក៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។