Home / ព័ត៌មាន / អ្នកជំនាញអភិរក្សប្រាសាទបុរាណខ្មែរ ចែករំលែកបទពិសោធន៍និងចំណេះដឹងដល់អ្នកជំនាញថៃ

អ្នកជំនាញអភិរក្សប្រាសាទបុរាណខ្មែរ ចែករំលែកបទពិសោធន៍និងចំណេះដឹងដល់អ្នកជំនាញថៃ

តាមគេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា អ្នកជំនាញអភិរក្សប្រាសាទបុរាណខ្មែរចំនួនបីរូបនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា ត្រូវាបាននាយកដ្ឋានវិចិត្រសិល្បៈថៃ អញ្ជើញចូលរួមសិក្ខាសាលាស្តីអំពី “ការស្វែងយល់អំពីបច្ចេកទេសបុរាណនិងការប្រើសម្ភារៈបុរាណ ដើម្បីជួសជុលប្រាសាទឥដ្ឋនៅតំបន់អង្គរ” នៅខេត្តសាកែវ (ប្រទេសថៃ) កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩កន្លងមកនេះ។


ក្នុងសិក្ខាសាលានេះ អ្នកជំនាញខ្មែរទាំងបីរូបមាន៖ លោក លី វណ្ណា បុរាណវិទូនិងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ, លោក តាន់ សុផល អ្នកអភិរក្សឥដ្ឋ និងលោក ហួន សុខជាតិ វិស្វករ បានចែករំលែកបទពិសោធន៍ ចំណេះដឹងអំពីបច្ចេកទេសបុរាណ និងការប្រើសម្ភារៈបុរាណដើម្បីជួសជុលប្រាសាទបុរាណសាងអំពីឥដ្ឋដល់អ្នកជំនាញថៃជាង៣០នាក់ ដែលកំពុងបម្រើការងារនៅក្នុងវិស័យបេតិកភណ្ឌវប្បធម៌ មកពីការិយាល័យប្រចាំតំបន់ទូទាំងប្រទេសនៃនាយកដ្ឋានវិចិត្រសិល្បៈនៃប្រទេសថៃ។


លោក លី វណ្ណា បានឱ្យដឹងថា សិក្ខាសាលានេះគឺផ្តើមចេញពីការយល់ឃើញថា ដើម្បីអភិរក្សនិងជួសជុលប្រាសាទមួយឱ្យរក្សាបាននូវតម្លៃដើម យើងត្រូវប្រើបច្ចេកទេសបុរាណនិងសម្ភារៈបុរាណគួបផ្សំជាមួយនឹងតម្រូវការក្នុងពេលចាំបាច់នៃការប្រើបច្ចេក​ទេសនិងសម្ភារៈទំនើបដែលមិនប៉ះពាល់ដល់លក្ខណៈសម្បត្តិបុរាណរបស់ប្រាសាទ។ នេះក៏ដោយសារកន្លងមក ការជួសជុលប្រាសាទឥដ្ឋនៅប្រទេសថៃប្រើបាយអរដែលជាល្បាយបានមកពីការលាយបញ្ចូលគ្នានៃខ្សាច់ កំបោរ និងស៊ីម៉ង់តិ៍ផតឡែនដ៍ពណ៌សដើម្បី​បិទ បៀក និងភ្ជាប់ឥដ្ឋ។ ការប្រើប្រភេទល្បាយស៊ីម៉ង់តិ៍ដូចនេះ មិនត្រូវគ្នាជាមួយឥដ្ឋបុរាណឡើយ ដោយសារសម្ភារៈសំណង់ទាំងពីរប្រភេទនេះមានលក្ខណៈរឹងមាំខុសគ្នាខ្លាំង ម៉្យាងទៀតស៊ីម៉ង់តិ៍អាចនាំមកនូវការកកើតអំបិលបំផ្លាញដល់ឥដ្ឋបុរាណនៃប្រាសាទ។


លោកបុរាណវិទូរូបនេះបន្តថា កត្តានេះហើយដែលនាយកដ្ឋានវិចិត្រសិល្បៈនៃប្រទេសថៃមានកង្វល់យ៉ាងខ្លាំងអំពីបញ្ហានៃការប្រើស៊ីម៉ង់តិ៍ ហើយក៏ងាកមកគិតអំពីការរិះរកមធ្យោបាយប្រើបច្ចេកទេសជួសជុលប្រាសាទឥដ្ឋតាមបែបបុរាណនិងប្រើបាយអរបុរាណ។ល។ ទើបនាយកដ្ឋានវិចិត្រសិល្បៈនៃប្រទេសថៃផ្តួចផ្តើមគំនិតរៀបចំសិក្ខាសាលានេះឡើង ដើម្បីយកបច្ចេកបុរាណនេះទៅអនុវត្តនៅក្នុងគម្រោងជួសជុលប្រាសាទខាវលួនដែលជាប្រាសាទឥដ្ឋមួយមិនទាន់ដឹងកាលបរិច្ឆេទច្បាស់លាស់ស្ថិតនៅក្នុងស្រុកតាប្រាយ៉ានៃខេត្តសាកែវ។


សូមបញ្ជាក់ថា នេះជាលើកទី១ដែលអ្នកជំនាញអភិរក្សប្រាសាទបុរាណខ្មែរបានបំពេញបេសកកម្មជាប្រវត្តិសាស្រ្តលើកដំបូងនិងជាទីមោទនភាពសម្រាប់ប្រទេសកម្ពុជា ដែលមានធនធានមនុស្សដ៏មានសមត្ថភាពក្នុងការផ្តល់នូវចំណេះដឹង បទពិសោធន៍អំពីការជួសជុលប្រាសាទឥដ្ឋក្នុងតំបន់អង្គរទៅកាន់អន្តរជាតិ៕

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។