Home / កសិកម្ម / ការប្រើ ជីកំប៉ុស្ត ទៅលើទឹក (ស្រះ ឬ ត្រពាំង)

ការប្រើ ជីកំប៉ុស្ត ទៅលើទឹក (ស្រះ ឬ ត្រពាំង)

តាមបទពិសោធន៍របស់យើងទទួលបាន ជីកំប៉ុស្តជាសារធាតុមួយដែលអាចប្រើសម្រាប់ឲ្យទឹកត្រពាំង ស្រះ ប្រឡាយ ថ្លាបានល្អ និងបង្កលក្ខខណ្ឌយ៉ាងល្អដល់ការលូតលាស់របស់រុក្ខជាតិ និងសត្វដែលរស់នៅក្នុងទឹក​។ ខាងក្រោមនេះ ជាបទពិសោធន៍មួយចំនួនសម្រាប់លោកអ្នកយកទៅអនុវត្តពិសោធន៍តាម៖

១-ផលប្រយោជន៍ផ្សេងៗ

ការប្រើជីកំប៉ុស្តវាធ្វើឲ្យទឹកថ្លាល្អ ទន្ទឹមនឹងនេះក៏ផ្តល់ជាចំណី និងលក្ខខណ្ឌល្អដល់ត្រី វារីរុក្ខជាតិផ្សេង​ៗដូចជា ព្រលិត ត្រកួន កញ្ឆែត ដែលរស់នៅក្នុងត្រពាំង និងស្រះក៏មានការលូតលាស់ល្អ។ ដូចនេះ បរិមាណបន្លែក៏អាចកើតឡើងដែរ។

លើសពីនេះទៅទៀត ទឹកដែលមាននៅក្នុងស្រះ ត្រពាំង ប្រសិនបើយកទៅស្រោចដំណាំ គឺវាអាចជួយឲ្យដំណាំមានការលូតលាស់ល្អជាងទឹកដែលល្អក់។ ជាធម្មតាកាលណាមានទឹកថ្លា រុក្ខជាតិ និងសត្វលូត​លាស់បានល្អវាក៏ជួយបង្កើននូវសម្រស់នៃបរិស្ថានជុំវិញផ្ទះរបស់យើងដែរ។

២-បរិមាណដែលត្រូវប្រើ

ចំពោះទឹកដែលមានចំណុះមួយម៉ែត្រត្រីគុណ គេអាចប្រើជីកំប៉ុស្តពី ៦ទៅ១០គីឡូក្រាម ដោយវាអាស្រ័យទៅលើកំរិតល្អក់របស់ទឹក និងលក្ខណៈផ្ទាល់របស់ដី។ ឧទាហរណ៍ បើយើងមានត្រពាំងទទឹង៤ម៉ែត្រ បណ្តោយ៨ម៉ែត្រ ហើយមានទឹកជំរៅ២ម៉ែត្រ មានន័យថា ត្រពាំងយើងមានចំណុះ៦៤ម៉ែត្រត្រីគុណ​។ ក្នុងករណីនេះ បរិមាណជីកំប៉ុស្តដែលត្រូវប្រើ គឺអាចពី ៣៨៤ ទៅដល់ ៦៤០គីឡូក្រាម ឬប្រហែលពី ១រទេះកន្លះ ដល់៣រទេះ។

យើងសូមបញ្ជាក់ផងដែរថា ការប្រើជីកំប៉ុស្តច្រើន ឬតិច វាអាស្រ័យកំរិតល្អក់នៃទឹក និងបរិមាណជីដែលមាន។ ជាទូទៅបើប្រើតិចពេកទឹកមិនសូវថ្លា បើប្រើច្រើនពេកវាអាចខាតជី ពីព្រោះបើទឹកថ្លាហើយយើងថែមជីទៀត ក៏វាមិនមានការប្រែប្រួលអ្វីគួរឲ្យចាប់អារម្មណ៍ទេ ហើយថែមទាំងធ្វើឲ្យខូចគុណភាពទឹកដោយសារលើសសារធាតុចិញ្ចឹម និងហប់ខ្យល់។

៣-ពេលវេលាដែលត្រូវប្រើ

យើងបាចជីកំប៉ុស្តទ្រាប់បាតស្រះ ត្រពាំង នៅដើមរដូវវស្សា តែប្រសិនបើយើងខ្វះខាតជីយើងអាចបាចខ្លះសិន រួចហើយចាំបាចបន្ថែមនៅពេលក្រោយ។ ការបាចបន្ថែមនៅពេលក្រោយអាចធ្វើនៅពេលណាក៏បានដែរតែយើងត្រូវប៉ាន់ស្មាននូវបរិមាណជីឲ្យបានជាក់លាក់ទៅតាមកំរិតដែលគួរប្រើ។

ក្នុងកំឡុងពេលដែលទឹកមានក្នុងស្រះ ប្រសិនបើយើងសង្កេតឃើញថា ទឹករាងប្រែពណ៌ល្អក់ខ្លះ ដោយសារមានភ្លៀងធ្លាក់មកបន្ថែម យើងអាចបាចជីកំប៉ុស្តបានខ្លះៗថែមទៀត។

៤-បញ្ហាដែលត្រូវយកចិត្តទុកដាក់

យើងត្រូវប្រើជីកំប៉ុស្តជាក់លាក់ មានន័យថា ជីដែលផ្សំពីធាតុផ្សេងៗ ហើយពុក ឬបំបែកធាតុបានល្អ។ ជាធម្មតាកាលណាយើងប្រើជីកំប៉ុស្តគឺស្រះ ត្រពាំងឆាប់រាក់។ ដូចនេះពេលយើងបាចចាប់ត្រីនៅចុង   រដូវប្រាំង យើងជីកប្រមូលយកដីបាតស្រះ ត្រពាំងមកប្រើចាក់លើដីសួន ឬចម្ការរបស់យើង។ វាជាជីយ៉ាងល្អសំរាប់ដំណាំរបស់លោកអ្នក៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបធ្វើសួនរង្វង់

១-អ្វីទៅជាសួនរង្វង់? សួនរង្វង់ជាសួនមួយដែលមានរណ្តៅដូចបាតខ្ទះ ហើយមានរងដំណាំព័ន្ធជុំវិញរណ្តៅ។ នៅ​ក្នុងរណ្ដៅ គេដាក់សារធាតុសរីរាង្គ ហើយ​តាមរងជុំវិញរណ្តៅនោះ គេអាចដាំដំណាំច្រើន​ប្រភេទ។