Home / កសិកម្ម / បទពិសោធន៍ការចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិ (កសិករ នេត ពុធឆាយ)

បទពិសោធន៍ការចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិ (កសិករ នេត ពុធឆាយ)

ប្អូនប្រុស​ នេត​ ពុតឆាយ រស់នៅភូមិព្រាល ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានបទពិសោធន៍ ល្អក្នុងការចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិ។ ក្រោយពីការចិញ្ចឹមមាន់អស់រយៈពេល១០ខែ​ ប្អូនទទួល បានប្រាក់ចំណូល ៥៣២.០០០រៀល ដែលបានពីការលក់មាន់ កូនមាន់ និងពងមាន់។ ពីមុនបានត្រឹមតែការហូបចុកក្នុងគ្រួសារប៉ុណ្ណោះ។

១. ទីតាំងសំរាប់សាងសង់ទ្រុង

ជ្រើសរើសប្រភេទដីទួលមិនលិចទឹកនៅរដូវភ្លៀងហើយទីតាំងមិននៅឆ្ងាយពីផ្ទះពេក​ ដើម្បីងាយ ស្រួលថែទាំ។ ទីធ្លាចិញ្ចឹមមាន់មានបរិយាកាសល្អ (ពន្លឺ ម្លប់ ខ្យល់ចេញចូលល្អ)។

២. ធ្វើរបងព័ទ្ធជុំវិញទីធ្លា និងការសាងសង់ទ្រុង

  • ទ្រុងសំរាប់មាន់ដេក មានទំហំចាប់ពី ២,៨X៦ម៉ែត្រ ធ្វើពីឫស្សី​និងបង្គោលឈើ ដំបូលមានប្រក់ស្លឹកកណ្តប ។ នៅក្នុងទ្រុងមានទ្រនំសម្រាប់មាន់ដេក មានសំបុកសម្រាប់មាន់ក្រាបពង ទ្រុងបំបែកកូនមាន់ ឬទ្រុងក្រុង ( មានធ្វើពីសំណាញ់មានទំហំ ៦X១,២ម៉ែត្រ មានកំពស់០,៦ម៉ែត្រពីដី ហើយកំពស់ទ្រុង ០,៥ម៉ែត្រ ខ័ណ្ឌជាបីថត)។
  • ការធ្វើរបងព័ទ្ធជុំវិញទីធ្លា របងធ្វើពីរបាព្រិចដែលព័ទ្ធជុំវិញដីទំហំ ​៣៥​​X២៥ម៉ត្រ និងមានដាំរុក្ខជាតិដូចជា ដំឡូងមី សណ្តែកអង្រែ ស្វាយ ចេក ស្លឹកគ្រៃ ដើមស្តៅ កន្ទំថេត អង្កាញ់ ននោង ត្រឡាច ជាដើម។

៣. ការជ្រើសរើសពូជមាន់ចិញ្ចឹម

ពូជមាន់ដែលគាត់ជ្រើសរើសមកចិញ្ចឹមមានលក្ខណៈដូចខាងក្រោម៖

  • មេ មានពណ៌ចំរុះ ជើងរមៀត មានទម្ងន់ ១,៥គីឡូក្រាម ឡើងទៅមានពងច្រើន។
  • បា មិនជាន់ឈាមមានទំងន់ ២​,៥គីឡូក្រាម ពូកែជាន់មេរហ័សរហួន និងកូនមានសុខភាពល្អ។

៤. ចំណី និងការផ្សំចំណី

ចំណីសំរាប់មាន់បែងចែកជាពីរគឺ មាន់ចាប់ពី៣ថ្ងៃរហូតដល់១ខែ និងចាប់ពី១ខែដល់លក់។ សំរាប់មាន់ដែលមានអាយុចាប់ពី ៣ថ្ងៃ​រហូតដល់១​ខែ ចំណីផ្សំឡើងពី៖

  • អង្ករលីងយកទៅកិន ១គីឡូក្រាម
  • កន្ទក់ ៥គីឡូក្រាម
  • ម្សៅកូនត្រី ១គីឡូក្រាម
  • ស្ករត្នោត​ ០,៣គីឡូក្រាម។

របៀបផ្សំ

យកវត្ថុធាតុផ្សំទាំងអស់ ទៅច្របល់ជាមួយគ្នាឲ្យសព្វ បន្ទាប់់មកយកឲ្យស៊ីផ្ទាល់តែម្តងដោយឲ្យ ៣-៤ ថ្ងៃម្តង។ ក្រៅពីនោះអាចផ្តល់ជន្លេនក្រហម និងកណ្តៀរ ឲ្យស៊ី២ដង​ក្នុង​១សប្តាហ៍។ បន្ទាប់ពីការផ្តល់ចំណីនេះរយៈពេល១ខែ គាត់សង្កេតឃើញថា កូនមាន់១ក្បាល មានទម្ងន់ចាប់ពី ២,៥ខាំ ទៅ ៣ខាំ។

សំរាប់​​មាន់អាយុ​១ខែ ដល់លក់ ចំណីផ្សំឡើងពី៖ កន្ទក់២គីឡូក្រាម ស្រូវត្រាំ១គីឡូក្រាម​​ ស្លឹកដំឡូងមី និងត្រកួន០,៥គីឡូក្រាម​ ត្រីផ្អាប់០,២គីឡូក្រាម។ បរិមាណផ្សំនេះស្មើនឹង៣,៧គីឡូក្រាម​ សំរាប់ឲ្យស៊ី៣ដងក្នុងមួយថ្ងៃសំរាប់មាន់៥០ក្បាល។

៥. ការថែទាំ និងអនាម័យ

ចំពោះការថែទាំកូនមាន់ ពេលដាក់មាន់ពីសំបុក រក្សាទុកកូនមាន់រយៈពេល២៤ម៉ោង ទើបឲ្យស៊ីចំណី។ ប៉ុន្តែក្នុងចន្លោះពេលនេះត្រូវយកទឹកលាយជាមួយស្ករត្នោតឲ្យវាផឹកផង។ ដោយក្រុងជាមួយមេរយៈពេល១៥ថ្ងៃ។ សំរាប់សំបុកមាន់ ត្រូវឧស្សាហ៍បោសសំអាតដើម្បីកុំឲ្យលាមក ក្លាយជាមេរោគដល់មាន់​ ពិសេសត្រូវឧស្សាហ៍បាចកំបោរសនៅពេលមានផ្ទុះ​និងមុនពេលផ្ទុះជម្ងឺក្នុងហ្វូងម្តងៗ។ មានវិធីម៉្យាងក្នុងការធ្វើថ្នាំសំរាប់ជំនួយ ដើម្បីការពារកុំឲ្យមាន់មានកើតជំងឺដែលមានធាតុផ្សំដូចខាងក្រោម៖

មើមខ្ញី១គីឡូក្រាម មើមខ្ទឹមស០,៥គីឡូក្រាម ស្ករត្នោត០,៣គីឡូក្រាម។

របៀបធ្វើ  យកមើមខ្ញីទៅបុកឲ្យម៉ដ្ឋបញ្ចូលគ្នា រួចយកស្ករត្នោតមកលាយជាមួយគ្នាឲ្យសព្វ។

ការរក្សាទុក  ត្រូវរក្សាទុករយៈពេល​​១៥ថ្ងៃ ទើបអាចយកទៅប្រើប្រាស់បាន។

របៀបប្រើ  ​ត្រូវបន្តក់ទឹកថ្នាំ១សេសេ សម្រាប់មាន់ធំ និង​០,៥សេសេ​ សម្រាប់កូនមាន់។

៦. ការព្យាបាល

បើនៅពេលចិញ្ចឹមមាន់មានជួបប្រទះអាការៈអន់ចំណីត្រូវផ្សំថ្នាំដូចនេះ យកត្រួយស្តៅ បណ្តូលស្លឹកគ្រៃទៅហាន់ រួចបុកឲ្យម៉ដ្ឋ។ បន្ទាប់មកយកទឹកទៅចាក់បន្តិចឲ្យមានលក្ខណៈខាប់តិចៗ។ រួចពូតយកទឹកនោះទៅបន្ទក់១សេសេ សំរាប់មាន់មួយក្បាលរយៈពេល៣ថ្ងៃ ធ្វើម្តង។

៧. ការលក់

ឆ្លងតាមការចិញ្ចឹមរយៈពេល១០ខែកន្លងទៅឃើញថា ​គាត់មិនដែលជួបប្រទះនូវបញ្ហាអ្វីនោះទេ។ ក្រៅពីការហូបក្នុងគ្រួសារ​ គាត់អាចទទួលបានប្រាក់ចំណូល ៤៥៧.០០០រៀល ក្នុងការលក់មាន់ធំ និងលក់កូនមាន់បាន ៣០.០០០រៀល ​និងលក់ពងមាន់ ៤៥.០០០រៀលទៀតផង។ ចំណូលសរុបក្នុងរយៈពេល ១០ខែ ទទួលបាន​ ៥៣២.០០០រៀល។

៨. ចំណាប់អារម្មណ៍របស់កសិករ

ក្រោយពីការចិញ្ចឹមទទួលបានជោគជ័យមក ប្អូនប្រុសមានចំណាប់អារម្មណ៍ថា ការចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិមានលក្ខណៈល្អប្រសើរជាងការចិញ្ចឹមតាមទំលាប់ ព្រោះឃើញថាមិនចំណាយថវិកា ទិញចំណី ហើយមានការថែទាំត្រឹមត្រូវធ្វើឲ្យមាន់មិនឆ្លងជំងឺ ឬងាប់ច្រើន ដូចកាលពីមុន។ ទៅថ្ងៃមុខប្អូននឹង ពង្រីកការចិញ្ចឹមមាន់នោះឲ្យបានច្រើនដើម្បីដោះស្រាយជីវភាពគ្រួសារ៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបសង់បង្គន់ចាក់ទឹក

សព្វថ្ងៃមានគ្រួសារខ្មែរមួយចំនួនមិនទាន់មានបង្គន់បន្ទោបង់នៅឡើយ ហើយមានគ្រួសារខ្លះទៀតបំរុងនឹងធ្វើ។ ដើម្បីចូលរួមចំណែកជួយបងប្អូនមួយផ្នែកក្នុងការសាងសង់បង្គន់នេះ សហគមន៍សម្បូរសប្បាយ សូមបង្ហាញអត្ថបទនិយាយអំពីរបៀបធ្វើបង្គន់ចាក់ទឹក ដូចខាងក្រោម។